ប្រភពមួយបង្ហាញថា Apple Watch Series 6 អាចនឹងមានជម្រើសពណ៌ថ្មីកាន់តែទាក់ទាញជាងមុន​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងរួចមកហើយថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសប្រាប់ថា ខ្លួននឹងធ្វើព្រឹត្តិការណ៍ពិសេសមួយ នៅថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ ដើម្បីធ្វើការប្រកាសចេញផលិតផលជំនាន់ថ្មី។ មិនតែប៉ុណ្ណោះ មានប្រភពព័ត៌មានមួយចំនួន បានរំពឹងថាក្នុងព្រឹត្តិការណ៍នោះ Apple អាចនឹងធ្វើការប្រកាសចេញ iPad Air ជំនាន់ចុងក្រោយ និង Apple Watch Series 6 ផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះ អ្នកចែកចាយព័ត៌មានបែកធ្លាយម្នាក់ មានឈ្មោះ L0vetodream បានធ្វើការបង្ហាញអំពីលក្ខណៈសម្បត្តិពិសេសមួយចំនួនទាក់ទងនឹង Apple Watch Series 6 ថានឹងបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ថ្មី ថែមទៀតផង។ ជាក់ស្ដែង កាលពីពេលកន្លងទៅនេះ មានប្រភពព័ត៌មានបែកធ្លាយមួយចំនួន បង្ហាញថា iPhone 12 ក៏អាចនឹងមានបន្ថែមជម្រើសពណ៌ថ្មី គឺពណ៌ខៀវថ្មី សម្រាប់បំពេញតាមចង់បានរបស់អតិថិជនរបស់ខ្លួន។ អញ្ចឹង អាចនិយាយបានថា នាឡិកាឆ្លាតវៃ Apple Watch Series 6 ក៏អាចនឹងបន្ថែមមកជាមួយជម្រើសពណ៌ខៀវ (Blue) នេះផងដែរ។ លើសពីនេះទៅទៀត បើយោងតាមព័ត៌មានលេចធ្លាយក្នុង WatchOS 7 កន្លងមក បានបញ្ជាក់ថា Apple Watch ជំនាន់ចុងក្រោយនេះ នឹងត្រូវបានភ្ជាប់មកជាមួយមុខងារ តាមដានការគេង និងសេនស័រវាស់កម្រិតអុកស៊ីសែននៅក្នុងឈាមបានទៀតផង។

សូមបញ្ជាក់ផងដែរថា ផ្អែកទៅតាមប្រភពព័ត៌មានជាច្រើន បានបង្ហាញអោយយើងដឹងថា នៅក្នុងព្រឹត្តិការណ៍អនឡាញពិសេសថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ Apple នឹងមិនប្រកាសចេញ iPhone 12 Series នោះទេ ប៉ុន្តែជំនួសមកវិញ Apple នឹងធ្វើការប្រកាសចេញ Apple Watch Series 6, iPad Air ជំនាន់ទី 4 និងផលិតផលថ្មីៗមួយចំនួនផ្សេងទៀត។

ដោយ​ ៖ Macrumors
អត្ថបទទាក់ទង