ព័ត៌មានថ្មីបញ្ជាក់ថា iPhone 12 នឹងត្រូវធ្វើការដាក់លក់ចាប់ពីថ្ងៃទី 16 កញ្ញាខាងមុខនេះតទៅ​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

យើងទាំងអស់គ្នាប្រាកដជាបានដឹងរួចមកហើយថា ក្រុមហ៊ុន Apple មានគម្រោងនឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយ ដើម្បីធ្វើការប្រកាសចេញ ផលិតផលជំនាន់ថ្មីៗជាច្រើនរបស់ខ្លួន នៅថ្ងៃទី 15 ខែកញ្ញា ស្អែកនេះតែម្ដង។ នៅក្នុងព្រឹត្តិការណ៍នោះដែរ Apple មិនត្រូវបានគេរំពឹងថានឹងធ្វើការដាក់បង្ហាញ iPhone 12 ជំនាន់ចុងក្រោយនោះទេ ហើយផ្ទុយទៅវិញ គេបានគិតថាក្រុមហ៊ុនខាងលើ អាចនឹងធ្វើការប្រកាសចេញ Apple Watch Series 6 និង iPad Air 4 ជំនួសវិញ។

ដោយឡែក ក្នុងពេលនេះ បើយោងតាមរបាយការណ៍ថ្មីមួយ ពីប្រទេសចិនបានបង្ហាញថា ក្រុមហ៊ុន Pinduoduo បានធ្វើការផុសជួនដំណឹងជាមុន អំពីការមកដល់នៃទូរសព្ទ iPhone ជំនាន់ថ្មីរបស់ Apple ទៀតផង។ លើសពីនេះទៅទៀត ក្រុមហ៊ុនចិនមួយនេះ បានធ្វើការកំណត់ថ្ងៃចេញលក់សម្រាប់ iPhone 12 នៅប្រទេសចិន នឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី 16 ខែកញ្ញាខាងមុខនេះថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ យើងមិនអាចធ្វើការបញ្ជាក់បានថា ការអះអាងនេះរបស់ Pinduoduo គឺត្រឹមត្រូវនោះទេ ពីព្រោះវាគ្រាន់ជាព័ត៌មានបែកធ្លាយតែប៉ុណ្ណោះ។ មួយវិញទៀត វាដូចជាមិនអាចទៅរួចនោះទេ ដែលថា iPhone 12 ស៊េរីថ្មី អាចនឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិន នៅចុងសប្តាហ៍នេះ។ ម៉្យាងវិញទៀត Apple ធ្លាប់បានបញ្ជាក់រួចហើយថា ទូរសព្ទ iPhone 12 ដែលនឹងចេញលក់នៅឆ្នាំនេះអាចនឹងមានវត្តមាន នៅប៉ុន្មានសប្តាហ៍ក្រោយទៀតឯណោះ ហើយក៏មានរបាយការណ៍ជាច្រើន បានអះអាងថាទូរសព្ទ iPhone ជំនាន់ថ្មី នឹងត្រូវដាក់លក់ចាប់ពីខែតុលាតទៅផងដែរ។ 

គួររំលឹកថា យោងតាមរបាយការណ៍កន្លងមក គេរំពឹងថា Apple នឹងធ្វើការដាក់បង្ហាញ Apple Watch Series 6, iPad Air ជំនាន់ថ្មី, Apple TV, HomePod, AirTags និងកាសស៊េរីថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ ដែលនឹងធ្វើឡើងនៅថ្ងៃទី 15 ខែកញ្ញាស្អែកនេះ។ សរុបមកវិញ យើងក៏មិនអាចសន្និដ្ឋានបានថា នៅក្នុងព្រឹត្តិការណ៍នោះ Apple នឹងប្រកាសចេញផលិតផលអ្វីខ្លះនោះទេ ឬអាចមានវត្តមានរបស់ iPhone 12 ដែរក៏អាចថាបាន។ ដូច្នេះ ដើម្បីដឹងថាតើមានអ្វីផ្សេងទៀត ដែលនឹងត្រូវប្រកាសចេញនៅថ្ងៃស្អែកនេះ យើងមានតែរង់ចាំទស្សនាការបើកព្រឹត្តិការណ៍ជាផ្លូវការពី Apple ផ្ទាល់ប៉ុណ្ណោះ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង