Assassin’s Creed: Valhalla នឹងចេញលក់ផ្លូវការនៅថ្ងៃទី 10 ខែវិច្ឆិកាខាងមុខនេះ​
ដោយ​ ៖ គង់គីត | 3 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីជាងមួយខែមុននេះ វីដេអូ Gameplay រយៈពេល 30 នាទី របស់ហ្គេម Assassin’s Creed: Valhalla ត្រូវបានដាក់បង្ហាញអោយទស្សនាជាផ្លូវការ និង Ubisoft បានបញ្ជាក់ថា វានឹងត្រូវចេញលក់ នៅថ្ងៃទី 17 ខែវិច្ឆិកាទៀតផង។ ដោយឡែក ក្នុងពេលនេះ ក្រុមហ៊ុន Ubisoft បានធ្វើការបញ្ជាក់ប្រាប់សាជាថ្មីថា ខ្លួននឹងបញ្ចេញលក់ហ្គេម Assassin’s Creed: Valhalla នៅមុនថ្ងៃកំណត់ ដែលបានគ្រោងទុកលើកមុន។

ជាការពិតណាស់ រហូតមកដល់ពេលនេះ Ubisoft ដែលជាក្រុមហ៊ុនបង្កើតហ្គេមមួយនេះឡើង បានសម្រេចចិត្តធ្វើការប្រកាសប្រាប់ជាផ្លូវការម្ដងទៀត កាលពីយប់មិញនេះថា ហ្គេម Assassin’s Creed: Valhalla នឹងត្រូវដាក់អោយលេងជាផ្លូវការ នៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះហើយ ដែលលឿនជាងកាលបរិច្ឆេទកាលពីមុនចំនួន 7 ថ្ងៃផងដែរ។ មូលហេតុដែល Ubisoft សម្រេចចិត្តធ្វើការប្រកាសចេញហ្គេម Assassin’s Creed: Valhalla នៅមុនថ្ងៃកំណត់បែបនេះ គឺដោយសារគេសង្ស័យថាក្រុមហ៊ុនខាងលើ ចង់បញ្ចេញហ្គេមរបស់ខ្លួនមួយនេះ អោយស្របពេលគ្នានឹងការប្រកាសចេញលក់ Xbox Series X និង Xbox Series S ដែរ ពីព្រោះ Microsoft គ្រោងនឹងបញ្ចេញម៉ាស៊ីនហ្គេមជំនាន់ចុងក្រោយរបស់ខ្លួន នៅថ្ងៃទី 10 ខែវិច្ឆិកាខាងមុខនេះ។ សូមរំលឹកផងដែរថា ក្នុងព្រឹត្តិការណ៍ប្រកាសបង្ហាញហ្គេមនេះ Ubisoft ក៏បានធ្វើការបញ្ចេញវីដេអូ Trailer ថ្មី និងវីដេអូ Gameplay មានរយៈពេល 30 នាទី ដើម្បីអោយយើងបានទស្សនាពីរបៀបលេង ក៏ដូចជាឈុតឆាកពិសេសៗ នៅក្នុងកំពូលហ្គេម Assassin’s Creed: Valhalla ផងដែរ។

អញ្ចឹង អាចនិយាយបានថាហ្គេម Assassin’s Creed: Valhalla នឹងត្រូវដាក់អោយលេងជាផ្លូវការ នៅមុនពេលកំណត់នៃការប្រកាសចេញពីមុន ចំនួន 7 ថ្ងៃ។ សរុបមកវិញ ហ្គេម Assassin’s Creed: Valhalla នឹងត្រូវបានដាក់លក់ជាផ្លូវការ នៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះ ដែលវានឹងមានលេងនៅលើ Platform ជាច្រើនដូចជា Xbox One, PS4, Google Stadia និងនៅកុំព្យូទ័រ ហើយវាក៏អាចនឹងមានលេងនៅលើ PS5 និង Xbox Series X ជំនាន់ចុងក្រោយផងដែរ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង