Qualcomm ទើបប្រកាសចេញឈីប Snapdragon 8cx 5G ជំនាន់ទី 2 ផ្លូវការ សម្រាប់ប្រើលើ Laptop 5G​
ដោយ​ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបានប្រកាសចេញឈីប Snapdragon 8cx អស់រយៈពេលយូរគួរសមរួចមក ពេលនេះ Qualcomm សម្រេចចិត្តធ្វើការបង្ហាញពីវត្តមានរបស់ Snapdragon 8cx ជំនាន់ទី 2 របស់ខ្លួនបន្តទៀតហើយ ដែលអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងហើយថា នេះជាឈីបមួយ ដែលត្រូវបានគេបង្កើតឡើងមក សម្រាប់បំពាក់លើកុំព្យូទ័រយួរដៃស្ដើងៗ បែបធ្វើការទូទៅហ្នឹងឯង។ ជាមួយការប្រកាសចេញ ទាក់ទងនឹងវត្តមានរបស់ Snapdragon 8cx Gen 2 5G លើកនេះ Qualcomm ក៏បានសន្យារដែរថា ឈីបថ្មីរបស់គេ នឹងកាន់តែមានសមត្ថភាពប្រសើរជាងជំនាន់មុន ថែមមួយកម្រិតទៀត។

មិនខុសទេ ពេលនេះ Snapdragon 8cx Gen 2 ត្រូវបាន Qualcomm ដាក់បង្ហាញខ្លួនហើយ កាន់តែពិសេសនោះ លើកនេះគេហាក់ដូចជាកាន់តែមានទំនុកចិត្ត លើឈីបថ្មីរបស់ខ្លួនខ្លាំងជាងមុនទៅទៀត និយាយឲ្យចំទៅ ក្រុមហ៊ុនខាងលើ ក៏បានធ្វើការប្រៀបធៀបគ្នា ទៅលើចំណុចមួយចំនួនរវាង Snapdragon 8cx នោះ ជាមួយ CPU Core i5 ជំនាន់ទី 10 របស់ Intel ទៀតផង ហើយជាក់ស្ដែងឃើញថា ឈីបថ្មីមួយនេះ វាមានសមត្ថភាពប្រសើរជាង CPU របស់ Intel ខាងលើមែន។ គេមិនត្រឹមតែបង្កើនសមត្ថភាពលើកម្លាំងនោះទេ ពោលគឺគេក៏បានយកចិត្តទុកដាក់ ទៅលើថាមពលថ្មរបស់កុំព្យូទ័រ ដែលប្រើប្រាស់ឈីបនោះដែរ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា វាធ្វើឲ្យថាមពលថ្មនៅលើកុំព្យូទ័រនោះ អាចប្រើប្រាស់បានដល់ទៅ 25 ម៉ោងឯណោះ ក្នុងការសាកម្ដង ដូច្នេះមានន័យថា វាអាចកំដរអ្នកប្រើបានលើសពីរថ្ងៃទៅទៀត សម្រាប់ការប្រើធម្មតា។ សម្រាម់មុខពិសេសថ្មីផ្សេងទៀត ដែលមានបំពាក់លើ Snapdragon 8cx Gen 2 5G នេះ មានដូចជា វាមានបំពាក់ Wi-Fi 6, Bluetooth 5.1, បច្ចេកវិទ្យា Aqstic Audio របស់ Qualcomm ក៏ដូចជាអាចគាំទ្រក្នុងការតភ្ជាប់ទៅកាន់ម៉ូនីទ័រ មានកម្រិតបង្ហាញ 4K ក្នុងល្បឿន 60fps បាន 2 ក្នុងពេលតែមួយតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ គេក៏បានពង្រឹងលើបច្ចេកវិទ្យា AI បន្ថែមទៀតដែរ ចំណែកចំណុចដែលគេមិនបានកែប្រែនោះគឺថា វានៅតែប្រើប្រាស់ម៉ូដឹម LTE X24 និងម៉ូដឹម 5G X55 មិនខុសពីមុនឡើយ ប៉ុន្តែប្រភេទម៉ូដឹមទាំងពីរនេះ គឺជាជម្រើសសម្រាប់ជ្រើសប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា នេះជាលក្ខណៈសម្បត្តិមួយចំនួន ទាក់ទងនឹង Snapdragon 8cx Gen 2 នេះ ព្រោះថា Qualcomm នៅមិនទាន់បានបញ្ជាក់ប្រាប់យើងពេញលេញនោះឡើយ ប៉ុន្តែក្រៅពីនេះ គេក៏បានបន្ថែមដែរថា ឈីបថ្មីខាងលើនឹងមានប្រើប្រាស់នៅលើកុំព្យូទ័រយួរដៃរបស់ Acer មុនគេ ពោលគឺ Acer Spin 7 ថែមទៀតផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង