ទូរសព្ទអេក្រង់បង្វិល LG Wing បានប្រកាសចេញជាផ្លូវការហើយ ជាមួយបន្ទះឈីប Snapdragon 765G​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុនបច្ចេកវិទ្យាមកពី ប្រទេសកូរ៉េខាងត្បូង LG បានសម្រេចចិត្តធ្វើការប្រកាសចេញ ទូរសព្ទឆ្លាតអេក្រង់បង្វិល LG Wing ជាផ្លូវការហើយ បន្ទាប់ពីបានលេចធ្លាយ ជិតអស់សព្វគ្រប់រួចមក និងមានលក្ខណៈសម្បត្តិ ហាក់បីដូចជា របាយការណ៍ចេញមុនៗពិតមែន។ ខណៈពេលដែល ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Samsung និង Huawei បានប្រើប្រាស់អេក្រង់បត់ ដើម្បីប្រែក្លាយឲ្យទៅជា ទូរសព្ទឆ្លាតសម្រាប់ពេលអនាគត ដោយឡែក LG ក៏ដើរលើផ្លូវផ្ទាល់ខ្លួនវិញ ជាមួយនឹងអេក្រង់បង្វិលបែបនេះ។

អេក្រង់ខាងក្រៅរបស់ម៉ូឌែល LG Wing គឺមានទំហំ 6.8 ជាប្រភេទ OLED ទំហំ 6.8 អ៊ីញ ហើយនៅពេលយើងបង្វិលវា 90 ដឺក្រេទៅលើ នោះនឹងចេញអេក្រង់នៅខាងក្នុងមួយទៀត ដែលមានទំហំប្រមាណ 3.9 អ៊ីញ ទុកសម្រាប់ធ្វើជាកន្លែងបញ្ជា ផ្ទៃអេក្រង់នៅពីខាងលើ ជាមួយមុខងារច្រើនគួរសម។ ឧបករណ៍ថា យើងអាចបើកបង្ហាញកម្មវិធីកាមេរ៉ា នៅផ្ទៃអេក្រង់ខាងលើជាលក្ខណៈ Viewfinder ហើយប្រើប្រាស់អេក្រង់តូចនៅខាងក្រោម ដើម្បីបញ្ជាចុចថត ឬកំណត់អ្វីមួយបានភ្លាម។ លើសពីនេះទៅទៀត វាត្រូវបានក្រុមហ៊ុន LG ហៅវាថា Swivel Mode ហើយវាក៏អាចប្រើប្រាស់ អេក្រង់តូចនៅខាងក្រោម ធ្វើជាដៃបញ្ជាលេងហ្គេម និងដាក់បង្ហាញហ្គេមទាំងនោះ នៅលើអេក្រង់ធំខាងលើបាន ឬប្រើប្រាស់កម្មវិធីចំនួន 2 ក្នុងពេលតែមួយជាដើម។

ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ យើងឃើញមានប្រើប្រាស់ឈីប Snapdragon 765G ដែលអាចគាំទ្របច្ចេកវិទ្យា 5G បាន ក៏ដូចជាមានរ៉េមទំហំ 8GB + អង្គផ្ទុកទិន្នន័យទំហំ 256GB ជាមួយថាមពលថ្មទំហំ 4,000mAh, កន្លែងស្កេនម្រាមដៃលើអេក្រង់ និងអាចសាកថ្មឥតខ្សែ។ ផ្នែកខ្នងខាងក្រោយរបស់វា មានបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់ដូចជា កាមេរ៉ាដើមទំហំ 64MP + លេនទូលាយធម្មតា Ultrawide ទំហំ 13MP + លេនទូលាយប្រភេទ “Gimbal Mode” ទំហំ 12MP សម្រាប់ប្រើប្រាស់នៅពេលបើក Swivel Mode ប៉ុណ្ណោះ។ វាក៏មានកាមេរ៉ាខាងមុខទំហំ 16MP ជាប្រភេទផុសឡើងចេញពីតួខ្លួនទូរសព្ទតែម្ដង។

នាពេលបច្ចុប្បន្ននេះ LG គ្រាន់តែបានបញ្ជាក់ប្រាប់ថា ទូរសព្ទឆ្លាតអេក្រង់បង្វិលរបស់ខ្លួន កំពុងត្រៀមនឹងដាក់លក់ នៅឯសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ ដោយមិនទាន់បង្ហើបប្រាប់ឲ្យដឹងពី តម្លៃដាក់លក់ជាផ្លូវការរបស់ខ្លួននៅឡើយនោះទេ។ ក្រុមការងារយើង នឹងចែករំលែកព័ត៌មានបន្ថែមទៀត ទៅដល់ប្រិយមិត្តទាំងអស់ នៅពេលដែលទូរសព្ទឆ្លាតមួយនេះ មកដល់ដៃរបស់ពួកយើង ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ LG
អត្ថបទទាក់ទង