រយៈពេល 17 ឆ្នាំក្រោយមក ហ្គេម Prince of Persia: The Sands of Time ទទួលបានការកែតម្រូវក្រាហ្វិកសាជាថ្មី​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

នាពេលដើមឆ្នាំក្រោយនេះ អ្នកប្រើប្រាស់កុំព្យូទ័រ PC ក៏ដូចជាម៉ាស៊ីនហ្គេម Xbox One, PlayStation 4 នឹងអាចជាវហ្គេម Prince of Persia: The Sands of Time ដ៏ពេញនិយមកាលពីជាង 17 ឆ្នាំមុន មកលេងសាជាថ្មីម្ដងទៀតបាន ដោយវាត្រូវបានក្រុមហ៊ុន Ubisoft ធ្វើការកែតម្រូវក្រាហ្វិកឲ្យថ្មី មើលទៅកាន់តែច្បាស់ផងដែរ។ ស្របនឹងពេលប្រកាសចេញនោះ Ubisoft ក៏បានបង្ហោះវីដេអូថ្មីមួយ ដើម្បីដាក់បង្ហាញឲ្យឃើញពីក្រាហ្វិកថ្មី របស់ហ្គេមផ្សងព្រេងបែបវាយប្រហារមួយនេះ ហើយមតិរបស់អ្នកគាំទ្រជាច្រើននាក់ ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។

ខណៈពេលដែល អ្នកទស្សនាវីដេអូមួយនោះប្រមាណ 30% គឺចូលចិត្តនឹងអ្វីដែល Ubisoft បានផ្ដល់ជូនឲ្យសម្រាប់ហ្គេម Prince of Persia: The Sands of Time ប្រភេទ Remake សាជាថ្មី ដោយឡែក អ្នកទស្សនាផ្សេងៗទៀតដល់ទៅខ្ទង់ 70% ហាក់បីដូចជា មិនមានសូវសប្បាយចិត្តប៉ុន្មាននោះទេ។ បើយោងទៅតាមប្រអប់ Comment នៅខាងក្រោមវីដេអូមួយនោះ បានលាតត្រដាងឲ្យយើងដឹងថា មនុស្សភាគច្រើនពិតជាខកចិត្ត និងស្ទើរតែមិនជឿជាមួយក្រាហ្វិកថ្មីនេះ ព្រមទាំងមានអ្នកចង់ឲ្យក្រុមហ៊ុន Ubisoft ធ្វើការពន្យាពេលដាក់លក់ ដើម្បីចំណាយពេលធ្វើឲ្យក្រាហ្វិកស្អាតជាងនេះ មើលទៅទំនើបដូចពិតៗជាងនេះ ថែមទៀតផង។ ចំពោះដំណើរសាច់រឿង និងរបៀបនៃការលេងរបស់វាភាគច្រើន គឺមានលក្ខណៈដូចជា ហ្គេមស៊េរីដើមអញ្ចឹងដែរ ដោយគ្រាន់តែផ្លាស់ប្ដូរក្រាហ្វិកថ្មី ក៏ដូចជាចលនារបស់តួអង្គ ជាដើម។

***សូមទស្សនាវីដេអូខាងក្រោមនេះ ដែលជាការបង្ហាញពីហ្គេម Prince of Persia: The Sands of Time ‘Remake’ ៖

ហ្គេម Prince of Persia: The Sands of Time ប្រភេទ Remake ដែលកែតម្រូវក្រាហ្វិកថ្មីឡើងវិញនេះ នឹងត្រូវបានដាក់លក់នៅថ្ងៃទី 21 ខែមករា ឆ្នាំ 2021 ខាងមុខនេះ សម្រាប់ទាំងកុំព្យូទ័រ PC និងម៉ាស៊ីនហ្គេម Xbox One, PlayStation 4 ប៉ុន្ដែ Ubisoft មិនទាន់បញ្ជាក់ពីតម្លៃនៅឡើយ។ ចុះប្រិយមិត្តអ្នកអានវិញ តើមានមតិយ៉ាងណាដែរ ចំពោះការផ្លាស់ប្ដូរក្រាហ្វិកថ្មីនេះ? តើពួកគេចាំបាច់ត្រូវតែបន្ថែមក្រាហ្វិក ឲ្យកាន់តែដូចពិតៗជាងនេះឬទេ?

ដោយ​ ៖ Ubisoft
អត្ថបទទាក់ទង