លោក Mark Zuckerberg យល់ឃើញថា Apple គួរតែត្រួតពិនិត្យច្បាប់ App Store របស់ពួកគេឡើងវិញ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

មនុស្សជាច្រើនពិតជាបានស្គាល់លោក Mark Zuckerberg រួចមកហើយ ដែលគាត់ត្រូវជាអ្នកបង្កើតវេបសាយ Facebook និងបានក្លាយទៅជាបណ្ដាញសង្គមមួយ ដ៏ពេញនិយមខ្លាំងជុំវិញពិភពលោកតែម្ដង ហើយក៏កំពុងដើរតួយ៉ាងសំខាន់ សម្រាប់ការទំនាក់ទំនងគ្នា នៅក្នុងប្រទេសយើងផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ គាត់បានលើកមតិមួយចំនួន ទៅលើច្បាប់ផ្ដាច់ការរបស់ App Store ហើយនិយាយថា Apple សមនឹងត្រួតពិនិត្យច្បាប់របស់ពួកគេម្ដងទៀត។

លោក Mark Zuckerberg បាននិយាយប្រាប់អ្នកសម្ភាសន៍ នៅក្នុងកម្មវិធី HBO AXIOS កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Apple គឺមានសិទ្ធិលើការគ្រប់គ្រងទាំងអស់ និងផ្ដាច់ការខ្លាំងពេក ជាមួយ App Store របស់ពួកគេ ដែលធ្វើឲ្យបាត់បង់នឹងឱកាស លើការប្រកួតប្រជែងយ៉ាងធំ ហើយជាពិសេសលើក្រុមអ្នកបង្កើតកម្មវិធី ឬហ្គេម ក្នុងស្ថានភាពទ្រង់ទ្រាយតូចៗទាំងអស់។ នេះគឺអាចមានន័យថា ប្រសិនបើក្រុមអ្នកបង្កើតកម្មវិធី ឬហ្គេមទើបតែចាប់ផ្ដើមដំបូងៗ មិនមានថវិកាគ្រប់គ្រាន់ ដើម្បីដាក់ចូលទៅលើ App Store ដូច្នេះពួកគេនឹងបាត់បង់ឱកាសប្រកួតប្រជែង ជាមួយក្រុមហ៊ុនធំៗដទៃទៀត ទោះបីជាពួកគេមានគំនិតល្អយ៉ាងណាក៏ដោយ។ បន្ទាប់ពីនោះ គាត់ក៏បានបង្ហាញពីការគាំទ្រទៅឲុ្យ Google ថា បើនៅពេលដែលយើងមិនអាចដាក់ចូល Play Store បានពិតមែន ប៉ុន្ដែនៅមានឱកាសដំឡើងលើទូរសព្ទ Android តាមរយៈការទាញយកពីខាងក្រៅ បានដដែល ហើយធ្វើឲ្យការប្រកួតប្រជែង មានលក្ខណៈស្មើភាពគ្នាម្យ៉ាងដែរ។

***សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីទស្សនាការសម្ភាសន៍ពេញលេញតែម្ដង ៖

ហាក់បីដូចជាហ្គេម Fortnite អញ្ចឹងដែរ ដោយបើក្រុមហ៊ុន Epic Games មិនដាក់បញ្ចូលទៅលើ App Store នោះទេ គឺពួកគេមិនអាចឲ្យអ្នកលេងទាំងអស់ ធ្វើការដំឡើងលេងបាននោះទេ ដោយឡែក បើពួកគេមិនអាចដាក់ចូល Play Store បាន នោះអ្នកលេងនៅតែអាចដំឡើង ចេញពីវេបសាយខាងក្រៅបានទៀត។ សង្ឃឹមថា Apple នឹងឆ្លើយតបទៅកាន់មតិរបស់លោក Mark Zuckerberg ទៅចុះ ហើយស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់ភាពងាយស្រួលទៅដល់ អ្នកប្រើប្រាស់ទាំងអស់គ្នា។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង