ប្រភពមួយបញ្ជាក់ថា Apple Watch និង iPad Air ជំនាន់ថ្មី អាចនឹងត្រូវចេញជាផ្លូវការនៅក្នុងយប់នេះ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីជាង 1 សប្តាហ៍មុន តាមរយៈគេហទំព័រ MacRumors បានធ្វើឲ្យយើងដឹងថា Apple បានធ្វើការចុះឈ្មោះ Apple Watch ថ្មី ចំនួន 8 ម៉ូឌែល និង iPad ថ្មី ចំនួន 7 ម៉ូឌែល ចូលទៅក្នុងបញ្ជី Eurasian Economic Commission (EEC)។ ដូច្នេះវាគឺជាតម្រុយមួយនេះ ដែលបង្ហាញឲ្យយើងដឹងថា Apple Watch និង iPad ជំនាន់ថ្មី អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះជាទម្លាប់មុនពេលដែលផលិតផលថ្មីៗរបស់ Apple ត្រៀមនឹងប្រកាសចេញជាផ្លូវការ យើងតែងតែឃើញវត្តមានរបស់ពួកវាបង្ហាញខ្លួននៅក្នុងបញ្ជី EEC ជានិច្ច។ 

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Jon Prosser បានបញ្ជាក់ឲ្យយើងដឹងថា Apple Watch និង iPad Air ជំនាន់ថ្មី នឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងយប់នេះតែម្តង។ ជាងនេះទៅទៀត ប្រភពដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងដឹងបន្ថែមទៀតថា ការប្រកាសចេញរបស់ Apple Watch និង iPad Air ជំនាន់ថ្មីនេះដែរ នឹងត្រូវឡើងតាមរយៈគេហទំព័រផ្លូវការរបស់ Apple តែម្តង។ ខណៈដែល លោក Mark Gurman ដែលគេស្គាល់ថាជាភ្នាក់ងាររបស់សារព័ត៌មានដ៏ល្បីឈ្មោះ Bloomberg បាននិយាយថា នៅក្នុងយប់នេះ Apple អាចនឹងមិនប្រកាសចេញ Apple Watch ឬ iPad Air ជំនាន់ថ្មីនោះទេ ប៉ុន្តែជំនួសមកវិញ Apple អាចនឹងបញ្ជាក់ប្រាប់ពីថ្ងៃប្រកាសចេញជាផ្លូវការ iPhone 12 Series ឲ្យមហាជនបានដឹង។  

ហេតុដូច្នេះហើយ ខណៈពេលនេះយើងមិនទាន់អាចប្រាកដបានថា តើប្រភពណាមួយត្រូវ ហើយប្រភពមួយណាខុសនោះទេ អញ្ចឹងយើងមានតែរង់ចាំតាមដានទាំងអស់គ្នានៅក្នុងយប់នេះ ទើបដឹងច្បាស់ថាប្រភពមួយណាខុស ប្រភពមួយណាត្រូវ ឬក៏អាចខុសទាំង 2 ក៏ថាបាន។ ផ្អែកទៅតាមដំណឹងដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា Apple Watch Series 6 អាចនឹងមានរចនាបថផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Apple Watch Series 5 ខណៈដែល iPad Air ជំនាន់ទី 4 អាចនឹងមានរចនាបថរូបរាងខាងក្រៅស្រដៀងគ្នាទៅនឹង iPad Pro 11 អ៊ីញ ឆ្នាំ 2018។  

ដោយ​ ៖ Jon Prosser
អត្ថបទទាក់ទង