realme Narzo 20 Series ជំនាន់ថ្មី នឹងភ្ជាប់មកជាមួយថាមពលថ្មធំ គួបផ្សំបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Dart Charging​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

ដូចប្រិយមិត្តបានដឹងហើយថា Narzo ជាត្រកូលទូរសព្ទឆ្លាតស៊េរីថ្មីមួយផ្សេងទៀតរបស់ realme ដែលនាំយកមកនូវកម្លាំងម៉ាស៊ីនលើតារាងកំពូល និងផលិតឡើងជាពិសេសសម្រាប់ក្មេងជំទង់ ក្នុងសម័យបច្ចេកវិទ្យានេះ។ ហើយ realme បានណែនាំវាមកលើទីផ្សារលើកដំបូង នៅអំឡុងខែឧសភាកន្លងទៅនេះ ជាមួយឈ្មោះហៅផ្លូវការថា Narzo 10 និង Narzo 10A និងត្រូវបានប្ដូរឈ្មោះទៅ realme 6i និង realme C3 ដើម្បីដាក់លក់ក្នុងទីផ្សារសកលផងដែរ។  

បើទោះបី realme ជាក្រុមហ៊ុនមួយ ដែលមានអាយុកាលវ័យក្មេងជាងគេ ប៉ុន្តែ យើងសង្កេតឃើញថា សន្ទុះនៃការរីកចម្រើនរបស់ស្លាកយីហោមួយនេះ ពិតជាកើនឡើងលឿនគួរឲ្យកត់សម្គាល់។ ដោយសារតែមានការគាំទ្រច្រើនពីអតិថិជន ជាពិសេស នៅលើទីផ្សារប្រទេសឥណ្ឌាតែម្តង ទើបធ្វើឲ្យវិស័យទូរសព្ទឆ្លាតរបស់ពួកគេ ចេះតែដើរឆ្ពោះទៅមុខរហូត និងភ្ជាប់មកនូវបច្ចេកវិទ្យាថ្មីៗ តាមទាន់សម័យជានិច្ច។ ទន្ទឹមនឹងនេះដែរ ក្រោយពីបានបញ្ចេញទូរសព្ទ Narzo ជំនាន់ដំបូង អស់មួយរយៈពេលរួចមក ស្រាប់តែថ្ងៃនេះ ក្រុមហ៊ុនខាងលើ បានប្រកាសចេញថ្ងៃ សម្រាប់ដាក់បង្ហាញខ្សែស្រឡាយបន្ទាប់របស់ Narzo ឬត្រូវបានហៅថា Narzo 20 Series ដោយនឹងធ្វើឡើងនៅថ្ងៃទី 21 ខែកញ្ញាឆាប់ៗខាងមុខ តាមរយៈ Live Stream លើគណនី YouTube Channel ផ្លូវការរបស់ខ្លួនផ្ទាល់។ លើសពីនេះ តាមរយៈរូបភាព Poster នោះ ក៏បានបង្ហាញពីរចនាបថរូបរាងខាងក្រោយ នៃ Narzo 20 Series រហូតដល់ទៅ 3 ម៉ូឌែល ជាមួយម៉ូតកាមេរ៉ាខុសៗគ្នា ខណៈ 2 ម៉ូឌែល ត្រូវបានឌីហ្សាញភ្ជាប់នូវសេនស័រស្កេនម្រាមដៃនៅផ្នែកខាងក្រោយដូចគ្នា។

សរុបមក ទូរសព្ទឆ្លាតជំនាន់ថ្មី Narzo 20 Series អាចនឹងបែងចែកចេញជា 3 ម៉ូឌែល រួមមាន Narzo 20, Narzo 20A និង Narzo 20 Pro យ៉ាងណា ក្នុងពេលបច្ចុប្បន្ន មិនទាន់មានតម្រុយពីលក្ខណៈសម្បតិ្តផ្សេងៗរបស់ពួកវានៅឡើយទេ គ្រាន់តែគេជឿថា នឹងបំពាក់មកជាមួយថាមពលថ្មធំជាងមុន ក៏ដូចជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Dart Charging របស់ realme ផ្ទាល់។ ចំណែកឯវត្តមានផ្លូវការ នៃទូរសព្ទឆ្លាតក្រោមត្រកូល Narzo ជំនាន់ថ្មីមួយនេះ នឹងមានវត្តមាននៅលើទីផ្សារឥណ្ឌាមុនគេ ទើបបានចូលទៅដល់ទីផ្សារផ្សេងៗទៀត ប៉ុន្ដែ យើងសង្ឃឹមថានឹងអាចឃើញរូបរាងពិតរបស់វា ក្នុងពេលឆាប់ៗនេះ។

ដោយ​ ៖ Gadgets 360
អត្ថបទទាក់ទង