Huawei ទំនងជាប្រើរូបតំណាងថ្មីនេះ សម្រាប់ប្រព័ន្ធប្រតិបតិ្តការ HarmonyOS របស់ខ្លួន ក្នុងពេលអនាគត​
ដោយ​ ៖ គាលី | 6 ថ្ងៃមុន SHARE

 

នៅក្នុងសន្និសីទពិសេស Huawei Developer Conference ប្រចាំឆ្នាំ 2020 ដែលបានធ្វើឡើងនៅថ្ងៃទី 10 ខែកញ្ញា កន្លងទៅប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន បានប្រកាសចេញផលិតផលថ្មីៗ ក៏ដូចជាបច្ចេកវិទ្យាចុងក្រោយ រួមនិងប្រព័ន្ធប្រតិបតិ្តការផ្ទាល់ខ្លួន ដែលគេស្គាល់ថាជា HarmonyOS ជំនាន់ទី 2 ជាផ្លូវការទៀតផង។ 

ជាក់ស្តែង លោក Yu Chengdong ដែលត្រូវជានាយកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិ ខាងផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន បាននិយាយថា Hongmeng OS ឬ HarmonyOS នឹងក្លាយជាប្រព័ន្ធចែកចាយដំបូងគេ ដែលត្រូវបានបង្កើតឡើង ដើម្បីបំពេញយុគសម័យថ្មីនេះ។ ជាងនេះទៅទៀត គេក៏ចាប់ផ្តើមបញ្ចេញ HarmonyOS 2.0 ជំនាន់សាកល្បង សម្រាប់ប្រើជាមួយទូរទស្សន៍ឆ្លាតវៃ, នាឡិកាឆ្លាតវៃ និងឧបករណ៍ប្រភេទ IoT ផ្សេងៗទៀត ទៅឲ្យអ្នកអភិវឌ្ឍកម្មវិធីទាញយកមកប្រើសាកល្បង ហើយវាថែមទាំង នឹងបង្ហាញខ្លួនលើទូរសព្ទឆ្លាត Huawei ក្នុងអំឡុងឆ្នាំ 2021 ខាងមុខនេះផងដែរ។ ស្របគ្នានេះដែរ តាមរយៈគណនី Weibo មួយ ទើបបានទម្លាយចេញ នូវរូបតំណាង Logo ថ្មី សម្រាប់ប្រព័ន្ធប្រតិបតិ្តការ HarmonyOS 2.0 របស់ Huawei និងភ្ជាប់មកជាមួយពាក្យមួយឃ្លាថា យើងគ្រប់គ្នានឹងអាចឃើញវាជាផ្លូវការ ក្នុងពេលអនាគត។ តាមរយៈរូបភាពឡូហ្គូថ្មីនោះ យើងសង្កេតឃើញថា HarmonyOS នឹងត្រូវយកទៅបំពាក់ ទុកសម្រាប់ដំណើរការជាមួយឧបករណ៍វៃឆ្លាតជាច្រើន ដោយក្នុងនោះមានដូចជា កុំព្យូទ័រ, នាឡិកាឆ្លាតវៃ, រថយន្តទំនើប, កាសស្តាប់ត្រចៀក, ឡេបថប, បាសបំពងសម្លេង, ទូរទស្សន៍ឆ្លាត និងជាពិសេស គឺទូរសព្ទឆ្លាតតែម្តង។ ក្រៅពីនេះ រាប់បញ្ចូលទាំងឧបករណ៍ឆ្លាតវៃ សម្រាប់ជំនួយប្រើប្រាស់ក្នុងផ្ទះ ដូចជាឆ្នាំងដាំបាយ, ម៉ាស៊ីនបូមធូលី និងសោទ្វារឆ្លាតវៃជាដើម។ 

គួរបញ្ជាក់ទៀតថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 នឹងអាចគាំទ្រឧបករណ៍ឆ្លាត ដែលមាន RAM ចន្លោះពី 128KB ទៅ 128MB ហើយក្នុងខែមេសា ឆ្នាំ 2021 ខាងមុខ Huawei នឹងមានគម្រោងបន្ថែមការគាំទ្រ ទៅលើឧបការណ៍ដែលមាន RAM ចន្លោះពី 128MB ទៅ 4GB ទៀតផង។ សរុបមក ទោះបីជាយ៉ាងណា យើងក៏មិនទាន់ដឹងច្បាស់ថា Huawei នឹងប្តូរមកប្រើរូបតំណាង Logo ថ្មី របស់ប្រព័ន្ធប្រតិបតិ្ត HarmonyOS នៅពេលនោះទេ ប៉ុន្តែ អាចនឹងក្នុងអំឡុងខែធ្នូ ឆាប់ៗខាងមុខនេះ នៅពេលដែលពួកគេសម្រេចបញ្ចេញ HarmanyOS ជំនាន់ Beta សម្រាប់ប្រើសាកល្បងជាមួយទូរសព្ទឆ្លាតលើកដំបូង។

ដោយ​ ៖ Gizchina
អត្ថបទទាក់ទង