រថយន្តស្ព័រ Maserati MC20 ចេញផ្លូវការ ជាមួយកម្លាំងម៉ាស៊ីន 630 សេះ និងមានតម្លៃ 21 ម៉ឺនដុល្លារ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តទំនើប Maserati ទើបបានសម្រេចចិត្តធ្វើការប្រកាសចេញរថយន្ត Maserati MC20 ស៊េរីថ្មីជាផ្លូវការ ហើយវានឹងចូលមកជំនួសតំណែងពី Maserati MC12 ដែលបានចេញលក់កាលពីឆ្នាំ 2006 កន្លងទៅ។ រថយន្ដ Maserati MC20 គឺជាត្រកូលរថយន្ដស្ព័រដ៏ទំនើប ជាប្រភេទរថយន្ដ Supercar ដែលវាមានរចនាបថរូបរាងមិនធម្មតានោះទេ ដោយផ្នែកខាងក្នុងសុទ្ធតែបានបំពាក់មកជាមួយឧបករណ៍មានគុណភាពខ្ពស់ ហើយអ្វីពិសេសជាងគេនោះ គឺកម្លាំងម៉ាស៊ីន និងរូបរាងរបស់វាតែម្ដង ដែលធ្វើអោយរថយន្ដទំនើបមួយនេះ មើលកាន់តែអស្ចារ្យថែមទៀត។

ជាការពិតណាស់ សម្រាប់រថយន្តដ៏ទំនើប Maserati MC20 ម៉ូឌែលថ្មីនេះ គឺមានភ្ជាប់មកជាមួយម៉ាស៊ីន ដែលធ្វើអោយវាមានសន្ទុះរត់បានលឿន ជាប្រភេទ V6 ចំណុះ 3 លីត្រ (3.0-Liters) ប្រភេទ Twin-Turbo ដែលវាអាចជាន់បង្កើនល្បឿន ចាប់ពី 0 Km/h ដល់ 100 km/h ដោយចំណាយក្នុងរយៈពេលត្រឹមតែ 2.9 វិនាទីប៉ុណ្ណោះ ដែលពិតជាស្ទុះបានលឿនមែនទែន ជាមួយកម្លាំងសេះដល់ 630 HP (630 Horsepower) ព្រមទាំងមានកម្លាំងបង្វិលជុំ 538 lb-ft of Torque និងវាអាចបើកបរបានល្បឿនខ្ពស់បំផុតដល់ 325 km/h ឯណោះ។ 

លើសពីនេះទៅទៀត រថយន្តកំពូល Maserati MC20 បានបំពាក់មកជាមួយ ប្រអប់លេខប្រភេទ DCT មាន 8 វគ្គ ដែលប្រើល្បឿនបញ្ជូនទៅកង់ក្រោយ ហើយ Maserati MC20 ស៊េរីថ្មីនេះ ក៏មានផ្តល់ជូនជម្រើស Electronic Diff ថែមទៀតផង។ កាន់តែពិសេសជាងនេះទៅទៀត ចំពោះម៉ាស៊ីនរបស់ Maserati MC20 នេះ គឺត្រូវបានរចនាឡើងនៅក្នុងប្រទេសអ៊ីតាលីផ្ទាល់តែម្ដង និងបានបំពាក់មកជាមួយ Carbon Fiber លើផ្នែកជាច្រើន ដែលរថយន្តមួយនេះមានទម្ងន់ប្រមាណជា 1,500 គីឡូក្រាមប៉ុណ្ណោះ។ ក្រៅពីនេះ វាមានមន្ថែមមុខងារបើកបរខុសៗគ្នាចំនួន 5 គឺ GT Mode, Sport, Corsa, Wet និង ESC OFF Mode តម្រូវទៅតាមការចង់បានរបស់អ្នកបើកបរ ហើយវាមានជម្រើស 6 ពណ៌ ដូចជា Bianco Audace, Giallo Genio, Rosso Vincente, Blu Infinito, Nero Enigma និងពណ៌ Grigio Mistero ជាដើម។

ចំណែកផ្នែកខាងក្នុង អ្នកនឹងឃើញមានឧបករណ៍ទំនើបៗ និងប៊ូតុងចុចជាច្រើននៅលើដៃបង្កូត ដោយវាមានមុខងារបញ្ជាជាច្រើន និងដៃចង្កូតរបស់វា ត្រូវបានស្រោបដោយ Carbon Viber មានតម្លៃថ្លៃទៀតផង។ រីឯម៉ាស៊ីនបញ្ចេញខ្យល់ត្រជាក់ និងក្ដៅរបស់វាវិញមានរាងជ្រុងវែង និងឃើញមានអេក្រង់ទ្រវែងធំមួយទំហំ 10 អ៊ីញ។ អេក្រង់ចំកណ្ដាលនេះ គឺជាអេក្រង់សម្រាប់ការប្រើប្រាស់ទូទៅ ដែលអាចបញ្ជាមុខងារទូទៅ និងមានកម្មវីធីប្រើប្រាស់ជាច្រើន ហើយវាក៏បង្ហាញព័ត៌មានរបស់ប្រព័ន្ធដំណើរការរបស់ម៉ាស៊ីន ផងដែរ។ ជាចុងក្រោយ Maserati បានដាក់លក់រថយន្ដទំនើបមួយនេះ ក្នុងតម្លៃ 210,000 ដុល្លារ និងបានដាក់អោយកុម្ម៉ង់ទិញចាប់ពីពេលនេះតទៅហើយ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង