ប្រទះឃើញប៉ាតង់ថ្មីមួយបង្ហាញពីទូរសព្ទឆ្លាតប្រើអេក្រង់ថ្លាមើលធ្លុះរបស់ Samsung​
ដោយ​ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន SHARE

 

តាមរយៈព្រឹត្តិការណ៍ Galaxy Unpacked ដែលបានធ្វើឡើងកាលពីខែសីហា ឆ្នាំ 2020 កន្លងទៅ ក្រុមហ៊ុន Samsung បានធ្វើប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនជាច្រើនឲ្យមហាជនបានឃើញ ដោយក្នុងនោះរួមមានដូចជា Galaxy Note 20 Series, Galaxy Tab S7 Series, Galaxy Watch 3, Galaxy Buds Live និង Galaxy Z Fold 2 ជាដើម។ ដោយក្នុងចំណោមផលិតផលថ្មីៗធំៗទាំង 5 នេះ យើងសង្កេតឃើញថា ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold 2 ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន ព្រោះថាវាមានរចនាបថរូបរាងស្រស់ស្អាតនិងទាន់សម័យ ក៏ដូចជាសមត្ថភាពកាន់តែប្រសើរជាងមុន។

ដូចដែលយើងបានដឹងហើយថា Samsung ពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងទៅទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold 2 របស់ខ្លួនមែនទែន ព្រោះថាពួកគេចង់អួតបង្ហាញពីសមត្ថភាពនិងភាពច្នៃប្រឌិតរបស់ពួកគេទៅឲ្យមហាជនបានឃើញនិងបានដឹង។ ហេតុដូច្នេះហើយយើងអាចប៉ាន់ស្មានថា ខណៈពេលនេះ ក៏ដូចជានាពេលអនាគត Samsung នឹងបន្តខិតខំសិក្សាស្រាវជ្រាវរកអ្វីដែលថ្មី អ្វីទំនើបទាន់សម័យ ដើម្បីបង្កើតបានជាសមិទ្ធិផលថ្មីមួយផ្សេងទៀតដែលមានលក្ខណៈសម្បត្តិពិសេសនិងអស្ចារ្យជាង Galaxy Z Fold 2 ទៅទៀត។ និយាយដូចដល់ចំណុចនេះ មានប្រិយមិត្តមួយចំនួនប្រហែលជាចង់ដឹងហើយថា តើអ្វីទៅដែលទំនើបជាងទូរសព្ទឆ្លាតអេក្រង់បត់ទៅទៀត? បើផ្អែកទៅតាមប៉ាតង់ថ្មីមួយរបស់ Samsung ដែលត្រូវបានរកឃើញដោយភ្នាក់ងារជំនាញ LetsGoDigital កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យយើងដឹងថាគោលដៅធំបន្ទាប់របស់ Samsung គឺជាទូរសព្ទឆ្លាតដែលមានអេក្រង់លាតថ្លាមើលធ្លុះតែម្តង ឬភាសាអង់គ្លេសហៅថា Transparent Display នោះឯង។ 

ជាងនេះទៅទៀត ប្រភពខាងលើដដែលនេះ ក៏បានបង្ហាញឲ្យយើងបានឃើញពីរូបភាពគម្រូរបស់ទូរសព្ទឆ្លាតអេក្រង់ថ្លាមើលធ្លុះរបស់ Samsung ផងដែរ ហើយរូបភាពគម្រូទាំងនេះត្រូវបាន Render ឡើងដោយផ្អែកទៅតាមព័ត៌មានដែលពួកគេទទួលបានពីប៉ាតង់របស់ Samsung ផ្ទាល់តែម្តង។ យើងធ្លាប់តែឃើញទូរទស្សន៍ឆ្លាតអេក្រង់លាតថ្លាមើលធ្លុះ ប៉ុន្តែបើសិនជាក្នុងពេលអនាគត Samsung ពិតជាអាចផលិតបានទូរសព្ទឆ្លាតអេក្រង់ថ្លាមើលធ្លុះមែននោះ វាពិតជារឿងមួយដែលអស្ចារ្យមែនទែន។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញយល់យ៉ាងណាដែរ បើនៅក្នុងពេលអនាគតយើងទាំងអស់គ្នាបានប្រើប្រាស់ទូរសព្ទឆ្លាតដែលមានអេក្រង់លាតថ្លាមើលធ្លុះ? 

ដោយ​ ៖ LetsGoDigital
អត្ថបទទាក់ទង