Apple បញ្ជាក់ថា iPhone ក៏អាចប្រើដុំសាករបស់ iPad ឬ Mac បាន ដោយមិនប៉ះពាល់ដល់ថ្មទេ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

មនុស្សមួយចំនួនធំបានដឹងហើយថា ការប្រើប្រាស់ដុំសាកកម្រិតវ៉ាត់ខ្ពស់ ទៅដោតជាមួយឧបករណ៍ឆ្លាតវៃ (ទូរសព្ទឆ្លាត ឬ ថេប្លេត) ដែលមិនគាំទ្រដល់កម្រិតវ៉ាត់ខ្ពស់នោះ នឹងអាចប៉ះពាល់ដល់គុណភាពថ្មបាន ព្រោះតែវានឹងធ្វើឲ្យទូរសព្ទឡើងកម្ដៅខ្លាំង ខុសពីធម្មតាតែម្ដង។ យ៉ាងណាមិញ នាពេលថ្មីៗកន្លងទៅនេះ Apple បានលើកឡើងមកថា រៀងរាល់ម្ចាស់ iPhone នឹងអាចយកដុំសាករបស់ iPad ឬពពួកកុំព្យូទ័រ Mac ដែលមានកម្លាំង 18W, 29W, 30W, 61W, 87W និងសូម្បីតែ 96W ទៅសាកបញ្ចូលថ្មជាប្រចាំបាន ដោយមិនចោទជាបញ្ហាឡើយ។

ចំពោះមូលហេតុដែល Apple និយាយមកបែបនេះ ក៏ដោយសារតែ iPhone គឺមានភ្ជាប់មកជាមួយបច្ចេកវិទ្យាម្យ៉ាង ដែលទទួលយកកម្លាំងសាកបញ្ចូលថ្មពីដុំសាក ត្រឹមតែកម្លាំងដែលពួកគេអាចគាំទ្របានប៉ុណ្ណោះ។ ឧបករណ៍ថា ម៉ូឌែល iPhone 8 អាចគាំទ្របានត្រឹម 15W ដូច្នេះបើទោះបីជាយកដុំសាកកម្លាំង 96W ទៅឲ្យដោតបញ្ចូលថ្ម នោះវានឹងទទួលយកតែ 15W នោះទេ ដោយខុសពីទូរសព្ទម៉ាកផ្សេងៗមួយចំនួនទៀត។ អញ្ចឹង អ្វីដែលអ្នកទាំងអស់គ្នាត្រូវការ នោះគឺដុំសាកចាប់ពីចន្លោះ 18W, 29W, 30W, 61W, 87W ដល់ 96W ដែលមានរន្ធប្រភេទ USB Type C និងត្រូវការខ្សែប្រភេទ Type-C ទៅ Lightning ដើម្បីដោតបញ្ចូលទៅឲ្យ iPhone ម៉ូឌែលណាមួយ បានជាការស្រេច។ លើសពីនេះទៅទៀត Apple ក៏បានប្រាប់មកថា ដុំសាក និងខ្សែសាក របស់ក្រុមហ៊ុនផ្សេងៗដូចជា Anker ជាមួយបច្ចេកវិទ្យា PD ក៏អាចយកមកសាកបែបនេះបានដូចគ្នា។


ក្រៅពីពពួកម៉ូឌែល iPhone ហើយ ក្រុមហ៊ុន Apple បានបញ្ជាក់ទៀតថា iPod, Apple Watch, AirPods និងផលិតផលផ្សេងៗទៀតរបស់ខ្លួន ក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យានេះដែរ ដោយពួកវាមិនទទួលយកកម្លាំងសាក លើសពីចំនួនកំណត់រៀងៗខ្លួននោះទេ ដើម្បីជួយថែរក្សាគុណភាពថ្មផងដែរ។ ហេតុនេះហើយ យើងមិនចាំបាច់បារម្ភពីការប្រើប្រាស់ ដុំសាកកម្រិតវ៉ាត់ខ្ពស់ខ្លាំងរបស់ iPad ឬ Mac ទៅដោតជាមួយ ឧបករណ៍តូចៗរបស់ Apple ទៀតនោះទេ។

ដោយ​ ៖ Apple
អត្ថបទទាក់ទង