ទាំងនេះអាចជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPad Air ជំនាន់ទី 4​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

កាលពីសប្តាហ៍មុននេះ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន Apple បានបញ្ជាក់ឲ្យមហាជនដឹងយ៉ាងច្បាស់ថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 ខាងមុខ។ ផ្អែកទៅតាមការអះអាងរបស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះទាំង 2 រូប គឺលោក Mark Gurman និង Jon Prosser បានធ្វើឲ្យយើងដឹងថា នៅក្នុងព្រឹត្តិការណ៍អនឡាញពិសេសថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ Apple អាចនឹងមិនប្រកាសចេញ iPhone 12 Series នោះទេ ប៉ុន្តែជំនួសមកវិញ Apple នឹងផ្តោតសំខាន់ទៅលើការប្រកាសចេញ Apple Watch Series 6 និង iPad Air ជំនាន់ទី 4 របស់ខ្លួន។

បើយោងទៅតាមព័ត៌មានដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា iPad Air ជំនាន់ទី 4 នឹងមានរចនាបថរូបរាងខាងក្រៅស្រដៀងគ្នាទៅនឹង iPad Pro 11 អ៊ីញ ឆ្នាំ 2018 អញ្ចឹងដែរ ដោយវាបានបំពាក់មកជាមួយអេក្រង់លាត មានគែមអេក្រង់ទាំង 4 ជ្រុងស្មើគ្នា គួបផ្សំជាមួយកាមេរ៉ាក្រោយ 1 គ្រាប់ និងរន្ធសាកថ្មប្រភេទ USB-C ក៏ដូចជាភ្ជាប់មកជាមួយកន្លែងសម្រាប់តភ្ជាប់ទៅកាន់ក្តារចុច Magic Keyboard ផងដែរ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo របស់អ្នកចែកចាយព័ត៌មានបែកធ្លាយមួយរូបមានឈ្មោះថា Kang បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា iPad Air ជំនាន់ទី 4 អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំចន្លោះពី 10.8 អ៊ីញ ទៅ 10.9 អ៊ីញ។ 

តាមរយៈប្រភពខាងលើដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងផងដែរថា iPad Air ជំនាន់ទី 4 អាចនឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A14 ទំហំ 5nm គួបផ្សំជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំចាប់ពី 64GB ឡើងទៅ។ លើសពីនេះ iPad Air ជំនាន់ទី 4 ក៏អាចនឹងបង្ហាញខ្លួនមកជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ Touch ID និង Speaker ជាប្រភេទ Stereo ក៏ដូចជាជម្រើសពណ៌មាស, ទឹកប្រាក់, ប្រផេះ,បៃតង និងពណ៌ខៀវ។ ជាងនេះទៅទៀត iPad Air ជំនាន់ទី 4 ក៏ត្រូវបានគេរំពឹងថានឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ចន្លោះពី 569 ទៅ 599 ដុល្លារ ឡើងទៅផងដែរ។

ដោយ​ ៖ Kang
អត្ថបទទាក់ទង