នេះជានាឡិកាឆ្លាតវៃ Huawei Watch GT 2 Pro មានអេក្រង់ OLED និងសាកថ្មឥតខ្សែប្រភេទ Qi បាន​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ស្របនឹងពេលរៀបចំឡើងនូវព្រឹត្តិការណ៍ Huawei Developer Conference 2020 កាលពីពេលម្សិលមិញនេះ ក្រុមហ៊ុនចិន Huawei ក៏បានប្រកាសចេញផលិតផលថ្មីៗមួយចំនួន ជាមួយការប្រកាសចេញ HarmonyOS 2.0 ផងដែរ។ ផលិតផលមួយក្នុងចំណោមទាំងអស់នោះ គឺរួមមានទាំងនាឡិកាដៃឆ្លាតវៃ Huawei Watch GT 2 Pro ដើម្បីចូលខ្លួនមកជំនួសតំណែងឲ្យ Watch GT 2 កាលពីឆ្នាំមុនកន្លងទៅ ព្រមទាំងបានបន្ថែមលក្ខណៈសម្បត្តិថ្មីៗ ឲ្យកាន់តែទំនើបជាងមុនទៅទៀត។

ចំណុចលេចធ្លោថ្មីមួយ ដែលត្រូវបាន Huawei ដាក់បញ្ចូលឲ្យនាឡិកាដៃឆ្លាតវៃ Watch GT 2 Pro ជំនាន់ក្រោយរបស់ខ្លួន នោះគឺប្រាកដជាបច្ចេកវិទ្យាសាកថ្មឥតខ្សែ Qi ជាក់ជាមិនខានឡើយ ដោយអាចអនុញ្ញាតឲ្យ វាដាក់សាកថាមពលថ្ម នៅលើបន្ទះសាកថ្មឥតខ្សែបាន ហាក់បីដូចជា ទូរសព្ទឆ្លាតលំដាប់កំពូលៗអញ្ចឹងដែរ។ នេះគឺមានន័យថា Huawei Watch GT 2 Pro លែងចាំបាច់ទាល់តែប្រើដុំសាករបស់វា ទើបអាចសាកថ្មបាននោះទេ ហើយបច្ចេកវិទ្យាសាកថ្មឥតខ្សែ Qi ក៏មិនសូវជាប្រទះឃើញមានច្រើន នៅលើនាឡិកាឆ្លាតវៃ ថែមទៀតផង។

យើងទទួលបានជម្រើសចំនួន 2 ទៅលើ Huawei Watch GT 2 Pro ដោយវាមានប្រភេទ Sport ប្រើខ្សែដៃជ័រ Silicon និងប្រភេទ Classic ប្រើប្រាស់ខ្សែដៃស្បែក ដោយពួកវាសុទ្ធតែដំណើរការនៅលើ LiteOS ជាមួយការប្រើប្រាស់បន្ទះឈីប Kirin A1 ទាំងពីរ និងមានអេក្រង់ OLED ទំហំ 1.39 អ៊ីញ សម្រាប់គុណភាពបង្ហាញបានកម្រិត 454x454 ដូចជាជំនាន់មុន។ ក្រៅពីនេះ វាមានមុខងារវាស់ចង្វាក់បេះដូង, តាមដានអុកស៊ីសែនក្នុងឈាម, តាមដានដំណេក ក៏ដូចជាអាចចូលទឹកបានជម្រៅ 50M ក្នុងរយៈពេលដល់ 10 នាទីបាន។

ចំណែកឯថាមពលថ្មរបស់វាវិញ គឺអាចកាន់បានរយៈពេលដល់ 2 សប្ដាហ៍ ឬប្រើប្រាស់ GPS ជាប់បានខ្ទង់ 30 ម៉ោង ឬ ចាក់តន្ដ្រីជាប់បានខ្ទង់ 24 ម៉ោង នេះបើយោងតាមការអះអាងរបស់ Huawei បានបញ្ជាក់ប្រាប់មក។ ខណៈពេលដែល នាឡិកាដៃឆ្លាតវៃ Huawei Watch GT 2 Pro ប្រភេទ Sport មានតម្លៃខ្ទង់ ១ លាន ៥៥ ម៉ឺនរៀល ឬ 389 ដុល្លារ ដោយឡែកប្រភេទ Classic មានតម្លៃខ្ទង់ ១ លាន ៦៥ ម៉ឺនរៀល ឬ 413 ដុល្លារ នៅលើទីផ្សារបរទេស។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង