ម៉ាស៊ីនហ្គេម Xbox Series S នឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបានបែកធ្លាយដំណឹងទាក់ទងទៅនឹងម៉ាស៊ីនហ្គេមជំនាន់ថ្មី Xbox Series S អស់មួយរយៈរួចមក កាលពីម្សិលមិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួន Microsoft បានបញ្ជាក់ឲ្យមហាជនបានដឹងពីវត្តមានរបស់ Xbox Series S ជាផ្លូវការ។ ដោយឡែកនៅក្នុងថ្ងៃនេះ Microsoft បានបង្ហោះវីដេអូថ្មីមួយដែលបញ្ជាក់ឲ្យយើងបានដឹងយ៉ាងច្បាស់ថា Xbox Series S នឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី 10 តុលា ឆ្នាំ 2020 ខាងមុខនេះតែម្តង។ 

ជាងនេះទៅទៀត វាក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា Xbox Series S មិនបានភ្ជាប់មកជាមួយកន្លែងសម្រាប់ចាក់ឌីស (Optical Disc Drive) នោះទេ ដូច្នេះមានន័យថា ដើម្បីអាចលេងហ្គេមបានវាតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការ Download ហ្គេមដែលពួកគេចង់លេងចេញពី Store របស់ Xbox ជាមុនសិន ឬមួយក៏លេងតាមសេវាកម្ម Xbox Game Pass Ultimate។ តាមរយៈវីដេអូនេះដែរ ក៏បានបង្ហាញថា Xbox Series S នឹងអាចដំណើរការហ្គេមជំនាន់ថ្មីក្នុងកម្រិត 1440P ជាមួយល្បឿនរហូតដល់ទៅ 120FPS និងមានសមត្ថភាពអាចធ្វើការបង្កើនកម្រិតបង្ហាញឡើងទៅ 4K ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យា Ray Tracing សម្រាប់ហ្គេមមួយចំនួនថែមទៀតផង។

តាមរយៈវីដេអូដដែលនេះ ក៏បានបង្ហាញទៀតថា Xbox Series S មានទំហំតូចជាង Xbox Series X ដល់ទៅជិត 60% ក៏ដូចជាបានភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យប្រភេទ SSD ដែលបានកែច្នៃយ៉ាងពិសេសដោយ Microsoft គួបផ្សំជាមួយស្ថាបត្យកម្ម Xbox Velocity ថែមទៀតផង។ លើសពីនេះ ម៉ាស៊ីនហ្គេម Xbox Series S ក៏នឹងត្រូវដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ១ លាន ១៩ ម៉ឺន ៦ ពាន់រៀល (299 ដុល្លារ) ខណៈដែល Xbox Series X អាចនឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ១ លាន ៩៩ ម៉ឺន ៦ ពាន់រៀល (499 ដុល្លារ) ហើយវាត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការការតំណាលគ្នាជាមួយ Xbox Series S ផងដែរ។

ដោយ​ ៖ Microsoft
អត្ថបទទាក់ទង