ម៉ាស៊ីនហ្គេម Xbox Series X នឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 ជាមួយតម្លៃ 499 ដុល្លារ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

មិនខុសពីដំណឹងដែលយើងទទួលបានកាលពីម្សិលមិញមែន ដោយកាលពីយប់មិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួន Microsoft បានបញ្ជាក់ឲ្យមហាជនដឹងថា ម៉ាស៊ីនហ្គេមជំនាន់ថ្មី Xbox Series X នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ១ លាន ៩៩ ម៉ឺន ៦ ពាន់រៀល (499 ដុល្លារ) ហើយវានឹងត្រូវដាក់ឲ្យកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃទី 22 ខែកញ្ញា ខាងមុខនេះ ក៏ដូចជានឹងត្រូវដាក់លក់ជាផ្លូវការថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះផងដែរ។

ផ្អែកតាមការបញ្ជាក់របស់ Microsoft ផ្ទាល់ បានធ្វើឲ្យយើងដឹងថា Xbox Series X បានបំពាក់មកជាមួយបន្ទះឈីប AMD Zen 2 ទំហំ 7nm មាន Cores សរុបចំនួន 8 គ្រាប់ អាចរត់បានក្នុងល្បឿន 3.8GHz គួបផ្សំជាមួយក្រាហ្វិកកាត (GPU) របស់ AMD ផ្អែកលើស្ថាបត្យកម្ម RDNA2 ដែលមានកម្លាំងគណនាខ្ទង់ប្រហែលជា 12 Teraflop គួបផ្សំជាមួយ Compute Unit (CUs) ចំនួន 52 គ្រាប់ អាចរត់បានក្នុងល្បឿន 1.825GHz ក៏ដូចជាអមមកជាមួយ RAM ប្រភេទ GDDR6 មានទំហំ 16GB។ ជាងនេះទៅទៀត Xbox Series X បានភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 1TB ជាប្រភេទ NVME SSD គួបផ្សំជាមួយស្ថាបត្យកម្ម Velocity ថែមទៀតផង។ ម៉្យាងវិញទៀត Microsoft ក៏បានអនុញ្ញាឲ្យអ្នកប្រើប្រាស់អាចធ្វើការបន្ថែមអង្គផ្ទុកទិន្នន័យពីខាងក្រៅបន្ថែមទៀត រហូតដល់ទៅ 1TB តាមរយៈ Expansion Card ផងដែរ។ Xbox Series X មានសមត្ថភាពអាចដំណើរការហ្គេមបានក្នុងកម្រិត 4K ជាមួយល្បឿនក្នុងចន្លោះពី 60FPS ទៅដល់ 120FPS គួបផ្សំជាមួយបច្ចេកវិទ្យា Ray Tracing ផងដែរ។ លើសពីនេះ សម្រាប់ហ្គេមមួយចំនួន Xbox Series X អាចដំណើរការបានដល់ទៅក្នុងកម្រិត 8K ថែមទៀតផង។

ស្របពេលនោះដែរ Microsoft ក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា Xbox Series S បានបំពាក់មកជាមួយបន្ទះឈីប AMD Zen 2 ទំហំ 7nm មាន Cores សរុបចំនួន 8 គ្រាប់ អាចរត់បានក្នុងល្បឿន 3.6GHz គួបផ្សំជាមួយក្រាហ្វិកកាត (GPU) របស់ AMD ផ្អែកលើស្ថាបត្យកម្ម RDNA2 ដែលមានកម្លាំងគណនាខ្ទង់ប្រហែលជា 4 Teraflop គួបផ្សំជាមួយ Compute Unit (CUs) ចំនួន 20 គ្រាប់ អាចរត់បានក្នុងល្បឿន 1.565GHz ក៏ដូចជាអមមកជាមួយ RAM ប្រភេទ GDDR6 មានទំហំ 10GB ផងដែរ។ Xbox Series X បានភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 512GB ជាប្រភេទ NVME SSD គួបផ្សំជាមួយស្ថាបត្យកម្ម Velocity ក៏ដូចជាអាចធ្វើការបន្ថែមអង្គផ្ទុកទិន្នន័យពីខាងក្រៅបន្ថែមទៀត រហូតដល់ទៅ 1TB តាមរយៈ Expansion Card ផងដែរ។ Xbox Series S អាចដំណើរការហ្គេមបានក្នុងកម្រិត 1440P ជាមួយល្បឿនក្នុងចន្លោះពី 60FPS ទៅដល់ 120FPS និងមានសមត្ថភាពអាចធ្វើការបង្កើនកម្រិតបង្ហាញឡើងទៅ 4K ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យា Ray Tracing សម្រាប់ហ្គេមមួយចំនួនថែមទៀតផង។ គួរបញ្ជាក់ផងថា Xbox Series S នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ១ លាន ១៩ ម៉ឺន ៦ ពាន់រៀល (299 ដុល្លារ) ហើយវានឹងត្រូវដាក់លក់ជាផ្លូវការការតំណាលគ្នាជាមួយ Xbox Series X តែម្តង។

ដោយ​ ៖ Microsoft
អត្ថបទទាក់ទង