របៀបងាយលុបទិន្នន័យឲ្យអស់ចេញពីទូរសព្ទឆ្លាត Android មុនពេលលក់ចេញ ឬឲ្យអ្នកដទៃទៀតប្រើបន្ដ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ក្រុមការងារយើងបានដឹងរួចមកហើយថា មនុស្សជាច្រើនដែលនិយមប្រើប្រាស់ទូរសព្ទ Android ពិតជាធ្លាប់ដឹងអំពីរបៀបលុបទិន្នន័យទាំងអស់ ចេញពីទូរសព្ទឆ្លាតរបស់ពួកគេហើយ សម្រាប់នៅមុនពេលត្រៀមលក់ចេញ ឬ ជូនទៅឲ្យក្រុមគ្រួសារប្រើប្រាស់បន្ដ ជាដើម។ យ៉ាងណាក៏ដោយ បើយើងគ្រាន់តែចុច Factory Reset នោះមិនប្រាកដទាំងស្រុងថា ទិន្នន័យទាំងឡាយក្នុងទូរសព្ទ អាចត្រូវបានលុបចោលទាំងអស់នោះទេ ហើយក៏នៅមានដំណាក់កាលមួយចំនួន ត្រូវចាំបាច់ធ្វើជាមុនសិន ដើម្បីធានាឲ្យកាន់តែច្បាស់។

ក្រោយពីបានធ្វើការលុបទិន្នន័យ (Reset) រួចអស់ហើយ នោះវាក៏អាចសួររកលេខសម្ងាត់នៅលើ Lock Screen ម្ដងទៀតបាន ក៏ដូចជាអាចនៅបន្សល់គណនីខ្លះៗដដែល ប្រសិនបើប្រិយមិត្តអ្នកអាន កំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 8 ឬជំនាន់ទាបជាងនេះ។ ហេតុដូច្នេះហើយ យើងត្រូវតែដកចេញ (Sign Out) គណនី Google, Facebook និងគណនីសំខាន់ផ្សេងៗទៀត ព្រមទាំងដោះសោរសម្ងាត់ឲ្យហើយមុន (Settings > Security > Screen lock > ជ្រើសរើស None ឬ Swipe វិញ)។

របៀបដាក់ Encrypt ទៅលើទូរសព្ទរបស់លោកអ្នក មុនពេលធ្វើការលុបទិន្នន័យចោល

ជាការពិតណាស់ កាលពីពេលមុនៗមក ផ្នែកប្រព័ន្ធសុវត្ថិភាព មិនសូវជាចំណុចរឹងមាំខ្លាំង ចំពោះឧបករណ៍ Android នោះទេ ទើបក្រុមការងារ Google ព្យាយាមពង្រឹងឲ្យកាន់ខ្ពស់ ពីមួយជំនាន់ទៅមួយជំនាន់។ សម្រាប់មុខងារ Encryption & Credentials គឺជាកន្លែងដ៏សំខាន់មួយ ដែលអ្នកទាំងអស់គ្នាត្រូវចុចបើកវា (ទូរសព្ទឆ្លាត Android របស់ក្រុមហ៊ុនភាគច្រើន បានបើកឲ្យដោយស្វ័យប្រវត្តិ)។ នៅពេលធ្វើការ Encrypt លើទូរសព្ទឆ្លាត នោះគឺរាល់ទិន្នន័យរបស់យើង នឹងបំលែងទៅជាកូដពិសេស ដើម្បីកុំឲ្យជនអនាមិកងាយលួច Hack ឬជៀសវាងបញ្ហាបន្សល់ទុកទិន្នន័យខ្លះៗ បន្ទាប់ពីធ្វើការ Reset រួចហើយ។

- ចូលទៅកាន់ Settings > Security > Advanced > Encryption & Credentials និងចុចលើ Encrypt Phone (បើវាមិនឲ្យចុចពីលើ ហើយមានពាក្យបញ្ជាក់ថា “Encrypted” នោះមានន័យថាត្រូវបានបើករួចជាស្រេចហើយ)។

របៀបចូលទៅលុបទិន្នន័យចោលទាំងអស់ តាមរយៈមុខងារ Factory Reset

ឥឡូវយើងអាចធ្វើការលុបទិន្នន័យតាម Factory Reset បានច្បាស់ហើយ ដោយចូលទៅកាន់ Settings > System > (Advanced >) Reset Options > រួចជ្រើសរើសយក Erase all data (factory reset) ក្នុងចំណោមជម្រើសទាំង 3 នៅក្នុងនោះ។ វានឹងសួរបញ្ជាក់ចំនួនពីរដងទៀត ដោយគ្រាន់តែចុចលើពាក្យ “Reset Phone” ហើយចុចលើពាក្យ “Erase everything” នៅលើផ្ទាំងបន្ទាប់ ដើម្បីលុបទិន្នន័យទាំងអស់ចោលពីទូរសព្ទ។

ជម្រើសងាយស្រួលស្វែងរកមុខងារទាំងអស់នោះ គឺតាមរយៈការប្រើប្រាស់របា Search នៅខាងលើ

ទូរសព្ទឆ្លាតពពួក Android អាចនឹងមិនមានទីតាំងកំណត់ដូចៗគ្នានោះទេ អញ្ចឹងហើយ លោកអ្នកអាចប្រើប្រាស់របាស្វែងរក (Search Bar) ដើម្បីវាយពាក្យទាំងពីរនោះចូល ហើយវានាំទៅកាន់កន្លែងកំណត់ភ្លាមៗតែម្ដង។ 

គ្រាន់តែសម្រេចដំណាក់កាលខាងលើទាំងអស់នេះ នឹងអាចជួយឲ្យលោកអ្នកបន្ធូរចិត្ត ដោយទិន្នន័យផ្ទាល់ខ្លួនទាំងប៉ុន្មាន លែងមាននៅលើទូរសព្ទមុនទៀត ហើយអាចយកទៅលក់ចេញ ឬផ្ដល់ជូនក្រុមគ្រួសារ និងអ្នកដទៃបាន។ ចុះអ្នកទាំងអស់គ្នាវិញ តើនៅមានវិធីណាផ្សេងទៀត ដែលងាយស្រួលជាងនេះ ហើយធានាថាលុបទិន្នន័យបានទាំងស្រុងឬទេ? ចូរធ្វើការបញ្ចេញមតិតាមរយៈប្រអប់ Comment ដើម្បីអាចឲ្យអ្នកអានផ្សេងទៀតបានដឹងផង។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង