ដំណឹងថ្មីៗទាក់ទងនឹងការអភិវឌ្ឍន៍ហ្គេមអ៊ូខុង Black Myth: Wukong ក្នុងពេលបច្ចុប្បន្ននេះ​
ដោយ​ ៖ ឡេង | 4 ខែមុន SHARE

 

គ្រាន់តែបានបង្ហោះវីដេអូ Gameplay របស់ហ្គេមស្តេចស្វាអ៊ូខុង Black Myth: Wukong នៅលើអ៊ីនធើណេតភ្លាម នោះវាក៏ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន មិនថាជុំវិញពិភពលោក ឬនៅក្នុងស្រុកយើងទេ ដោយវាព្រមទាំងមានក្រាហ្វិកស្រស់ស្អាត គួរឲ្យសរសើរមែនទែន សម្រាប់ក្រុមហ៊ុនដែលមានសមាជិកតិចបែបនេះ។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបានព័ត៌មានអាប់ដេតបន្ថែមទៀត តាមរយៈការធ្វើបទសម្ភាសន៍ដោយ ក្រុមសារព័ត៌មានបរទេស IGN ប្រចាំប្រទេសចិន ទៅកាន់ក្រុមហ៊ុន Game Science ត្រូវជាអ្នកអភិវឌ្ឍន៍ហ្គេមមួយនេះផ្ទាល់តែម្ដង។

ជាការពិតណាស់ សរុបមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចិន Game Science មានសមាជិកត្រឹមតែ 30 នាក់ប៉ុណ្ណោះ ហើយកំពុងតែមានគម្រោងស្វែងរកចំនួន 10 ទៅ 15 នាក់បន្ថែមទៀត ដើម្បីឲ្យមកចូលរួមបន្ដអភិវធ្ឍន៍មួយនេះ។ ចំពោះវីដេអូបង្ហោះលើកមុន គឺពួកគេបានចំណាយពេលប្រមាណ 2 ឆ្នាំជាង ទើបអាចទទួលបានលទ្ធផលនៅក្នុងវីដេអូនោះ ដោយកំពុងខិតខំព្យាយាមអភិវឌ្ឍន៍បន្ដ ឲ្យអាចបញ្ចេញជាសាធារណៈបាន នៅក្នុងរយៈពេលខ្ទង់ 3 ឆ្នាំខាងមុខ ផងដែរ។ ស្របនឹងពេលឲ្យយើងត្រូវរង់ចាំនេះ ក្រុមហ៊ុន Game Science បានបង្ហើបប្រាប់តិចៗថា ហ្គេមអ៊ូខុង Black Myth: Wukong នឹងមានរយៈពេលលេងជាង 15 ម៉ោងឡើងទៅ គឺរួមមានការវាយជាមួយសត្រូវបិសាចប្រហែល 100 ប្រភេទឡើងទៅ និងបូករួមទាំងមេបិសាច។

សាច់រឿងរបស់ហ្គេមមួយនេះ នឹងមានលក្ខណៈខុសប្លែកពីសាច់រឿងភាគ ដែលមនុស្សភាគច្រើនបានទស្សនា ដោយវាជាប្រភេទកាចសាហាវជាងធម្មតា ហើយកាន់តែស៊ីជម្រៅ ព្រមទាំងមានស្វាអ៊ូខុងក្លែងក្លាយ និងអ៊ូខុងពិតប្រាកដ សម្រាប់ឲ្យយើងអ្នកលេង ជាអ្នកស្វែងយល់ខ្លួនឯង នៅពេលវាចេញជាផ្លូវការ។ នេះគ្រាន់តែជាហ្គេមទី 1 ក្នុងចំណោមហ្គេមសរុបចំនួន 3 ប៉ុណ្ណោះ ដែលក្រុមហ៊ុន Game Science បានគ្រោងនឹងបង្កើតឡើង នៅក្នុងពេលខាងមុខនេះ ហើយពួកគេមានគម្រោងបង្កើតចេញជា ចក្រវាឡ Black Myth (ដូចជា DCEU ឬ MCU) ដើម្បីនាំយកតួអង្គផ្សេងៗទៀត ពីរឿងនិទានចិនបុរាណ មកបង្កើតជាហ្គេមបន្ដបន្ទាប់។

នៅពេលធ្វើបទសម្ភាសន៍នោះ ក្រុមហ៊ុន Game Science ចង់សុំបាត់ខ្លួនឲ្យស្ងាត់មួយរយៈវែងសិន ដោយទាល់តែហ្គេម Black Myth: Wukong មានលក្ខណៈកាន់តែល្អប្រសើរជាងវីដេអូ Gameplay Trailer លើកមុននោះ ទើបពួកគេសម្រេចចិត្ត ដាក់បង្ហាញឈុតថ្មីៗបន្ថែមទៀត ជូនដល់អ្នកគាំទ្រជុំវិញពិភពលោក។ ហេតុដូច្នេះហើយ យើងអាចសង្ឃឹមបានថា ប្រហែលជាពាក់កណ្ដាលឆ្នាំក្រោយ នឹងអាចឃើញមានវីដេអូ Gameplay ថ្មីៗទៀតបាន ជាមួយក្រាហ្វិកកាន់តែទំនើប និងជួសជុលកំហុសផ្សេងៗ ឲ្យដំណើរការកាន់តែរលូន ជាដើម។

ដោយ​ ៖ IGN
អត្ថបទទាក់ទង