នេះជារូបភាពគម្រូរបស់ទូរសព្ទឆ្លាត OnePlus 8T ទើបតែបែកធ្លាយ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកាសចេញទូរសព្ទឆ្លាតថ្មីមួយម៉ូឌែលផ្សេងទៀត ស្ថិតនៅក្នុងត្រកូល T ហើយវាត្រូវបានគេបានរំពឹងថានឹងមានឈ្មោះជាផ្លូវការហៅថា OnePlus 8T។ ផ្អែកទៅតាមដំណឹងដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា OnePlus 8T អាចនឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងចន្លោះចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ 2020 ខាងមុខនេះតែម្តង។

ខណៈពេលដែល OnePlus 8T មិនទាន់បានបង្ហាញខ្លួនជាផ្លូវការផងនោះ ស្រាប់តែក្នុងថ្ងៃនេះ រូបភាពគម្រូជាច្រើនសន្លឹករបស់វាត្រូវបានលេចឡើងមកតាមរយៈគណនីបណ្តាញសង្គម Twitter របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ OneLeak ឲ្យយើងបានឃើញតែម្តង។ តាមរយៈរូបភាពគម្រូទាំងអស់នេះ បានធ្វើឲ្យយើងដឹងថា សម្រាប់ផ្នែកខាងមុខ OnePlus 8T នឹងបំពាក់មកជាមួយអេក្រង់លាតរាបស្មើ អមមួយលេនទម្លុះអេក្រង់មួយគ្រាប់ (អាចនឹងមានទំហំ 32MP) ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ។ ចំណែកឯផ្នែកខាងក្រោយវិញ OnePlus 8T នឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ារាងចតុកោណកែង ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ តម្រៀបជារាងអក្សរ L គួបផ្សំជាមួយភ្លើង LED Flash មួយគ្រាប់ផងដែរ។ តាមរយៈប្រភពខាងដដែលនេះ ក៏បានធ្វើឲ្យយើងដឹងផងដែរថា OnePlus 8T អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.55 អ៊ីញ ប្រភេទ Fluid AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ជាមួយអេក្រង់ Refresh Rate 120Hz ថែមទៀតផង។ 

ជាងនេះទៅទៀត យើងក៏បានដឹងបន្ថែមទៀតថា ក្នុងចំណោមកាមេរ៉ាក្រោយ 4 គ្រាប់ របស់ OnePlus 8T មានមួយគ្រាប់គឺជាលេនគោលទំហំ 48MP, មួយគ្រាប់ជាលេនទូលាយ (Ultra Wide) ទំហំ 16MP, មួយគ្រាប់ទៀតជាលេន Macro ទំហំ 5MP និងមួយគ្រាប់ចុងក្រោយគេជា Depth Sensor ទំហំ 2MP។ បន្ថែមពីនេះ OnePlus 8T ក៏អាចនឹងបង្ហាញជាមកជាមួយបន្ទះឈីប Snapdragon 865 ក៏ដូចជាថ្មទំហំ 4,500mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 65W ផងដែរ។

ដោយ​ ៖ OnLeaks
អត្ថបទទាក់ទង