ទូរសព្ទជំនាន់ចុងក្រោយរបស់ Google អាចនឹងមានឈ្មោះហៅថា Pixel 5s?​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

កាលពីសប្ដាហ៍មុននេះ យើងបានធ្វើការបង្ហាញម្ដងរួចមកហើយ អំពីព័ត៌មានបែកធ្លាយទាក់ទងទៅនឹងទូរសព្ទ Google Pixel 5 ជំនាន់ចុងក្រោយ ដែលត្រូវបានគេប្រទះឃើញរូបភាព បែកធ្លាយនៅខាងក្រៅដោយផ្ទាល់តែម្ដង។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលរូបភាពប៉ុន្មានសន្លឹកនោះ បានបង្ហាញថាទូរសព្ទជំនាន់ចុងក្រោយរបស់ Google អាចនឹងមានឈ្មោះផ្លូវការហៅថា Pixel 5s មិនមែន Pixel 5 នោះទេ។

ដោយឡែក រហូតមកដល់ពេលនេះ ស្រាប់តែមានប្រភពលេចធ្លាយថ្មី នៅលើបណ្ដាញសង្គម Twitter ឈ្មោះ Jos Antonio Ponton បានបង្ហោះរូបភាពរបស់ទូរសព្ទ Pixel 5s ម្ដងទៀត និងបានបង្ហាញអោយយើងឃើញចរនាបថខាងមុខរបស់វា កាន់តែច្បាស់ថែមទៀត។ បើមើលតាមរយៈរូបភាព 3 សន្លឹកនេះដែរ បានបង្ហាញអោយឃើញរចនាបថផ្ទៃខាងមុខ នៃទូរសព្ទ Pixel 5s ដែលមើលទៅមានអេក្រង់លាតពេញ និងរំលេចដោយម៉ូតបែបទម្លុះអេក្រង់ សម្រាប់ផ្ទុកកាមេរ៉ាមុខ 1 គ្រាប់ ដូចគ្នាទៅនឹង Pixel 4a អញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ នៅលើអេក្រង់ទូរសព្ទនោះដែរ ថែមទាំងបានបង្ហាញអោយយើងឃើញពីទំហំផ្ទុកទិន្នន័យរបស់វាទៀតផង ដោយបង្ហាញថា Pixel 5s នឹងមានជម្រើសអង្គផ្ទុកត្រឹម 128GB ពិតមែន។ លើសពីនេះ បើយើងមើលទៅលើគែមអេក្រង់របស់ Pixel 5s នេះ ឃើញថាវាមានគែមទាំង 4 ជ្រុងស្ទើរតែខ្លីស្មើគ្នាដូចនឹង iPhone 11 Pro ទៅហើយ ដែលមិនមានសល់គែមខាងក្រោមធំដូច Pixel 4a ឡើយ។

ក្រៅពីនេះកន្លងមក Pixel 5s ត្រូវបានគេរំពឹងថា អាចនឹងបំពាក់មកជាមួយបន្ទះឈីប 5G ត្រឹមលំដាប់បង្គួរ គឺ Snapdragon 765G គួបផ្សំជាមួយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនត្រឹម 128GB ប៉ុណ្ណោះ ហើយវាក៏ប្រហែលមិនអាចធ្វើការបន្ថែមទំហំផ្ទុកពីខាងក្រៅបានឡើយ។ មួយវិញទៀត បើយោងតាមព័ត៌មានចុងក្រោយ បានបង្ហាញថា Google Pixel 4a 5G និង Pixel 5s អាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 25 ខែកញ្ញានេះតែម្ដង។

ដោយ​ ៖ XDA
អត្ថបទទាក់ទង