Huawei បានប្រកាសចេញកាសឥតខ្សែ FreeBuds Pro ផ្លូវការហើយ ជាមួយមុខងារទប់សម្លេងរំខានកាន់តែប្រសើរ និងមានតម្លៃខ្ទង់ ៩៤ ម៉ឺនរៀល ឬ 235 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មិនខុសទេ កាលពីយប់មិញនេះ Huawei បានប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនជាច្រើន បន្ទាប់ពីគេបានប្រកាសចេញ EMUI 11 ហើយ ជាក់ស្ដែងមានដូចជា កុំព្យូទ័រយួរដៃម៉ូឌែលថ្មី, នាឡិកាឆ្លាត ក៏ដូចជាកាសឥតខ្សែជាដើម។ ដោយឡែក នៅក្នុងពេលនេះ យើងនឹងលើកយក កាសឥតខ្សែម៉ូឌែលថ្មីរបស់គេមកនិយាយម្ដង ដោយក្នុងនោះត្រូវបានគេហៅថា FreeBuds Pro នេះឯង ហើយវាមានការរចនារូបរាងប្លែកពីកាសឥតខ្សែរបស់ Huawei កន្លងមកដាច់ឆ្ងាយតែម្ដង ហើយលើកនេះ គេក៏បានបំពាក់បច្ចេកវិទ្យាកាន់តែទំនើបនៅលើនោះថែមទៀត។

ជាការពិតណាស់ សម្រាប់ការរចនារូបរាងនៅលើ Huawei FreeBuds Pro នោះ គឺមិនខុសពីដំណឹងលេចធ្លាយកន្លងមកនោះទេ ដោយវាត្រូវបានគេរចនារូបរាងប្លែកពីកាសឥតខ្សែរបស់ Huawei កន្លងទៅ និយាយឲ្យចំទៅ គឺស្រដៀងគ្នាជាមួយ AirPods Pro ទៅវិញ។ មិនខុសទេ FreeBuds Pro វាមានភ្ជាប់មកជាមួយជ័រទ្រាប់ត្រចៀក ខុសពី FreeBuds 3 កន្លងទៅ ហើយដោយសារជ័រទ្រាប់ត្រចៀកនោះ ទើបធ្វើឲ្យមុខងារទប់សម្លេងរំខានពីខាងក្រៅលើកនេះ កាន់តែប្រសើរជាងមុន ថែមមួយកកម្រិតទៀត។ គួរបញ្ជាក់ដែរថា FreeBuds 3 Pro បានបំពាក់មកជាមួយឈីប Kirin A1 របស់ Huawei ផ្ទាល់ ដែលមានរួមបញ្ចូលទាំង Bluetooth 5.2 លើសពីនេះ វាក៏មានភ្ជាប់មកជាមួយ Dynamic Drivers ទំហំ 11mm ថែមទាំងមានភ្ជាប់មកជាមួយ បច្ចេកវិទ្យាទប់សម្លេងរំខានដល់កម្រិត 40dB ឯណោះ ពោលគឺប្រសើរជាងមុខងារទប់សម្លេងរំខានរបស់ Sony SF-1000XM3 ទៅទៀត ដែលមានត្រឹមកម្រិត 38dB ប៉ុណ្ណោះ។ សម្រាប់មុខាងទប់សម្លេងរំខាននេះដែរ វាក៏បានផ្តល់ឲ្យអ្នកប្រើប្រាស់ ធ្វើការកំណត់តាមចំណូលចិត្តរបស់ខ្លួនបានផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ នៅលើកាសម្ខាងៗគឺមានភ្ជាប់មកជាមួយថាមពលថ្មទំហំ 55mAh ខណៈពេលប្រអប់សាករបស់វាវិញ គឺមានថាមពលថ្មទំហំ 580mAh គាំទ្របច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង 2W និងសាកខ្សែបានកម្លាំង 6W ហើយទាំងថ្មនៅលើកាស និងប្រអប់សាកនេះដែរ Huawei បញ្ជាក់ថា វាអាចកាន់បានដល់ទៅ 30 ម៉ោងឯណោះ។ គួរបញ្ជាក់ដែរថា វាក៏មានភ្ជាប់មកជាមួយឧបករណ៍ស្រូបសម្លេង 3 គ្រាប់, មានមុខងារ Call Noise Cancellation, Awareness Mode ក៏ដូចជា Voice Mode ជាដើម។ FreeBuds Pro មានជម្រើស 3 ពណ៌ដូចជា ស, ខ្មៅ ពណ៌ទឹកប្រាក់ ហើយសម្រាប់តម្លៃវិញ ក្នុងទីផ្សារអឺរ៉ុបគេបានដាក់លក់ខ្ទង់ ៩៤ ម៉ឺនរៀល ឬ 235 ដុល្លារ។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង