NVIDIA កំពុងព្រមព្រៀងទិញយកក្រុមហ៊ុនស្ថាបត្យកម្ម arm នៅក្នុងតម្លៃខ្ទង់ 40 ពាន់លានដុល្លារ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុនដ៏ល្បីល្បាញផ្នែកក្រាហ្វិកកាត NVIDIA បានប្រកាសទិញយកក្រុមហ៊ុនស្ថាបត្យកម្ម arm ជាមួយនឹងតម្លៃប្រមាណ 40 ពាន់លានដុល្លារ ក្រោយពីបានលេចឮពាក្យចចាមអារ៉ាម អស់មួយរយៈពេលកន្លងមក។ បើយោងតាមរបាយការណ៍ថ្មី បានបញ្ជាក់ប្រាប់ថា វាគ្រាន់តែជាការផ្លាស់ប្ដូរម្ចាស់គ្រប់គ្រងពី SoftBank ទៅកាន់ NVIDIA ប៉ុណ្ណោះ រីឯទីស្នាក់ការកណ្តាលរបស់ arm នឹងស្ថិតនៅក្នុងចក្រភពអង់គ្លេសដដែល ហើយក៏នៅបន្ដផ្ដល់អាជ្ញាប័ណ្ណ ទៅឲ្យក្រុមហ៊ុនផ្សេងណាមួយ ដែលចង់ធ្វើការផលិតឈីប ក្រោមស្ថាបត្យកម្មនេះ។

ជាការពិតណាស់ arm គឺជាស្ថាបត្យកម្មដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដោយរួមមានដូចជា Apple, Samsung, Qualcomm ហើយក៏មានវត្តមាននៅលើកុំព្យូទ័រ Microsoft Surface ព្រមទាំងត្រូវបានក្រុមហ៊ុន Apple កំពុងត្រៀមផ្លាស់ប្ដូរពីការប្រើឈីប Intel ទៅប្រើឈីបក្រោមស្ថាបត្យកម្ម arm របស់ខ្លួនជាបណ្ដើរៗ ថែមទៀតផង។ សូម្បីតែស៊ីភីយូត្រកូល Tegra របស់ NVIDIA មានបំពាក់នៅលើម៉ាស៊ីនហ្គេមចល័ត Nintendo Switch ក៏ត្រូវឌីហ្សាញឡើងមកជាជំនួយដោយ arm ផងដែរ ដូច្នេះហើយ ការជាវយកក្រុមហ៊ុនស្ថាបត្យកម្មមួយនេះ នឹងអាចធ្វើឲ្យ NVIDIA ចាប់ផ្ដើមផ្ដោតលើស៊ីភីយូកាន់តែច្រើន បន្ថែមពីលើក្រាហ្វិកកាតរបស់ពួកគេបាន។

ស្របនឹងពេលប្រកាសទិញយកនោះ NVIDIA បានលើកឡើងមកថា ពួកគេនឹងវិនិយោគលើ មជ្ឈមណ្ឌលស្រាវជ្រាវផ្នែក AI នៅទីស្នាក់ការកណ្តាលរបស់ arm ដើម្បីសង្ឃឹមថាឈីបរបស់ពួកគេ កាន់តែឆ្លាតវៃប្រសើរជាងមុន ព្រមទាំងតភ្ជាប់ជាមួយ Software បានកាន់តែល្អជាមួយបច្ចេកវិទ្យា AI ជំនាន់ក្រោយនោះ។ គួរបញ្ជាក់ថា កាលពីឆ្នាំ 2016 ក្រុមហ៊ុន SoftBank បានទិញយក arm ក្នុងតម្លៃប្រមាណ 31 ពាន់លានដុល្លារ ខណៈពេលដែល NVIDIA មានតម្លៃខ្លួនត្រឹម 30 ពាន់លានដុល្លារ នៅក្នុងអំឡុងពេលនោះដូចគ្នា ដោយនាពេលបច្ចុប្បន្ននេះ NVIDIA មានតម្លៃខ្លួនដល់ទៅខ្ទង់ 300 ពាន់លានដុល្លារឯណោះ។

ការទិញយក arm ពី SoftBank ក្នុងតម្លៃខ្ទង់ 40 ពាន់លានដុល្លារនេះ នឹងអាចផ្ដល់សមត្ថភាពឲ្យ NVIDIA ទៅការផ្ដោតលើការពង្រឹងឈីប នៅក្នុងក្រាហ្វិកកាតរបស់ពួកគេ ក៏ដូចជាឈីបបំពាក់លើ រថយន្ដបើកបរដោយខ្លួនឯង និងបច្ចេកវិទ្យា AI កាន់តែឆ្លាតវៃជាដើម។ នៅក្នុងឱកាសនេះផងដែរ NVIDIA ក៏អាចមានគម្រោងផលិតឈីប សម្រាប់ប្រើប្រាស់លើទូរសព្ទឆ្លាត និងឧបករណ៍ចល័តឆ្លាតវៃផ្សេងៗទៀត ប៉ុន្ដែក្រុមហ៊ុនមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង