កាសឥតខ្សែ Nokia Essential True Wireless E3500 ត្រូវបានដាក់លក់ជាផ្លូវការ ក្នុងតម្លៃខ្ទង់ ១៩ ម៉ឺនរៀល (48 ដុល្លារ)​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ក្រៅពីទូរសព្ទឆ្លាតហើយនោះ Nokia ក៏បានពង្រីកវិសាលភាពខ្លួន ទៅលើផលិតកម្មឧបរណ៍អេឡិចត្រូនិចជាច្រើនផ្សេងទៀត ដូចជាទូរទស្សន៍ឆ្លាតវៃ, Router និងកាសស្តាប់ត្រចៀកជាដើម។ ជាក់ស្តែង កាលពីមួយខែមុននេះ ពួកគេបានប្រកាសចេញកាសឥតខ្សែជំនាន់ថ្មីៗ រហូតដល់ទៅ 3 ម៉ូឌែលឯណោះ រួមមានដូចជា Nokia Essential True Wireless Earphones E3500, E3200 និងកាសក្តោបត្រចៀកមួយផងដែរ។ 

ដោយឡែក រហូតមកដល់ក្នុងថ្ងៃនេះតែម្តង ទើបក្រុមហ៊ុនខាងលើ សម្រេចបញ្ចេញលក់ជាផ្លូវការ នៅលើទីផ្សារប្រទេសចិនមុនគេ សម្រាប់ម៉ូឌែល Nokia E3500 ក្នុងតម្លៃខ្ទង់ ១៩ ម៉ឺន ២ ពាន់រៀល ឬប្រហាក់ប្រហែល 48 ដុល្លារ ជាមួយជម្រើសពណ៌ 3 ដូចជាពណ៌ខៀវ, ស និងខ្មៅ។ កាសឥតខ្សែ Nokia Essential True Wireless Earphones E3500 នេះ បានបំពាក់មកជាមួយ Driver ទំហំ 10mm ក៏ដូចជាប្រើប្រាស់បច្ចេកវិទ្យា Qualcomm aptX និង Qualcomm cVc (Clear Voice Capture) ដើម្បីឲ្យវាជួយកាត់បន្ថយសម្លេងរំខាន នៅពេលដែលនិយាយទូរសព្ទ។ លើសពីនេះ វាក៏មានមុខងារ Ambient Mode អនុញ្ញាតឲ្យអ្នកប្រើអាចស្ដាប់សម្លេងពីមជ្ឈដ្ឋានខាងក្រៅបានច្បាស់ ដោយមិនចាំបាច់ដកកាសចេញពីត្រចៀក ហើយអាចគាំទ្រជំនួយការសម្លេង Google Assistant និង Siri គួបផ្សំ Bluetooth 5.0 និងបច្ចេកវិទ្យាការពារទឹកកម្រិត IPX5 ថែមទៀតផង។ ចំណុចដែលពិបាកនឹងប្រកែកនោះ ត្រង់រចនាបថរបស់វា ពិតជាស្រដៀងទៅនឹង AirPods Pro ខ្លាំង។ សម្រាប់ថាមពលថ្មវិញ កាស Nokia E3500 មានថ្មទំហំ 48mAh ដែលអាចកំដរអ្នកប្រើបានដល់ 7 ម៉ោង បូករួមថាមពលថ្មទំហំ 360mAh នៅលើប្រអប់កាសទៀត គឺអាចប្រើបានដល់ 25 ម៉ោង បើគិតបញ្ចូលគ្នា។ 

សរុបមក កាសឥតខ្សែជំនាន់ថ្មី Nokia Essential True Wireless Earphones E3500 ចាប់ផ្តើមមានដាក់លក់លើទីផ្សារ នៅថ្ងៃនេះតទៅហើយ ប៉ុន្តែបច្ចុប្បន្ន វាមានតែក្នុងប្រទេសចិនប៉ុណ្ណោះ។ ហើយគួរតែអាចនឹងបង្ហាញខ្លួន លើទីផ្សារប្រទេសកម្ពុជាយើងផងដែរ ជាមួយតម្លៃ ក៏ប្រហែលជានឹងមានការប្រែប្រួលបន្តិចបន្តួច។ 

ដោយ​ ៖ Gizchina
អត្ថបទទាក់ទង