អាមេរិកទុកពេលឲ្យ TikTok 4 ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីសម្រេចចិត្តថាលក់ក្រុមហ៊ុន ឬក៏ប្រឈមមុខនឹងការដាក់ពិន័យ​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ខែមុន SHARE

 

ជាច្រើនដងដែរ ដែលយើងបាននិយាយទាក់ទងនឹង ការដាក់ពិន័យរបស់អាមរិក ទៅលើកម្មវិធីដ៏ល្បី TikTok ក្នុងប្រទេសមួយនេះ ហើយដំណឹងចុងក្រោយបំផុត ដែលយើងបានឮនោះគឺថា TikTok សម្រេចដាក់ពាក្យបណ្ដឹងតបតទៅនឹងរដ្ឋាភិបាលអាមេរិកវិញ ប៉ុន្តែយ៉ាងណា មកទល់ពេលនេះ យើងមិនបានដឹងដំណើររឿង នៃការប្តឹងរបស់ TikTok ទៀតឡើយ។ ដោយឡែក នៅក្នុងពេលថ្មីៗនេះវិញ មានការបញ្ជាក់ម្ដងទៀត ចេញពីសំណាក់រដ្ឋាភិបាលអាមេរិកផ្ទាល់ ដើម្បីបំភ្លឺទាក់ទងនឹងរឿង ដែលគេថា អាមេរិកនឹងពន្យាពេលឲ្យ TikTok បន្តទៀត ដើម្បីឲ្យគេសម្រេចចិត្តថា លក់ក្រុមហ៊ុន ឬក៏យ៉ាងណា។

ពិតណាស់ កាលពីព្រហស្បត្តិ៍កន្លងទៅនេះ លោក Trump បានធ្វើការបញ្ជាក់ប្រាប់យ៉ាងច្បាស់ ទៅកាន់អ្នកសារព័ត៌មានថា នឹងមិនមានការពន្យាពេល សម្រាប់ TikTok ទៀតនោះទេ ពោលគឺក្រុមហ៊ុនចិនមួយនេះ មានពេលសម្រេចចិត្តថា លក់ឲ្យក្រុមហ៊ុនអាមេរិក ឬក៏ប្រឈមមុខជាមួយការដាក់ពិន័យ ត្រឹមថ្ងៃទី 15 ខែកញ្ញានេះប៉ុណ្ណោះ បើគិតទៅគឺមិនដល់ 4 ថ្ងៃពេញលេញទៀតនោះទេ។ អញ្ចឹងហើយ បើសិនជា 4 ថ្ងៃទៀត TikTok នៅមិនព្រមលក់ក្រុមហ៊ុនខ្លួន ឲ្យទៅក្រុមហ៊ុនអាមេរិកណាមួយនោះទេ ដូច្នេះកម្មវិធីនេះ ក៏ដូចជាកម្មវិធីផ្សេងៗទៀតរបស់ ByteDance នឹងត្រូវបិទលែងឲ្យដំណើរ ក្នុងសហរដ្ឋអាមេរិកតែម្ដង។ យ៉ាងណាក៏ដោយ ទៅលើថ្ងៃដែល លោក Trump បានដាក់កំណត់ឲ្យ TikTok សម្រាប់សម្រេចចិត្តនោះ គឺហាក់ដូចជាមិនច្បាស់លាស់ទាល់តែសោះ ព្រោះថាកាលពីថ្ងៃ 3 សីហា លោកបានបញ្ជាក់ថា TikTok នៅមានពេល រហូតដល់ថ្ងៃ 15 នេះឯង ដើម្បីធ្វើការសម្រេចចិត្ត ប៉ុន្តែបន្ទាប់មកទៀត គេក៏បានប្រាប់សារព័ត៌មាននៅថ្ងៃទី 6 សីហាកន្លងទៅថា TikTok មានពេល 45 ថ្ងៃដើម្បីលក់ក្រុមហ៊ុនរបស់ខ្លួន បើគិតទៅ គឺដល់ថ្ងៃកំណត់ត្រឹមថ្ងៃទី 20 កញ្ញានេះឯង។

ប៉ុន្តែមិនទាន់អស់ត្រឹមប៉ុណ្ណឹងទេ នៅថ្ងៃទី 14 ខែសីហា លោក Trump ដដែល ក៏បានបញ្ជាក់ថា ពួកគេទុកពេលឲ្យ TikTok សម្រេចចិត្តថាលក់មុខជំនួញរបស់ខ្លួននេះ ឬមួយក៏អត់ ដល់ទៅ 90 ថ្ងៃបន្ទាប់ពីនោះ ដែលមានន័យថា ពេលវេលាកំណត់របស់ក្រុមហ៊ុនចិននេះ គឺមានដល់ថ្ងៃទី 12 ខែវិច្ឆិកាឯណោះ។ ទោះយ៉ាងម៉េចក៏ដោយ ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា គេនឹងមិនបន្ថែមពេលវេលាឲ្យ TikTok ទៀតទេ និយាយឲ្យចំទៅ គឺបញ្ជាក់ច្បាស់ថាត្រឹមថ្ងៃទី 15 ខែកញ្ញានេះតែម្ដង ដូច្នេះហើយ យើងនឹងរង់ចាំមើលបន្តទៀតថា នៅថ្ងៃទី 15 ខាងមុខនេះ មានអ្វីកើតឡើងបន្តទៀត រវាងអាមេរិក និង ByteDance។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង