កុំព្យូទ័រកូនកាត់ Spin 7 ជំនាន់ថ្មីរបស់ Acer បំពាក់ឈីប Snapdragon 8cx Gen 2 អាចគាំទ្រ 5G និងកាន់ថ្មបានយូរជាងមុន​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

ទន្ទឹមនឹងការប្រកាសចេញ បន្ទះឈីប Snapdragon 8cx 5G ជំនាន់ទី 2 ដែលត្រូវបានបង្កើតឡើង សម្រាប់បំពាក់លើកុំព្យូទ័រយួរដៃស្ដើងៗ កាលពីល្ងាចមិញនេះ ក្រុមហ៊ុន Acer ក៏បានបញ្ចេញ កុំព្យូទ័រយួរដៃកូនកាត់មួយម៉ូឌែលថ្មី មានឈ្មោះហៅថា Spin 7 ដំណើរការដោយឈីបខាងលើ តែម្តង។ វាសាកសមបំផុត សម្រាប់អ្នកប្រើប្រាស់សិក្សាស្រាវជ្រាវ ប្រើក្នុងមុខជំនួញផ្សេងៗ ព្រោះវាមានរាងស្តើង ងាយស្រួលដាក់តាមខ្លួន ជាពិសេស អាចកាន់ថ្មបានយូរម៉ោងថែមទៀត។ 

Acer Spin 7 នេះ មានតួខ្លួនស្រោបដោយអាលុយមីញូមរាងស្តើង ដែលមានកម្រាស់ត្រឹម 15.9 មីលីម៉ែត្រ ជាមួយទម្ងន់ស្រាលប្រហែល 1.4 គីឡូក្រាមប៉ុណ្ណោះ និងអាចធ្វើការបត់បាន 360 ឌឺក្រេ ប្រើដូចទៅនឹងថេប្លេតអញ្ចឹង ក៏ដូចជាភ្ជាប់ប៊ិច Acer Active Stylus ក្នុងប្រអប់មកស្រាប់ ជាមួយការអនុញ្ញាតឲ្យដោតចូលក្នុងតួខ្លួនវាតែម្តង។ កុំព្យូទ័រកូនកាត់ថ្មីនេះ មានផ្ទៃអេក្រង់ទំហំ 14 អ៊ីញ ជាប្រភេទ Touchscreen ដែលអាចបង្ហាញរូបភាព ក្នុងកម្រិត Full HD ជាមួយកម្រិតទឹកពណ៌ sRGB Color Gamut 100 ភាគរយ និងត្រូវបានការពារដោយកញ្ចក់ Gorilla Glass ផងដែរ។

ដូចដែលបានបញ្ជាក់ខាងលើ Acer Spin 7 បានតម្លើងមកជាមួយ បន្ទះឈីប Snapdragon 8cx 5G ជំនាន់ទី 2 ហើយក៏ជាកុំព្យូទ័រយួរដៃកូនកាត់ដំបូងគេ ដែលបំពាក់ឈីបនេះដែរ។ ដូច្នេះ ក៏មានន័យថាអ្នកប្រើប្រាស់ នឹងទទួលបានការគាំទ្រ Dual-Mode 5G ថែមទៀតផង។ ចំណែកឯលក្ខណៈពិសេសមួយផ្សេងទៀត របស់ Spin 7 ម៉ូឌែលថ្មីនេះ ដោយក្រុមហ៊ុនអះអាង វាអាចកាន់ថ្មបានច្រើនថ្ងៃគួរសម យ៉ាងណា ពួកគេមិនបានបញ្ជាក់ពីបរិមាណម៉ោងប្រើប្រាស់របស់វា ឲ្យបានច្បាស់លាស់នោះទេ។ តែបើយោងការបង្ហាញពី Qualcomm បានប្រាប់ថា បន្ទះឈីបជំនាន់ថ្មីរបស់ខ្លួន នឹងធ្វើឲ្យថាមពលថ្មនៅលើកុំព្យូទ័រ ដែលបានបំពាក់វា អាចប្រើប្រាស់បានដល់ទៅ 25 ម៉ោងឯណោះ រាល់ការសាកម្ដង អញ្ចឹង វាអាចកំដរយើងបាន ប្រមាណជា 2 ថ្ងៃដែរ សម្រាប់ការប្រើធម្មតា។

ចំពោះតម្លៃវិញ ខាង Acer នៅមិនទាន់ដឹងបង្ហាញឲ្យដឹងនៅឡើយទេ ហើយក៏មិនប្រាកដដែរ ថា Chromebook Spin 7 ថ្មីនេះ អាចនឹងមានវត្តមាននៅក្នុងស្រុកយើង ឬយ៉ាងណាដែរ តែប្រិយមិត្តទាំងអស់គ្នា នឹងទទួលបានដំណឹងពីវាភ្លាម នៅពេលដែលមកដល់ទីផ្សារស្រុកយើង។ សរុបមក នេះជាកុំព្យូទ័រកូនកាត់ស៊េរីថ្មី ដែល Acer បង្កើតឡើងជាពិសេស ចំពោះអ្នកប្រើប្រាស់ច្រើនក្នុងការសិក្សា ក៏ដូចជាសាកសមបំផុត សម្រាប់បម្រើការក្នុងមុខរបរជំនួញនាៗ ព្រោះវាមានរាងស្តើង ងាយស្រួលយកតាមខ្លួន អាចបត់បានរហូតដល់ 360 ដឺក្រេ គាំទ្រ 5G និងថែមទាំងកាន់ថ្មបានយូរ។ 

ដោយ​ ៖ Windows Central
អត្ថបទទាក់ទង