លេចចេញប្រអប់របស់កាមេរ៉ា GoPro Hero9 Black ជាមួយលក្ខណៈសម្បត្តិថ្មីៗមួយចំនួន​
ដោយ​ ៖ ឡេង | 3 សប្តាហ៍មុន SHARE

 

ដើមសប្ដាហ៍មុន ក្រុមការងារយើងប្រទះឃើញថា GoPro បានច្រឡំបង្ហោះអំពីកាមេរ៉ា Hero9 Black នៅលើវេបសាយផ្លូវការរបស់ខ្លួន ដោយមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ហើយក៏ដូចជាតម្លៃដាក់លក់របស់វា។ ឈានមកដល់ពេលថ្មីៗនេះ ប្រអប់របស់កាមេរ៉ា GoPro Hero9 Black តែម្ដង គឺត្រូវបានលេចធ្លាយចេញមក ជាមួយលក្ខណៈសម្បត្តិត្រួសៗ និងមានរូបភាពនៅខាងក្រៅ ថែមទៀតផង។

តាមរយៈប្រអប់មួយនោះ គឺបានឲ្យយើងដឹងមុនថា GoPro Hero9 Black អាចមានសមត្ថភាពថតវីដេអូដល់កម្រិត 5K 30FPS បាន ឬ 4K 60FPS ឬថតបែបលក្ខណៈវីដេអូ Slow Motion ក្នុងកម្រិត 240FPS បាន ជាមួយសេនស័រកាមេរ៉ាទំហំ 20MP ហើយព្រមទាំងការថតរូបភាព RAW និង HDR ជាដើម។ អ្វីដែលត្រូវបានដាក់បញ្ចូលថ្មីនោះដូចជា មុខងារបញ្ជាដោយប្រើសម្លេង (Voice Control) និងអាវក្រោះការពារទឹក Waterproof ដល់ជម្រៅ 10 ម៉ែត្រ ហើយក៏មានមុខងារ HyperSmooth 3.0 ដើម្បីអនុញ្ញាតឲ្យវីដេអូមើលទៅថតឃើញរលូន ល្អប្រសើរជាងជំនាន់មុនៗទៅទៀត។

កាន់តែពិសេស យើងនឹងទទួលបានអេក្រង់មានពណ៌ចំនួន 2 ទាំងខាងមុខនិងខាងក្រោយ ដែលប្រាកដជាជំនួយលើការថត Selfie ខ្លួនឯង ហើយក៏អាចយកវាទៅប្រើធ្វើជា Webcam កម្រិត 1080p បាន ដើម្បីខលជាវីដេអូ ឬធ្វើការ Live Stream ផ្សាយបន្ដផ្ទាល់។ ថាមពលថ្មរបស់ Hero9 Black ក៏មានទំហំជាងមុនប្រមាណ 41% ដែរ បើប្រៀបធៀបរវាងទំហំ 1720mAh នៅលើម៉ូឌែលថ្មីនេះ ទៅនឹងទំហំ 1220mAh នៅលើម៉ូឌែល Hero8 Black ជំនាន់មុន។

ប្រអប់របស់ Hero9 Black ក៏ទទួលបានការកែប្រែថ្មីពីក្រុមការងារ GoPro ដែរ ដោយវាលែងឲ្យមើលឃើញកាមេរ៉ា ដូចនៅលើជំនាន់មុនៗទៀតហើយ ហើយបានបង្ហាញឲ្យដឹងថា វាមានផ្ទុកនូវ ដុំថាមពលថ្មមួយ, វីសខ្នាតតូច, ជើងទម្រធម្មតា, ជើងទម្របត់បាន, ខ្សែ USB-A ទៅ USB-C និងកាបូបទុកដាក់។ វានឹងអាចមានតម្លៃដើមខ្ទង់ ១ លាន ៤០ ម៉ឺនរៀល ឬ ប្រហាក់ប្រហែល 349.99 ដុល្លារ សម្រាប់តែការជាវកាមេរ៉ា GoPro Hero9 Black ប៉ុណ្ណោះ បើយោងតាមការលេចធ្លាយ ពីវេបសាយផ្លូវការលើកមុន។

ដោយ​ ៖ WinFuture
អត្ថបទទាក់ទង