TCL 10 TabMid/10 TabMax ចេញផ្លូវការ ប្រើឈីប Snapdragon 665 និង Helio P22T ជាមួយការបំពាក់រ៉េមទំហំ 4GB ដូចគ្នា​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

ពេលថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ IFA 2020 ក្រុមហ៊ុន TCL បានធ្វើការប្រកាសចេញនូវថេប្លេតលំដាប់មធ្យម TCL 10 Tabmax និង 10 TabMid ចំនួន 2 ម៉ូឌែលទៀតជាផ្លូវការ។ ជាក់ស្ដែង ថេប្លេតលំដាប់មធ្យមទាំង 2 ម៉ូឌែលថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ប្រភេទ LCD ដូចគ្នា ហើយបានប្រើប្រើបន្ទះឈីប របស់ក្រុមហ៊ុន Qualcomm និង MediaTek ក៏ដូចជាមានអេក្រង់ធំ ថែមទៀតផង។

ពិតណាស់ សម្រាប់ TCL 10 TabMid បំពាក់មកជាមួយអេក្រង់កោងគែមសងខាងទំហំ 8.0 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 1920 x 1200 ភិចសែល ចំណែកឯ TCL 10 TabMax បានបំពាក់មកជាមួយអេក្រង់ដល់ 10.36 អ៊ីញ អាចបង្ហាញរូបភាពបានក្នុងកម្រិត 2000 x 1200 ភិចសែល និងប្រើប្រាស់អេក្រង់ជាប្រភេទ LCD ដូចគ្នានឹង TCL 10 TabMid ដែរ។ កាន់តែពិសេសទៀតនោះ TCL 10 TabMax និង 10 TabMid បានដំណើរការដោយ Android 10 ជំនាន់ចុងក្រោយដូចគ្នា។ វីឯផ្នែកខាងក្រោយ ឃើញថាពួកវា មានបំពាក់មកជាមួយកាមេរ៉ាចំនួន 1 គ្រាប់ ដូចគ្នាទៀតផង។

ចំពោះកម្លាំងម៉ាស៊ីនវិញ TCL 10 TabMid បានប្រើប្រាស់បន្ទះឈីប Snapdragon 665 គួបផ្សំជាមួយ RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB រីឯសម្រាប់ TCL 10 TabMax ត្រូវបានបំពាក់មកជាមួយបន្ទះឈីប MediaTek Helio P22T អមដោយរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 64GB ហើយពួកវាក៏អាចធ្វើការបន្ថែម microSD Card ផងដែរ។ ចំណែកឯផ្នែកកាមេរ៉ាវិញ TCL 10 TabMid ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួនមួយគ្រាប់ទំហំ 5PM និងកាមេរ៉ាក្រោយចំនួន 1 គ្រាប់ មានទំហំ 8MP។ ចំណែកឯ TCL 10 TabMax មានកាមេរ៉ាមុខចំនួន 1 គ្រាប់ និងមានកាមេរ៉ាក្រោយចំនួន 1 គ្រាប់ដូចគ្នា ដែលមានទំហំ 13MP ផងដែរ។

លើសពីនេះ TCL 10 TabMid បានភ្ជាប់មកជាមួយថាមពលថ្មទំហំ 5,000mAh និង TCL 10 TabMax មានថាមពលថ្មទំហំ 8,000mAh ហើយពួកវាថែមទាំងបានប្រើប្រាស់ USB-C ដូចគ្នាទៀតផង។ ជាចុងក្រោយ TCL នឹងធ្វើការដាក់លក់ថេប្លេតទាំង 2 ម៉ូឌែលនេះ នៅចុងឆ្នាំ 2020 ជាមួយតម្លៃខ្ទង់ ១ លាន ៤១ ម៉ឺនរៀល (354 ដុល្លារ) សម្រាប់ TCL 10 TabMax ម៉ូឌែលប្រើ 4G ចំណែកឯ TCL 10 TabMid វិញមានតម្លៃខ្ទង់ ១ លាន ៨ ម៉ឺនរៀល (271 ដុល្លារ)។ សម្រាប់ពេលនេះ យើងមិនទាន់បានដឹងទេ ថាថេប្លេតទាំង 2 នេះ អាចនឹងមានលក់លើទីផ្សារប្រទេសយើង ឬក៏អត់នោះទេ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង