របាយការណ៍ថ្មីបញ្ជាក់ថា Samsung ទទួលបានការកុម្ម៉ង់ឲ្យផលិតឈីប Snapdragon 875 ពី Qualcomm ទាំងស្រុងតែម្ដង​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ប្រហែលជាជាងមួយខែមុន យើងធ្លាប់ទទួលបានដំណឹងថា Samsung នៅតែជួបបញ្ហាទៅលើការផលិតទ្រង់ទ្រាយធំនៃឈីបទំហំ 5nm ដដែល ហើយពេលនោះ ក៏មានគេរាយការណ៍ថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ អាចនឹងបាត់បង់ឱកាស ក្នុងការផលិតឈីបកំពូលទំហំ 5nm ឲ្យ Qualcomm សម្រាប់ឆ្នាំក្រោយទៀតផង ពោលគឺឈីប Snapdragon 875 នេះឯង។ យ៉ាងណាក៏ដោយ ពេលនេះយើងទទួលបានដំណឹងថ្មីមួយទៀត ដែលបង្ហាញផ្ទុយពីពេលមុន ពោលគឺប្រភពមួយបញ្ជាក់ថា Qualcomm បានសម្រេចឲ្យ Samsung ក្លាយជាអ្នកផលិតឈីប Snapdragon 875 របស់ខ្លួនទាំងស្រុងតែម្ដង។

មិនខុសទេ បើតាមរបាយការណ៍ថ្មី ចេញពីប្រភពក្នុងប្រទេសកូរ៉េខាងត្បូងមួយឈ្មោះ Hankyung បានបញ្ជាក់ឲ្យដឹងថា Samsung នឹងក្លាយជាអ្នកដែលទទួលរ៉ាប់រងនូវការផលិតឈីប Snapdragon 875 ឲ្យ Qualcomm ទាំងស្រុងតែម្ដង ដោយផ្នែកលើស្ថាបត្យកម្ម 5nm EUV របស់គេនឹងឯង។ មិនត្រឹមតែប៉ុណ្ណោះទេ គេក៏បានដឹងពីតម្លៃដែល Qualcomm ត្រូវចំណាយឲ្យ Samsung ដែរ និយាយឲ្យចំទៅ គឺខ្ទង់ប្រមាណជាជាង 884 លានដុល្លាអាមេរិកឯណោះ សម្រាប់ការផលិតនោះ ហើយកាន់តែពិសេស ការរាយការណ៍ខាងលើ ក៏បានបញ្ជាក់ដែរថា នេះជាលើកដំបូងហើយសម្រាប់ Samsung ដែលទទួលរ៉ាប់រងនូវការផលិតឈីបកំពូលឲ្យ Qualcomm ទាំងស្រុងបែបនេះ ព្រោះថារាល់ដង Qualcomm បានកុម្ម៉ង់ឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ផលិតត្រឹមតែមួយផ្នែកប៉ុណ្ណោះ។ សម្រាប់មូលហេតុ ដែលលើកនេះ Qualcomm បានកម្ម៉ង់ឲ្យ Samsung ផលិតទាំងស្រុង ហើយមិនទាក់ទងទៅកាន់ TSMC នោះ គឺអាចដោយសារតម្លៃតែម្ដង ព្រោះមានគេបញ្ជាក់ថា Samsung អាចផលិតឈីបបាន ក្នុងកម្រិតគុណភាពប្រហាក់ប្រហែលគ្នាជាមួយ TSMC ដែរ ប៉ុន្តែគេយកថ្លៃផលិតនោះ ទាបជាង TSMC ទៀតផង។

គួរបញ្ជាក់ដែរ ឈីប Snapdragon 875 នេះដែរ ត្រូវបានគេរំពឹងថា នឹងត្រូវ Qualcomm ប្រកាសចេញ ក្នុងខែធ្នូខាងមុខនេះ ដូចរាល់ឆ្នាំអញ្ចឹង ហើយក៏អាចនឹងបង្ហាញខ្លួននៅលើទូរសព្ទឆ្លាតជាផ្លូវការ ចាប់ពីដើមឆ្នាំ 2021 ទៅ ពោលគឺក្នុងអំឡុងត្រីមាសទី 1 ទៅតែម្ដង។ និយាយរួមមកវិញ បើតាមការបង្ហាញខាងលើនេះ គឺអាចបញ្ជាក់បានថា ជាដំណឹងល្អមួយចេញពី Samsung ព្រោះនេះជាលើកដំបូង ដែលគេទទួលបានការទុកចិត្តពី Qualcomm ដោយកុម្ម៉ង់ឲ្យផលិតឈីបកំពូលទាំងស្រុងតែម្ដង ដែលខុសពីរាល់ដង គឺក្រុមហ៊ុនឌីស្សាញឈីបអាមេរិកនេះ តែងតែកុម្ម៉ង់ឲ្យ Samsung ផលិតមួយផ្នែក និងទៅខាង TSMC មួយផ្នែកទៀត។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង