MSI ប្រកាសចេញកុំព្យូទ័រហ្គេមស្ដើងបំផុតត្រកូល Stealth 15M ជាមួយ CPU ជំនាន់ទី 11 របស់ Intel និង GPU RTX 2060 Max-Q របស់ NVIDIA​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កាលពីយប់មិញនេះ MSI បានប្រកាសចេញ កុំព្យូទ័រយួរដៃជាច្រើនម៉ូឌែលរបស់ខ្លួន ដោយក្នុងនោះ យើងឃើញមានដូចជាត្រកូល SUMMIT ថ្មី ក៏ដូចជាម៉ូឌែលដែលធ្វើការផ្លាស់ប្តូរ CPU ដូចជាត្រកូល Modern Series និង Prestige Series នេះឯង ពោលគឺប្តូរទៅប្រើប្រាស់ CPU ជំនាន់ក្រោយបង្អស់របស់ Intel។ មិនត្រឹមតែប៉ុណ្ណឹងទេ MSI ក៏បានធ្វើការប្រកាសចេញ កុំព្យូទ័រយួរដៃប្រភេទហ្គេមរបស់ខ្លួនមួយទៀតដែរត្រកូល Stealth 15M ដែលត្រូវបានធ្វើឡើងឲ្យមានរូបរាងបែប Premium, មានកម្រាស់ស្ដើងបំផុត និងមានទម្ងន់ស្រាលបំផុតថែមទៀតផង។

មិនខុសទេ បើមើលទៅលើរូបរាងរបស់ MSI Stealth 15M យើងឃើញថា វាមានការរចនាចេញមក ស្រដៀងគ្នានឹងត្រកូល GS នៃក្រុមហ៊ុនខាងលើនេះដែរ ពោលគឺមើលទៅបែប Premium ហើយលើកនេះ MSI បញ្ជាក់ថា វាជាកុំព្យូទ័រហ្គេម ដែលមានកម្រាស់ស្ដើងបំផុតត្រឹម 15.9mm ហើយទម្ងន់របស់វាវិញ ក៏ស្រាលមិនធម្មតាដែរ ពោលគឺត្រឹម 1.69kg ប៉ុណ្ណោះ។ សម្រាប់ទម្ងន់ និងកម្រាស់បែបនេះ អាចនិយាយបានថា យើងមិនធ្លាប់ឃើញនៅលើ Gaming Laptop អេក្រង់ 15 អ៊ីញពីមុនមកឡើយ។ មិនខុសទេ កុំព្យូទ័រហ្គេមខាងលើ មានអេក្រង់ទំហំ 15.6 អ៊ីញប្រភេទ IPS LCD ជាមួយកម្រិតបង្ហាញ FHD ហើយក៏មានកម្រិត Refresh Rate 144Hz ចំណែកនៅផ្នែកខាងលើ នៃអេក្រង់នេះ ក៏មានភ្ជាប់មកជាមួយកាមេរ៉ាមួយគ្រាប់ដែរ ដោយកាមេរ៉ានោះ មានសមត្ថភាពអាចថតវីដេអូបានក្នុងកម្រិត 720p ក្នុងល្បឿន 30fps។ 

សម្រាប់កម្លាំងម៉ាស៊ីនវិញ MSI Stealth 15M បានប្រើប្រាស់ CPU ជំនាន់ទី 11 របស់ Intel មានទាំង Core i5-1135G7 និង Core i7-1185G7 ខណៈពេលដែល GPU វិញ ក៏មានពីរជម្រើសដូចគ្នាគឺជាប្រភេទ GTX 1660Ti និង RTX 2060 Max-Q លើសពីនេះ អ្នកទិញអាចជ្រើសយករ៉េមដល់ជម្រើស 64GB ក៏ដូចជាអង្គផ្ទុក SSD ដល់ 2TB ប៉ុន្តែតម្លៃក៏កើនឡើងតាមនឹងដែរ។ 

ក្រៅពីខាងលើនេះ MSI Stealth 15M ក៏បានបំពាក់មកជាមួយថាមពលថ្ម 57Wh, មាន Wi-Fi 6, Bluetooth 5.1 និងមាន Speaker កម្លាំង 2W ពីរគ្រាប់ ហើយទៅរន្ធផត ដែលមាននៅលើនោះវិញរូមមានដូចជា USB Type-A Gen 3.2 ចំនួន 2, Thunderbolt 4.0 ចំនួនមួយ, និងរន្ធ HDMI មួយផងដែរ។ គួរបញ្ជាក់ដែរថា កុំព្យូទ័រម៉ូឌែលថ្មីខាងលើនេះ មានជម្រើសពីរពណ៌សម្រាប់អ្នកទិញដូចជា ពណ៌ស និងពណ៌ប្រផេះក្រម៉ៅ ដូចក្នុងរូបនោះអញ្ចឹង ហើយសម្រាប់ពេលវេលាចេញលក់វិញ MSI បញ្ជាក់ថា នឹងចាប់ផ្តើមនៅក្នុងខែតុលាខាងមុខ ជាមួយតម្លៃនៃម៉ូឌែលទាបបំផុតគឺខ្ទង់ ៦ លាន 20 ម៉ឺនរៀល ឬ 1,549 ដុល្លារ សម្រាប់ទីផ្សារស្រុកគេ។

ដោយ​ ៖ NoteBook Check
អត្ថបទទាក់ទង