របាយការណ៍ថ្មី៖ ឈីប A14X សម្រាប់ប្រើជាមួយកុំព្យូទ័រ Mac នឹងត្រូវផលិតជាទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី 4 ខាងមុខ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

តាមរយៈព្រឹត្តិការណ៍ WWDC 2020 ដែលបានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ 2020 កន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសឲ្យមហាជនដឹងថា គិតចាប់ពីចុងឆ្នាំ 2020 ខាងមុខនេះតទៅ កុំព្យូទ័រ Mac នឹងចាប់ផ្តើមផ្លាស់ប្តូរទៅប្រើប្រាស់បន្ទះឈីបដែលបានអភិវឌ្ឍដោយពួកគេផ្ទាល់វិញ។ លើសពីនេះ ផ្អែកទៅតាមដំណឹងដែលទទួលបានកន្លងមក ក៏បានបង្ហាញឲ្យយើងដឹងផងដែរថា កុំព្យូទ័រ Mac ដំបូងគេ ដែលនឹងបំពាក់មកជាមួយបន្ទះឈីបដែលអភិវឌ្ឍដោយ Apple ផ្ទាល់ គឺជាប្រភេទកុំព្យូទ័រយួរដៃទំហំ 12 អ៊ីញ ដែលមានទំងន់ស្រាល និងមានថាមពលថ្មអាចប្រើប្រាស់បានខ្ទង់ចន្លោះពី 15 ទៅ 20 ម៉ោង ថែមទៀតផង។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ MacRumors យើងទទួលបានរបាយការណ៍ថ្មីមួយរាយការណ៍ដោយភ្នាក់ងារសារព័ត៌មានតៃវ៉ាន់ DigiTimes បានបង្ហាញឲ្យយើងដឹងថា ឈីប A14X សម្រាប់ប្រើជាមួយកុំព្យូទ័រ Mac នឹងត្រូវផលិតជាទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី 4 ឆ្នាំ 2020។ តាមរយៈរបាយការណ៍ដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា បន្ទះឈីប A14X ដែលនឹងត្រូវផលិតជាទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី 4 ខាងមុខនេះ ក៏នឹងត្រូវយកទៅប្រើជាមួយ iPad Pro ជំនាន់ថ្មី ឆ្នាំ 2021 ផងដែរ។ គួរបញ្ជាក់ផងថា បន្ទះឈីប A14X ត្រូវបានបង្កើតឡើងដោយផ្អែកទៅលើស្ថាបត្យកម្មទំហំ 5nm របស់ TSMC ក៏ដូចជាត្រូវបានផលិតផ្តាច់មុខដោយក្រុមហ៊ុន TSMC ផងដែរ។

បើយោងទៅតាមព័ត៌មានបែកធ្លាយដែលទទួលបានកន្លងមកនេះ បានបង្ហាញឲ្យយើងដឹងថា iPad Pro ជំនាន់ថ្មី ឆ្នាំ 2021 អាចនឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងអំឡុងត្រីមាសទី 1 ឆ្នាំ 2021 ខាងមុខនេះ។ ជាងនេះទៅទៀត វាក៏ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយបន្ទះបង្ហាញ mini-LED និងអាចគាំទ្របច្ចេកវិទ្យា 5G ក៏ដូចជាអាចនឹងភ្ជាប់មកជាមួយ RAM ទំហំ 8GB ថែមទៀតផង។

ដោយ​ ៖ DigiTimes
អត្ថបទទាក់ទង