Apple Watch លំដាប់ថវិកា​អាចនឹងត្រូវប្រកាសចេញ​នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 15 ខែកញ្ញារបស់ Apple​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

កាលពីជាង 2 សប្តាហ៍មុននេះ យើងទទួលបានរបាយការណ៍មួយរាយការណ៍មកថា ខណៈពេលនេះ Apple កំពុងធ្វើការទៅលើ Apple Watch លំដាប់ថវិកាថ្មីមួយម៉ូឌែល សម្រាប់ទុកវាយលុកទីផ្សារនាឡិកាឆ្លាតវៃនាពេលខាងមុខ។ លើសពីនេះ កាលពីចុងខែសីហា ឆ្នាំ 2020 កន្លងទៅ គេក៏បានប្រទះឃើញ Apple Watch ថ្មីចំនួន 8 ម៉ូឌែល បានចុះឈ្មោះនៅក្នុងបញ្ជី Eurasian Economic Commission (EEC) ថែមទៀតផង ហើយក្នុងចំណោម Apple Watch ទាំង 8 ម៉ូឌែលនោះ ត្រូវបានគេជឿថាក៏មានវត្តមានរបស់ Apple Watch លំដាប់ថវិកាផងដែរ។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួនកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Jon Prosser បានបញ្ជាក់ថា  Apple Watch លំដាប់ថវិកា ឬមនុស្សមួយចំនួនហៅថា Apple Watch SE នោះ នឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍អនឡាញពិសេសរបស់ Apple ដែលនឹងត្រូវធ្វើឡើងថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះតែម្តង។ ជាងនេះទៅទៀត លោក Jon Prosser ក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា Apple Watch SE នឹងត្រូវចែកចេញជា 2 ប្រភេទ គឺម៉ូឌែល GPS និងម៉ូឌែល Cellular ក៏ដូចជានឹងមកជាមួយជម្រើសទំហំតួខ្លួន 40mm និង 44mm ផងដែរ។

មិនទាន់អស់នោះទេ ប្រភពខាងលើដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា Apple Watch SE នឹងមានរចនាបថរូបរាងខាងក្រៅស្រដៀងគ្នាទៅនឹង Apple Watch Series 4 ក៏ដូចជានឹងភ្ជាប់មកជាមួយឈីបជំនួយ M9 ផងដែរ។ គួររំលឹកផងថា ផ្អែកទៅតាមប្រភពល្បីឈ្មោះជាច្រើន បានបង្ហាញឲ្យយើងដឹងថា នៅក្នុងព្រឹត្តិការណ៍អនឡាញពិសេសថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ Apple នឹងមិនប្រកាសចេញ iPhone 12 Series នោះទេ ប៉ុន្តែជំនួសមកវិញ Apple នឹងធ្វើការប្រកាសចេញ Apple Watch Series 6, iPad Air ជំនាន់ទី 4 និងផលិតផលថ្មីៗមួយចំនួនផ្សេងទៀត។

ដោយ​ ៖ Jon Prosser
អត្ថបទទាក់ទង