Microsoft បានបញ្ជាក់ដោយផ្ទាល់ថា គេមិនអាចទិញយក TikTok បាននោះទេ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ប៉ុន្មានថ្ងៃមុននេះ យើងបានដឹងដំណឹងមួយទាក់ទងនឹង ពេលវេលាកំណត់សម្រាប់ TikTok ដែលត្រូវបានរដ្ឋាភិបាលអាមេរិក ទើបបញ្ជាក់ថ្មីម្ដងទៀត ពោលគឺ TikTok មានពេលក្នុងការសម្រេចចិត្តថា លក់ក្រុមហ៊ុនក្នុងសហរដ្ឋអាមេរិករបស់ខ្លួន ឬក៏អត់នោះ ត្រឹមថ្ងៃទី 15 ខែកញ្ញានេះឯង។ ដោយឡែក កន្លងមក យើងធ្លាប់លេចឮថា មានក្រុមហ៊ុនជាច្រើន មានបំណង ក៏ដូចជាបានដាក់សំណើរទិញយក TikTok ពី ByteDance ជាក់ស្ដែងមានដូចជា Microsoft និង Oracle ជាដើម ហើយនៅក្នុងនោះ យើងឃើញថា Microsoft ទំនងជាមានសង្ឃឹមខ្ពស់ជាងគេ ក្នុងការប្រកួតប្រជែងនេះ។

ទោះជាយ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ ByteDance បានឆ្លើយតបទៅនឹងសំណើររបស់ TikTok វិញហើយ ដោយគេមិនព្រមលក់ TikTok ក្នុងសហរដ្ឋអាមេរិកឲ្យ Microsoft នោះទេ នេះបើតាមការបង្ហាញចេញ ពីសំណាក់ Microsoft ផ្ទាល់តែម្ដង។ ជុំវិញមូលហេតុនៃការមិនព្រមលក់ TikTok ឲ្យ Microsoft នោះ គឺទំនងជាដោយសារតែ លក្ខខណ្ឌក្នុងសំណើរដែល Microsoft បានដាក់ទៅកាន់ ByteDance ហ្នឹងតែម្ដង ប៉ុន្តែគេមិនបញ្ជាក់នោះទេ ថាសំណើរមានដូចម្ដេចខ្លះ ពោលគឺគ្រាន់តែបញ្ជាក់ថា៖ “Microsoft ជឿជាក់ទៅលើការទិញរបស់គេ នឹងក្លាយជាលទ្ធផលល្អ សម្រាប់អ្នកប្រើប្រាស់ TikTok ហើយក៏ដើម្បីការពារសុវត្ថិភាពជាតិរបស់អាមេរិកដែរ”។ ដើម្បីធ្វើចំណុចទាំងនេះបាន Microsoft បញ្ជាក់ថា គេត្រូវការផ្លាស់ប្តូរជាច្រើន នៅលើកម្មវិធី TikTok ដើម្បីធានាបានថា កម្មវិធីនោះ នឹងក្លាយជាកម្មវិធីមួយ ដែលមានប្រព័ន្ធការពារ ស្ថិតក្នុងកម្រិតស្ដង់ដាខ្ពស់មួយ, មានឯកជនភាព, សុវត្ថិភាពតាមអនឡាញ ក៏ដូចជាដើម្បីប្រយុទ្ធប្រឆាំង នឹងព័ត៌មានមិនពិតផងដែរ។

ដូច្នេះហើយ Microsoft បានដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការទិញយកកម្មវិធី TikTok ពី ByteDance ហើយ ហេតុនេះ នៅមានតែក្រុមហ៊ុនអាមេរិកមួយទៀតប៉ុណ្ណោះ ដែលមានសង្ឃឹមខ្ពស់ ក្នុងការទិញយក និយាយឲ្យចំទៅ គឺក្រុមហ៊ុន Oracle នេះឯង ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយថា ByteDance ព្រមព្រៀងលក់ TikTok ឲ្យទៅ Oracle នៅឡើយទេ ខណៈពេលដែល ថ្ងៃស្អែកគឺជាថ្ងៃទី 15 ខែកញ្ញាទៅហើយ ដែលជាពេលវេលាចុងក្រោយមួយ នៃការកំណត់របស់រដ្ឋាភិបាលអាមេរិក ទៅកាន់ TikTok នោះឯង។

ដោយ​ ៖ Official Microsoft Blog
អត្ថបទទាក់ទង