កម្មវិធី Google Maps សម្រាប់ Apple Watch បានត្រឡប់មកឲ្យទាញយកនៅលើ App Store វិញហើយ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ទីបំផុតកម្មវិធី Google Maps សម្រាប់ប្រើប្រាស់លើ Apple Watch បានប្រទះឃើញនៅលើ App Store ម្ដងទៀតហើយ ដូចតាមការសន្យារបស់ Google កាលពីខែមុនពិតមែន បន្ទាប់ពីបានដកខ្លួនចេញពី watchOS នៅក្នុងឆ្នាំ 2017 ផងដែរ។ ចាប់ពីពេលនេះតទៅ រៀងរាល់ម្ចាស់នាឡិកាឆ្លាតវៃ Apple Watch នឹងអាចធ្វើការទាញយក Google Maps មកដំឡើងប្រើបានជាធម្មតាវិញ ប្រសិនបើកម្មវិធី Apple Maps មិនមែនជាជម្រើសរបស់ពួកគេ។

គួរបញ្ជាក់មុនផងថា Google Maps សម្រាប់ Apple Watch គឺមិនមានការបង្ហាញពីផែនទី ដូចមាននៅលើកម្មវិធី Apple Maps នោះទេ ដោយឡែក វានឹងបង្ហាញជូនតែទិសដៅម្តងមួយជំហាន ក៏ដូចជារយៈពេលធ្វើដំណើរ និងមុខងារផ្លូវកាត់ទៅកាន់ផ្ទះ “Home” ឬកន្លែងធ្វើការ “Work” របស់លោកអ្នក ដែលបានកំណត់ទុកមុនទាំងអស់នោះ។ អ្វីដែលវាមានប្រយោជន៍បំផុត នោះគឺស្ថិតនៅត្រង់ការបង្ហាញទិសដៅ ថាតើនៅពេលដល់ផ្លូវមួយណាត្រូវបត់ឆ្វេង ហើយផ្លូវមួយណាត្រូវទៅត្រង់ រហូតដល់ចំណុចគោលដៅតែម្ដង។ ហេតដូច្នេះហើយ Google នៅតម្រូវឲ្យប្រើប្រាស់កម្មវិធីនៅលើទូរសព្ទដដែល សម្រាប់អ្នកចង់ពិនិត្យមើលផែនទី ឬងាយស្រួលស្វែងរកព័ត៌មាន អំពីទីតាំងរបស់កន្លែងណាមួយ ជាដើម។

***ដើម្បីចូលទៅទាញយកកម្មវិធី Google Maps សម្រាប់ Apple Watch នៅលើ App Store សូមចុចទីនេះ

បើសិនជាលោកអ្នកចង់បាន ការបង្ហាញពីផែនទីពេញលេញ ដូចជាមាននៅលើទូរសព្ទឆ្លាត ដូច្នេះគួរតែប្រើប្រាស់ Apple Maps វិញ ព្រោះតែកម្មវិធី Google Maps នេះ អាចធ្វើការបង្ហាញបានតែ ជំហានទិសដៅ, រយៈពេលធ្វើដំណើរ និងមួយចំនួនទៀតប៉ុណ្ណោះ។

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង