ទំនងជាទាល់តែឆ្នាំក្រោយឯណោះ ទើប Huawei សម្រេចដាក់លក់ Mate 40 Series​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ខែមុន SHARE

 

ជារៀងរាល់ឆ្នាំ យើងបានដឹងហើយថា ក្រុមហ៊ុនធំជាច្រើនតែងតែប្រកាសចេញ ទូរសព្ទឆ្លាតកំពូលរបស់គេនៅចុងឆ្នាំ ជាក់ស្ដែងដូចជា Apple, Google ក៏ដូចជា Huawei ជាដើម។ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺរាងប្លែកពីឆ្នាំមុនបន្តិច ព្រោះក្រុមហ៊ុនមួយចំនួនធំ សម្រេចពន្យាពេល ការប្រកាសចេញរបស់ខ្លួនវិញ ព្រោះដោយសារតែមានបញ្ហាវីរុស COVID-19 នេះឯង។ យ៉ាងណាក៏ដោយ Huawei ធ្លាប់ត្រូវបានគេរាយការណ៍ថា នឹងពន្យាពេលប្រកាសចេញទូរសព្ទឆ្លាតត្រកូល Mate របស់ខ្លួន ទៅក្នុងខែក្រោយវិញ ប៉ុន្តែដំណឹងពេលនេះ បន្ថែមថា គេគ្រាន់តែប្រកាសចេញសិនប៉ុណ្ណោះ ចំណែកការដាក់លក់វិញ គឺអាចនឹងយូរខែទៀត ទើបមកដល់។

មិនខុសទេ បើតាមការបញ្ជាក់ចេញពីសំណាក់ អ្នកចែករំលែកដំណឹងលេចធ្លាយដ៏ល្បីមួយរូបឈ្មោះថា Evan Blass នៅតាមបណ្ដាញសង្គម Twitter នោះ បានធ្វើការបញ្ជាក់ឲ្យដឹងថា Huawei អាចនឹងចាប់ផ្តើមដាក់លក់ Mate 40 Series នៅដើមឆ្នាំក្រោយឯណោះ ពោលគឺមិនមែនភ្លាមៗ បន្ទាប់ពីប្រកាសចេញហើយនោះទេ។ យ៉ាងណាក៏ដោយ ការបញ្ជាក់របស់បុគ្គលខាងលើនេះ គឺសំដៅតែទៅលើពេលវេលាដាក់លក់ប៉ុណ្ណោះ ចំណែកឯការប្រកាសចេញវិញ គឺគេនៅតែគិតថា Huawei អាចនឹងធ្វើឡើង ក្នុងខែក្រោយនេះ ដូចដំណឹងលេចធ្លាយកាលពីលើកមុនអញ្ចឹង។ គួរបញ្ជាក់ដែរថា នៅក្នុងការបង្ហោះរបស់បុគ្គលខាងលើ គឺបានបង្ហាញតែប៉ុណ្ណឹងទេ ប៉ុន្តែបើតាមការរពឹងទុកពីប្រភពមួយចំនួនទៀត បានបញ្ជាក់ឲ្យដឹងថា សម្រាប់ទីផ្សារចិន Huawei អាចនឹងនៅតែដាក់លក់ក្នុងឆ្នាំនេះដដែល ប៉ុន្តែសម្រាប់ទីផ្សារសាកលវិញ គឺអាចទាល់តែឆ្នាំក្រោយ ដូចលោក Evan Blass បង្ហាញហ្នឹងឯង។ 

គួរបញ្ជាក់ដែរ កាលពីសប្តាហ៍មុន យើងទទួលបានដំណឹងថ្មីមួយថា Huawei បានធ្វើការបញ្ជាទិញសមាសធាតុផ្សេងៗ សម្រាប់ប្រើប្រាស់លើ Huawei Mate 40 Series នោះ ទាបជាងមុនដល់ទៅ 30% ឯណោះ មួយវិញទៀត ក៏ធ្លាប់មានការាយការណ៍ថា ចំនួនឈីប Kirin 9000 ដែល Huawei គ្រោងប្រើលើ Mate 40 Series នោះមានតិចដូចគ្នា ដូច្នេះទើបធ្វើឲ្យគេកាត់បន្ថយចំនួនផលិត ទៅតាមនឹងដែរ ហើយនេះក៏អាចជាមូលហេតុមួយ ដែលធ្វើឲ្យការដាក់លក់នោះ ត្រូវបាន Huawei ពន្យារហូតដល់ឆ្នាំក្រោយ។

ដោយ​ ៖ Twitter (Evan Blass)
អត្ថបទទាក់ទង