ពេលនេះរថយន្ដ Honda Passport ស៊េរីឆ្នាំ 2021 មានមុខងារ Apple CarPlay និង Android Auto ដែរហើយ​
ដោយ​ ៖ គង់គីត | 6 ថ្ងៃមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានសម្រេចចិត្តធ្វើការប្រកាសចេញរថយន្តម៉ូឌែល Passport ស៊េរីថ្មីឆ្នាំ 2021 ជាផ្លូវការ ដែលវាមានលក់លើទីផ្សារ ចាប់ពីពេលនេះតែម្ដង។ មិនតែប៉ុណ្ណោះ អ្វីដែលបានផ្លាស់ប្តូរនៅក្នុងរថយន្ដស៊េរីថ្មី Passport ឆ្នាំ 2021 នេះ រួមបញ្ចូលទាំងការគាំទ្រការប្រើមុខងារ Apple CarPlay និង Android Auto ព្រមទាំងមានលក្ខណៈសម្បត្តិទំនើបៗជាច្រើនផ្សេងទៀត។

ដូចដែលប្រិយមិត្តភាគច្រើនបានដឹងហើយថា មុខងារ Apple CarPlay និង Android Auto គឺជាមុខងារដ៏ទំនើបមួយនេះ សម្រាប់ប្រើប្រាស់ក្នុងរថយន្តស៊េរីទំនើប ដើម្បីជួយផ្ដល់ភាពងាយស្រួលក្នុងការបើកបរ។ ពិតណាស សម្រាប់ CarPlay និង Android Auto គឺជាមុខងារឆ្លាតវៃ ផ្ដល់សិទ្ធិអោយអតិថិជន ដែលប្រើប្រាស់ទូរសព្ទ iPhone ឬ Android អាចធ្វើការតភ្ជាប់គ្នា ជាមួយរថយន្តស៊េរីថ្មីៗមួយចំនួន ដែលមានមុខងារវៃឆ្លាតនេះ ដើម្បីប្រើប្រាស់ទៅលើ មុខងារជាច្រើន ដែល CarPlay និង Android Auto អាចធ្វើទៅបាន ដូចជា ការបញ្ជាដោយសម្លេង, ប្រើមុខងារជំនួយការ Siri ឬ Google Assistant, មើលផែនទី និងទិសដៅ, ប្រើកម្មវិធីបណ្ដាញសង្គមជាច្រើនដូចជា Facebook, WhatsApp, Message, ស្ដាប់តន្ត្រី ឬ Podcast និងមានមុខងារជាច្រើនផ្សេងទៀត ផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត រថយន្ត Honda Passport ស៊េរីឆ្នាំ 2021 ថ្មីនេះ នឹងអនុញ្ញាតអោយអ្នកប្រើអាចសាកថ្មទូរសព្ទរបស់ពួកគេ តាមរយៈ Wireless បានថែមទៀតផង។

ចំពោះផ្នែកកម្លាំងម៉ាស៊ីនរថយន្ត Honda Passport ស៊េរីឆ្នាំ 2021 នេះ បានប្រើប្រាស់ម៉ាស៊ីនជាប្រភេទ V6 និងមានកម្លាំងម៉ាស៊ីន 280 សេះ (280 Horsepower) ជាមួយកម្លាំងបង្វិលជុំ 262 lb-ft of Torque។ លើសពីនេះ រថយន្ត Honda Passport ស៊េរីឆ្នាំ 2021 នេះ បានបំពាក់មកជាមួយប្រព័ន្ធវាស់កម្រិតស៊ីសាំង ពេលបើកបរលើស្ថានភាពផ្លូវក្រុង និងផ្លូវក្រៅក្រុងផងដែរ។ បន្ថែមពីនេះ Honda បានដាក់លក់រថយន្ត Honda Passport ស៊េរី ក្នុងតម្លៃចាប់ពី 33,710 ដុល្លារឡើងទៅ ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង