គន្លឹះជួយឲ្យការវាយអក្សរលើក្ដារចុច កាន់តែបានលឿនពីមួយថ្ងៃទៅមួយថ្ងៃ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ការប្រើប្រាស់កុំព្យូទ័រជាប្រចាំថ្ងៃ កាន់តែក្លាយជាចំណុចដ៏សំខាន់ទៅៗ មិនថាទាំងវិស័យបំពេញការងារ ឬការសិក្សាស្រាវជ្រាវគ្រប់លំដាប់ថ្នាក់នោះទេ ហើយបើយើងអាចវាយក្ដារចុចបានលឿន នោះវានឹងអាចជួយសន្សំពេលរវលា ហើយក៏សម្រេចកិច្ចការបានច្រើន ក្នុងរយៈពេលមួយថ្ងៃផងដែរ។ សម្រាប់អត្ថបទចាប់ពីខាងក្រោមនេះ ក្រុមការងារយើងនឹងធ្វើការរៀបរាប់ជូន អំពីរបៀបនៃការធ្វើឲ្យវាយអក្សរ លើក្ដារចុចបានកាន់តែលឿន, បង្កើតជាទម្លាប់វាយអក្សរលឿន, ជ្រើសរើសក្ដារចុច និងកម្មវិធី ឬហ្គេមជំនួយជាដើម។

ការជ្រើសរើសប្រភេទក្ដារចុច ដែលស័ក្តិសមនឹងអ្នកទាំងអស់គ្នា

ហាក់បីដូចជា ការជ្រើសរើសប្រភេទរថយន្ដ ឬប្រព័ន្ធប្រតិបត្តិការ OS រវាង Android និង iOS អញ្ចឹងដែរ ដោយអ្នកវាយអក្សរដ៏ជំនាញម្នាក់ ក៏ត្រូវការក្ដារចុចប្រភេទណាមួយ ឲ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគេ ដើម្បីជំនួយលើការវាយអក្សរឲ្យបានលឿន។ ក្រៅពីក្ដារចុចមកស្រាប់ ជាមួយកុំព្យូទ័រយួរដៃ គឺយើងក៏អាចរកជាវក្ដារចុចដាច់ មកជំនួយលើការវាយអក្សរបានដែរ។ ក្ដារចុចត្រូវបានចែកចេញជាច្រើនប្រភេទ ប៉ុន្ដែប្រភេទពេញនិយមជាងគេ នោះគឺរួមមានដូចជា ក្ដារចុចការិយាល័យធម្មតា និងក្ដារចុចពពួក Mechanical តែម្ដង។ យើងអាចរកមើលក្ដារចុចការិយាល័យធម្មតា ដែលស្ថិតនៅតម្លៃខ្ទង់ ៤ ម៉ឺនរៀល (ថោកឬថ្លៃជាងនេះ តាមគុណភាពនីមួយៗ) ដោយពួកវាក៏មានប្រភេទគ្រាប់ចុច កម្រាស់ក្រាស់ និងកម្រាស់ស្ដើង។

ចំណែកឯក្ដារចុចប្រភេទ Mechanical វិញ គឺស្ថិតនៅតម្លៃខ្ទង់ ១២ ម៉ឺនរៀល (ថោកឬថ្លៃជាងនេះ តាមគុណភាពនីមួយៗ និងប្រភេទរបស់វា) ហើយវាត្រូវបានបែកចែកគ្រាប់ចុចនីមួយៗតទៀត តាមរយៈប្រភេទគ្រាប់ចុចប្រភេទ Tactile (ពណ៌ត្នោត, ពណ៌ស, ពណ៌ប្រផេះ), គ្រាប់ចុចប្រភេទ Linear (ពណ៌ក្រហម, ពណ៌ក្រហមស្រាល, ពណ៌ខ្មៅ, ពណ៌ប្រផេះស្រាល) និងប្រភេទ Clicky (ពណ៌ខៀវ, ពណ៌បៃតង)។ ប្រសិនបើលោកអ្នកចង់បានក្ដារចុចប្រភេទ Mechanical ដែលល្អបំផុតសម្រាប់វាយអក្សរ ដូច្នេះប្រាកដជាគ្រាប់ចុចពណ៌ត្នោត ឬហៅថាគ្រាប់ចុចប្រភេទ Tactile ដោយវាមានកម្រាសស្ដើង ធ្វើឲ្យមិនសូវឮសម្លេងខ្លាំង មិនរំខានដល់អ្នកដទៃជុំវិញខ្លួន (ជាពិសេសនៅការិយាល័យ) ក៏ដូចជាទទួលស្គាល់ ការសង្កត់បានលឿន។

ការដាក់ម្រាមដៃលើក្ដារចុចឲ្យត្រូវនឹងស្ដង់ដារ

ចំណុចសំខាន់ធ្វើឲ្យវាយអក្សរបានលឿន ក៏ផ្ដោតទៅលើរបៀបនៃការដាក់ម្រាមដៃលើក្ដារចុចដែរ ដោយម្រាមដៃខាងឆ្វេងទាំងអស់ គួរដាក់ឲ្យចំពីលើតួអក្សរ A, S, D, F រីឯម្រាមដៃខាងស្ដាំទាំងអស់ គួរដាក់ឲ្យចំពីលើតួអក្សរ H, J, K, L ដើម្បីងាយស្រួលឆ្លាស់ម្រាមដៃ ពីមួយជួរទៅមួយជួរបានលឿន បូកទាំងការប្រើប្រាស់ម្រាមដៃកូន យកទៅចុចលើគ្រាប់ចុចចំហៀងៗ ដែលនៅសល់ទាំងសងខាងបាន ហើយរក្សាទុកម្រាមដៃមេ សម្រាប់ចុចលើ Space ជាពិសេស។

ការតេស្ដវាយអក្សរជារៀងរាល់ថ្ងៃ តាមរយៈវេបសាយ, កម្មវិធី ឬហ្គេម

វេបសាយរៀនវាយអក្សរអង់គ្លេសលើក្ដារចុច

- 10FastFingers.com

- Typing.com

- Mario Teaches Typing

កម្មវិធីរៀនវាយអក្សរខ្មែរលើក្ដារចុច

- Khmer Unicode Typing

- Khmer Typing

ការអនុវត្តជាប្រចាំថ្ងៃ គឺជាផ្នែកចាំបាច់បំផុត ដើម្បីពង្រឹងល្បឿនវាយអក្សរ របស់លោកអ្នកឲ្យកាន់តែលឿន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយចាប់ផ្ដើមរៀនពីរបៀបដាក់ម្រាមដៃ រហូតដល់ការព្យាយាមកុំមើល តួអក្សរលើក្ដារចុចទៀតនោះទេ។ សង្ឃឹមថាព័ត៌មាននៅអត្ថបទខាងលើនេះ នឹងអាចជួយដល់អ្នកទាំងអស់គ្នាបាន ក្នុងការរៀនវាយក្ដារចុចឲ្យបានលឿន ហើយយ៉ាងស្ទាត់ជំនាញបន្ដិចម្ដងៗ តាមរយៈវិធីសាស្រ្ដដែលបានរៀបរាប់ជូន។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង