ទូរសព្ទឆ្លាតអេក្រង់បត់ Moto RAZR 5G ជំនានទី 2 ប្រកាសចេញជាផ្លូវការ និងមានតម្លៃខ្លួនខ្ទង់ ៥ លាន ៦០ ម៉ឺនរៀល​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ស្របនឹងពេលក្រុមហ៊ុន Motorola ប្រកាសចេញទូរសព្ទឆ្លាតអេក្រង់បត់ RAZR ជំនាន់ដំបូងរបស់ខ្លួន កាលពីចុងឆ្នាំមុនកន្លងទៅនេះ ដោយវាទទួលបានប្រជាប្រិយភាពគួរសម នៅលើទីផ្សារសហរដ្ឋអាមេរិក ប៉ុន្ដែមិនពង្រីកដល់លើទីផ្សារសកលនោះទេ។ ឥឡូវនេះ យើងមានឱកាសបានឃើញរូបរាងថ្មី ជាមួយនឹងម៉ូឌែល Moto RAZR 5G ជំនាន់ទី 2 ជាផ្លូវការហើយ ដោយវាត្រូវបានកែសម្រួលចំណុចមួយចំនួន ឲ្យកាន់តែល្អប្រសើរជាងជំនាន់មុន ក៏ដូចជាបន្ថែមនូវបច្ចេកវិទ្យា 5G ជាមួយគ្នាផងដែរ។

 

អ្វីដែលគត់សម្គាល់ជាងគេនោះ ប្រាកដជាការផ្លាស់ប្ដូរកន្លែងស្កេនម្រាមដៃ ពីនៅតំបន់ចង្កាខាងក្រោម ទៅបំពាក់នៅចំរូបតំណាង Logo របស់ស្លាកយឺហោ Motorola វិញតែម្ដង ដោយតម្រូវឲ្យអ្នកប្រើប្រាស់បើម្រាមចង្អុល ដើម្បីស្កេនម្រាមដៃពីខាងក្រោយ ខុសពីការប្រើប្រាស់ម្រាមមេ ដើម្បីស្កេននៅពីខាងមុខ ជាមួយម៉ូឌែល RAZR ជំនាន់ដំបូងគេ។ បន្ទះអេក្រង់បត់ P-OLED នៅខាងក្នុងរបស់វា នៅតែមានទំហំ 6.2 អ៊ីញ និងអេក្រង់ G-OLED បន្ថែមខាងក្រៅនៅមានទំហំ 2.7 អ៊ីញដដែល ព្រមទាំងរក្សាថ្ងាសឆកថែមទៀតផង។

ចំពោះលក្ខណៈសម្បត្តិរបស់វា រួមមានដូចជាបន្ទះឈីប Snapdragon 765G (5G) ជាមួយជម្រើសរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 256GB ហើយមានថាមពលថ្មទំហំ 2,800mAh លើសពីជំនាន់មុនប្រមាណ 300mAh ប៉ុណ្ណោះ។ លើកនេះ Motorola បានបំពាក់កាមេរ៉ា 48MP f/1.7 នៅខ្នងខាងក្រោយ (ជំនាន់មុនត្រឹមតែ 16MP f/1.7) និងនៅមានលេន ToF 3D (Depth) ដដែល ដោយកាមេរ៉ាខាងមុខមានទំហំ 20MP ធ្វើឲ្យធំជាងកាមេរ៉ាមុខទំហំ 5MP នៅលើជំនាន់មុន។

ជាការពិតណាស់ Motorola ពិតជាមិនសូវកែប្រែច្រើនទៅឲ្យ RAZR 5G នោះទេ ប៉ុន្ដែពួកគេអះអាងមកថា គន្លាក់បត់របស់វានេះ គឺមានប្រសិទ្ធភាពល្អប្រសើរជាងជំនាន់មុន និងរឹងមាំថែមទៀតផង។ ទូរសព្ទឆ្លាតអេក្រង់បត់ Moto RAZR 5G នឹងត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៥ លាន ៦០ ម៉ឺនរៀល ឬ 1,399 ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយថយចុះពីតម្លៃរបស់ជំនាន់ដំបូង បានប្រហែលប្រមាណ 100 ដុល្លារ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង