វីដេអូចាប់កាន់ LG Wing ត្រូវបានបែកធ្លាយ ដោយពិតជាមានអេក្រង់ 2 ថែមទាំងអាចបង្វិលបានមែន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ម្សិលមិញនេះ យើងទទួលបានដំណឹងច្បាស់ការ ដែលត្រូវបានបញ្ជាក់ចេញពី LG ផ្ទាល់ថា ពួកគេនឹងប្រកាសចេញទូរសព្ទឆ្លាតម៉ូឌែលថ្មីមួយ នៅអំឡុងពាក់កណ្ដាលខែនេះ ហើយគេក៏បញ្ជាក់ទៀតថា ទូរសព្ទឆ្លាតនោះនឹងមានឈ្មោះហៅថា LG Wing នេះតែម្ដង។ ដោយឡែក កន្លងមកធ្លាប់មានដំណឹងមួយចំនួនបញ្ជាក់ថា ទូរសព្ទឆ្លាតមួយនោះ អាចនឹងមានភ្ជាប់មកជាមួយអេក្រង់ 2 ដែលអាចបង្វិលបានទៀតផង ហើយសម្រាប់ពេលនេះ វីដេអូចាប់កាន់ថ្មីមួយទៀត ត្រូវបានគេបង្ហាញឲ្យឃើញយ៉ាងច្បាស់តែម្ដង ថា LG Wing ពិតជាមានអេក្រង់បែបនោះពិតមែន។

មិនខុសទេ បើតាមវីដេអូលេចធ្លាយថ្មីមួយ ត្រូវបានគេបង្ហោះនៅលើ YouTube បានបង្ហាញឲ្យយើងឃើញពីរូបរាងរបស់ LG Wing មួយផ្នែកធំ មុនការប្រកាសចេញផ្លូវការមកដល់ និយាយឲ្យចំទៅ យើងឃើញថា វាពិតជាមានអេក្រង់ពីរមែន ដោយមួយនៅខាងលើជាអេក្រង់គោល ដែលមានគែមអេក្រង់ខ្លី ថែមទាំងមានគែមកោងបន្តិច និងមួយទៀតជាអេក្រង់ទី 2 នៅខាងក្រោមអេក្រង់គោលនោះ ប៉ុន្តែគែមអេក្រង់របស់វា មិនខ្លីដូចអេក្រង់ដំបូងឡើយ។ អេក្រង់ទី 2 នោះដែរ អាចនិយាយបានថា វាមានទំហំពាក់កណ្ដាលនៃអេក្រង់គោល ហើយវានឹងចេញមកសម្រាប់ឲ្យប្រើប្រាស់ នៅពេលគេធ្វើការបង្វិលអេក្រង់គោល ទៅលើចេញជារាងអក្សរ T ហ្នឹងឯង។ គួរបញ្ជាក់ដែរថា ដោយសារតែវាមានអេក្រង់ 2 បែបនេះហើយ ទើបធ្វើឲ្យតួខ្លួនរបស់វា មានកម្រាស់ក្រាស់ជាងទូរសព្ទឆ្លាតធម្មតា ហើយមិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងនោះ យើងក៏ឃើញថា LG បានជំនួយដល់ទូរសព្ទឆ្លាតថ្មីនេះ ដោយប្រើ Software បន្ថែមដែរ ព្រោះដូចឃើញជាក់ស្ដែង ក្នុងផ្លាស់ប្តូរពីទម្រង់បញ្ឈរទៅផ្តេក វាមានលក្ខណៈរអិលល្អផងដែរ។

សូមបញ្ជាក់ម្ដងទៀតថា LG នឹងធ្វើការប្រកាសចេញទូរសព្ទឆ្លាតខាងលើ នៅក្នុងថ្ងៃទី 14 កញ្ញាខាងមុខ ហើយ LG Wing នេះដែរ គឺទំនងមិនមែនជាម៉ូឌែលកំពូលឡើយ ព្រោះថាវាអាចនឹងមានលក្ខណៈមួយចំនួនធំត្រឹមកម្រិតបង្គួរប៉ុណ្ណោះ ជាក់ស្ដែងដូចជាអាចនឹងប្រើប្រាស់ឈីប Snapdragon 700 Series ជាដើម។ អញ្ចឹងហើយ បើតាមអ្វីដែលយើងឃើញ ក្នុងពេលនេះគឺថា LG Wing នឹងក្លាយជាទូរសព្ទឆ្លាត ដែលមានស្ទាយរចនាប្លែកពីគេមួយរបស់ LG ព្រោះថា វាទំនងជាមានអេក្រង់ 2 ដែលអាចបង្វិលទៅមកបានហ្នឹងតែម្ដង។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង