រូបរាង និងតម្លៃខ្ទង់ 170 ដុល្លាររបស់ Huawei FreeBuds Pro ត្រូវបានបែកធ្លាយ មុនការប្រកាសមកដល់​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ខែមុន SHARE

 

កន្លងមកមានដំណឹងមួយចំនួន ធ្លាប់បង្ហាញទាក់ទងនឹងវត្តមាន នៃកាសឥតខ្សែម៉ូឌែលថ្មី FreeBuds Pro របស់ Huawei ហើយក្នុងនោះ Huawei ក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ដែរថា ពួកគេនឹងបើកព្រឹត្តិការណ៍ប្រកាសចេញផលិតថ្មីៗ នៅក្នុងថ្ងៃទី 10 កញ្ញាខាងមុខនេះ ដោយទំនងជាមានទាំងវត្តមានរបស់កាសខាងលើដែរ។ ដោយឡែក នៅក្នុងពេលនេះ ដំណឹងលេចធ្លាយទាក់ទង FreeBuds Pro កាន់តែច្បាស់ថែមទៀត ទើបត្រូវបានគេបង្ហាញ ដោយក្នុងនោះ យើងឃើញទាំងរូបរាង, លក្ខណៈសម្បត្តិសំខាន់ៗ ជាពិសេសនោះគឺឃើញទាំងតម្លៃទៀតផង។

មិនខុសទេ បើតាមតាមដំណឹងថ្មី ដែលយើងទើបទទួលបាន គឺមានបង្ហាញពីរចនាបថរូបរាងយ៉ាងពេញលេញរបស់ Huawei FreeBuds Pro ដោយក្នុងនោះ យើងឃើញថា វាមានរូបរាងប្លែកពីកាសមុនៗរបស់ក្រុមហ៊ុនខាងលើ ដែលក្បាលកាសស្រដៀងគ្នានឹង AirPods Pro ដែរ ប៉ុន្តែខ្លួនរបស់វាមានលក្ខណៈជ្រុងវិញ លើសពីនេះទៀតនោះ យើងក៏ឃើញវាមានចំនួន 3 ពណ៌ដូចជា ខ្មៅ, ស និងមួយទៀតជាពណ៌បែបទឹកប្រាក់។ សម្រាប់លក្ខណៈសម្បត្តិវិញ វាអាចនឹងបំពាក់ឈីប Kirin A1 របស់ Huawei ផ្ទាល់ ដែលធ្លាប់មានប្រើប្រាស់ នៅលើកាសឥតខ្សែជំនាន់មុនរបស់គេរួចហើយ ខណៈពេលដែលចំណុចពិសេសវិញនោះ គេបញ្ជាក់ថា វាអាចនឹងមានភ្ជាប់មកជាមួយ Bluetooth 5.2, មុខងារទប់សម្លេងរំខានពីខាងក្រៅ (Active Noise Cancelling) ក្រៅពីនេះ កាសម្ខាងៗអាចមានឧបករណ៍ស្រូបសម្លេង 3 គ្រាប់ ក៏ដូចជាអាចនឹងមានថាមពលថ្មទំហំ 52.5mAh ផងដែរ។

ចំណុចសំខាន់មួយទៀត ដែលបានបង្ហាញក្នុងដំណឹងលេចធ្លាយលើកនេះដែរនោះ គឺថាកាសឥតខ្សែខាងលើ  វាអាចនឹងមានលក់លើទីផ្សារទូរទៅ ក្នុងអំឡុងដើមខែតុលាខាងមុខ ជាមួយតម្លៃសម្រាប់ទីផ្សារអឺរ៉ុបខ្ទង់ 177 ដុល្លារ។ អញ្ចឹងហើយ សូមបញ្ជាក់ម្ដងទៀតថា Huawei FreeBuds Pro អាចនឹងត្រូវប្រកាសចេញ នៅក្នុងថ្ងៃទី 10 ខែកញ្ញាខាងមុខនេះ ក្នុងព្រឹត្តិការណ៍សំខាន់មួយរបស់ Huawei ប៉ុន្តែសម្រាប់ពេលវេលាដាក់លក់វិញ គឺអាចនឹងដូចការរៀបរាប់ខាងលើអញ្ចឹង ពោលគឺអាចក្នុងខែតុលាខាងមុខនេះឯង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង