ហ្គេម Crysis Remastered នឹងនាំយក Ray Tracing ទៅឲ្យ Xbox One X និង PS4 Pro ជាលើកដំបូងបង្អស់​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

អ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ពិតជារំភើបមែនទែន ក្រោយពីទទួលបានដំណឹងថា ហ្គេមកុមារភាពរបស់ពួកគេ នឹងត្រៀមត្រឡប់មកសាជាថ្មី ជាមួយក្រាហ្វិកទំនើបផងដែរ ដោយវាត្រូវជាហ្គេម Crysis ប្រភេទ Remastered ហើយនឹងអាចដំណើរការបាន ទាំងនៅលើកុំព្យូទ័រ PC, Xbox One, PlayStation 4 និងសូម្បីតែ Nintendo Switch ថែមទៀតផង។ កាន់តែពិសេសនោះ យើងទើបនឹងបានដឹងបន្ថែមថា រៀងរាល់ម្ចាស់ម៉ាស៊ីនហ្គេម Xbox One X និង PlayStation 4 Pro ព្រមទាំងទទួលបានបច្ចេកវិទ្យាក្រាហ្វិក Ray Tracing ធ្វើឲ្យក្រាហ្វិកកាន់តែដូចពិតៗ ជាមួយពន្លឺភ្លើងចែងចាំង និងនៅលើផ្ទៃទឹកជាដើម។

តាំងតែពីដំបូងឡើយ គឺគ្មាននរណាម្នាក់រំពឹងទុកថា បច្ចេកវិទ្យាក្រាហ្វិក Ray Tracing អាចបង្កើតឡើងមក សម្រាប់ម៉ាស៊ីនហ្គេម ក្នុងពេលបច្ចុប្បន្ននេះទេ ដោយវាជាចំណុចដ៏ធំមួយ នឹងមាននៅលើម៉ាស៊ីនហ្គេមជំនាន់ក្រោយ ដូចជា Xbox Series X, Series S និង PlayStation 5 តែម្ដង។ ហេតុតែហ្គេម Crysis Remastered សម្រេចចិត្តផ្ដល់សមត្ថភាពនេះ ជាលើកដំបូងទៅឲ្យម្ចាស់ Xbox One X និង PlayStation 4 Pro គឺពិតជាអស្ចារ្យម្យ៉ាងដែរ ដោយវាមានសមត្ថភាពខ្ពស់ អាចផ្លាស់ប្ដូរក្រាហ្វិកជុំវិញបាន ដូចជាបង្កើតចេញជាពន្លឺ ដូចនៅខាងក្រៅពិតៗ ឲ្យកាន់តែល្អិតល្អន់ និងបញ្ចាំងទៅវត្ថុដទៃទៀត ដើម្បីអាចទទួលបានលទ្ធផល ឲ្យវាមានស្រមោលដូចពិតៗ និងមានទេសភាពជុំវិញយ៉ាងរស់រវើក។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចទស្សនាវីដេអូខាងក្រោមនេះបាន ដែលដាក់បង្ហាញឲ្យឃើញពីបច្ចេកវិទ្យា Ray Tracing នៅលើហ្គេម Crysis Remastered ហើយកំពុងរត់ជាមួយ Xbox One X និង PlayStation 4 Pro ផ្ទាល់។

បើយោងទៅតាមក្រុមបង្កើតហ្គេមមួយនេះ Crytek បានបញ្ជាក់ប្រាប់មកថា ពួកគេប្រើប្រាស់កម្មវិធី CryEngine 5.5 ដើម្បីខិតខំព្យាយាមកែតម្រូវ និងធ្វើឲ្យហ្គេមស៊េរីមុន មកក្លាយទៅជាហ្គេមមានក្រាហ្វិកថ្មីវិញ។ អញ្ចឹង ហ្គេម Crysis Remastered នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2020 ឆាប់ៗខាងមុខនេះ សម្រាប់ទាំងនៅលើកុំព្យូទ័រ PC, ពពួក Xbox One, ពពួក PlayStation 4 និង Nintendo Switch ផងដែរ។

ដោយ​ ៖ Crysis
អត្ថបទទាក់ទង