ស៊ីភីយូ AMD Zen 3 និងក្រាហ្វិកកាតកំពូល Radeon RX 6000 Series ត្រៀមប្រកាសចេញនៅខែក្រោយនេះ​
ដោយ​ ៖ ឡេង | 3 សប្តាហ៍មុន SHARE

 

នាថ្ងៃទី 8 ខែតុលា ឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន AMD នឹងធ្វើការប្រកាសចេញ ក៏ដូចជាបង្ហាញពីសមត្ថភាព អំពីស៊ីភីយូជំនាន់ថ្មី Zen 3 ជាផ្លូវការតែម្ដង រីឯក្រាហ្វិកកាតកំពូល Radeon RX 6000 Series វិញនោះ នឹងត្រូវបានទុកប្រកាសនៅថ្ងៃទី 28 ខែតុលា ផងដែរ។ ចំណែកឯអ្វីដែលយើងអាចរំពឹងទុកបាន នោះគឺស៊ីភីយូមានកម្លាំងខ្លាំងជាងជំនាន់មុន ព្រមទាំងក្រាហ្វិកកាតស៊េរីថ្មី ដើម្បីប្រកួតប្រជែងជាមួយ RTX 3000 Series របស់ NVIDIA ជាដើម។

ខណៈពេលដែល យើងបានឃើញស៊ីភីយូ Ryzen 4000 Series នៅលើកុំព្យូទ័រយួរដៃរួចមកហើយ ប៉ុន្ដែពួកវាសុទ្ធតែប្រើប្រាស់ស្ថាបត្យកម្ម Zen 2 ប៉ុណ្ណោះ ហេតុដូច្នេះហើយ នាពេលឆាប់ៗខាងមុខនេះ យើងនឹងអាចឃើញស៊ីភីយូ Ryzen 4000 Series ជំនាន់ក្រោយ ដែលប្រើប្រាស់ស្ថាបត្យកម្ម Zen 3 ក៏អាចថាបាន។ ជាមួយនឹងក្រាហ្វិកកាតកំពូល Radeon RX 6000 Series គឺក្រុមហ៊ុន AMD បានបង្ហើបឲ្យដឹងមុនថា វានឹងប្រើប្រាស់ស្ថាបត្យកម្ម RDNA 2 ដោយមានបំពាក់បច្ចេកវិទ្យា Ray Tracing ជំនាន់ខ្ពស់ជាងមុន និងល្អប្រសើរជាងជំនាន់មុនប្រមាណ 50% ថែមទៀតផង។ យើងក៏អាចដឹងមុនផងថា ក្រាហ្វិកកាត Radeon RX 6000 Series នោះ គឺមានបំពាក់ជាមួយម៉ាស៊ីនហ្គេម PlayStation 5 និង Xbox Series X, Series S ដែលកំពុងត្រៀមប្រកាសចេញនៅចុងឆ្នាំនេះ។ 

អញ្ចឹង ប្រសិនបើអ្នកទាំងអស់គ្នាជាអ្នកគាំទ្រ AMD កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា នៅថ្ងៃទី 8 ខែតុលា សម្រាប់ព័ត៌មានលម្អិតរបស់ AMD Zen 3 និងថ្ងៃទី 28 ខែតុលា សម្រាប់ព័ត៌មានលម្អិតរបស់ ក្រាហ្វិកកាតកំពូល Radeon RX 6000 Series ថាតើពួកវាមានលក្ខណៈសម្បត្តិ ល្អប្រសើរជាងជំនាន់មុនៗ ដល់កម្រិតណាទៅ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង