Samsung ទើបបញ្ចេញកាសឥតខ្សែ Galaxy Buds Live ជម្រើស FILA Limited-Edition ថ្មី មានតម្លៃខ្ទង់ ៧០ ម៉ឺនរៀល (175 ដុល្លារ)​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីកាសឥតខ្សែជំនាន់ថ្មី Galaxy Buds Live បានបង្ហាញវត្តមានជាផ្លូវការ អស់រយៈពេលជាង 1 ខែរួចមក ឥឡូវនេះ Samsung ក៏បានចាប់ដៃគូសហការណ៍គ្នា ជាមួយនឹងស្លាកយីហោ FILA ដែលជាក្រុមហ៊ុនល្បីល្បាញមួយ ផ្នែកសំលៀកបំពាក់កីឡា ក្នុងការផលិតឡើងនូវ Galaxy Buds Live ប្រភេទ FILA Limited Edition យ៉ាងពិសេស សម្រាប់បំពេញតម្រូវការបន្ថែម ទៅដល់អ្នកគាំទ្រប្រេនទាំង 2 ដែលចូលចិត្តលេងស្ទាយ ឬប្រើប្រាស់ប្រភេទ Limited Edition ជាដើម។ 

យ៉ាងណាក៏ដោយ កាសឥតខ្សែ Galaxy Buds Live ជម្រើសថ្មី FILA Edition នេះ ត្រូវបានប្រកាសចេញលក់ សម្រាប់តែក្នុងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ ជាមួយតម្លៃដាក់លក់ខ្ទង់ 175 ដុល្លារ ដែលខុសគ្នាបន្តិច បើធៀបនឹងជម្រើសដើម (169 ដុល្លារ)។ ដោយក្នុងនោះ វាបានវេចខ្ចប់មកមួយឈុតតែម្តង រួមមានដូចជាកាស Galaxy Buds Live មានពណ៌ Mystic White មួយគូ, សំបក Case រំលេចឡើងដោយឡូហ្គូ FILA និងបន្តោងសោ តំណែងឲ្យរូបស្បែកជើងម៉ាក FILA តូចមួយ គួរឲ្យទាក់ទាញ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺវាត្រូវបានផលិតមកតែចំនួន 2,000 គ្រឿងនោះទេ ព្រោះដូចបានបញ្ជាក់ខាងលើហើយអញ្ចឹងថា Samsung សម្រេចផលិតវាឡើងនេះ ក្នុងនាមជាប្រភេទ Limited Edition ដើម្បីជាយុទ្ធសាស្រ្តទាក់ទាញអតិថិជន ឲ្យចំណាប់អារម្មណ៍ និងទិញទៅប្រើច្រើន ក៏ដូចជា ផ្តល់ភាពច្នៃប្រឌិតបន្ថែម ដល់ផលិតផលថ្មីៗរបស់ខ្លួន។ 

និយាយរួមមក ជាធម្មតាទៅហើយ ដែល Samsung ចាប់ដៃគូនឹងក្រុមហ៊ុនផ្សេងៗ និងផលិតឡើងនូវ ផលិតផលជំនាន់ថ្មីៗរបស់ខ្លួន កាន់តែមានភាពទាក់ទាញ ច្នៃប្រឌិតបែបនេះ ព្រោះថាក្រុមហ៊ុនខាងលើ ក៏បានប្រកាសចេញទូរសព្ទអេក្រង់បត់ជំនាន់ថ្មី Galaxy Z Flip និង Z Fold 2 Thom Bronze Limited Edition ផងដែរ ហើយលើកនេះ បញ្ចេញកាសឥតខ្សែ Galaxy Buds Live FILA ប្រភេទ Limited Edition ដូចគ្នាថែមទៀត។  

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង