ស៊ីភីយូ Intel ជំនាន់ទី 11 Tiger Lake និងស្ដង់ដារវិញ្ញាបនប័ត្រ Intel Evo ត្រូវបានប្រកាសចេញជាផ្លូវការ​
ដោយ​ ៖ ឡេង | 4 សប្តាហ៍មុន SHARE

 

ក្រោយពីមានការរង់ចាំ និងពាក្យចចាមអារ៉ាមអស់មួយរយៈមក ទីបំផុតក្រុមហ៊ុន Intel បានធ្វើការប្រកាសចេញនូវ ស៊ីភីយូជំនាន់ស៊េរីថ្មីទី 11 Tiger Lake សម្រាប់បំពាក់លើកុំព្យូទ័រយួរដៃ ដែលមានរាងស្ដើងនិងស្រាល ក្នុងពេលខាងមុខនេះ។ លើសពីនេះទៅទៀត ពួកគេក៏បានធ្វើការបង្កើតនូវ ស្ដង់ដារវិញ្ញាបនប័ត្រថ្មី ក្រោមឈ្មោះហៅថា Intel Evo សម្រាប់វាយតម្លៃទៅលើ កុំព្យូទ័រយួរដៃទាំងឡាយណា ដែលទទួលបានកម្រិតស្ដង់ដារកំពូលថ្មីនោះ។

ខណៈពេលដែល Intel ធ្វើការប្រកាសចេញស៊ីភីយូជំនាន់ទី 11 នេះ ក្រុមហ៊ុនក៏បានដាក់បង្ហាញឲ្យឃើញពី ស៊ីភីយូថ្មីៗចំនួន 9 ម៉ូឌែលផងដែរ ដោយរួមមានចាប់ពីស៊ីភីយូ Core i3-1110G4 (2 Cores/4 Threads) ជាមួយល្បឿនរត់នៅ 1.8GHz (អាចធ្វើការ Boost បន្ថែមទាំងលើ Single Core និងលើ Core ទាំងអស់ បានឡើងដល់ 3.9GHz) រហូតដល់ស៊ីភីយូ Core i7-1185G7 (4 Cores/8 Threads) ជាមួយល្បឿនរត់នៅ 3.0GHz (អាចធ្វើការ Boost បន្ថែមលើ Single Core បានឡើងដល់ 4.8GHz ឬ Boost ទៅលើ Core ទាំងអស់បាន 4.3GHz) ឯណោះ។ ចំណែកឯក្រាហ្វិកកាតជាប់ Intel Iris Xe ក៏មានកម្លាំងខ្ពស់ជាងមុនដែរ ជាមួយ 96 CUs និងអាចល្បឿនរត់ដល់ 1.35GHz លើកុំព្យូទ័រយួរដៃ។

នាពេលបច្ចុប្បន្ននេះ Intel មិនទាន់បញ្ជាក់ប្រាប់ច្រើននៅឡើយទេ ដោយគ្រាន់តែនិយាយប្រាប់ថា ពួកវាមានល្បឿនលឿនជាងជំនាន់មុនចំនួន 20% សម្រាប់ការប្រើប្រាស់កម្មវិធីការងារ និងអាចកាត់បន្ថយថាមពលថ្មច្រើនជាងមុន 20% ដើម្បីជួយសន្សំថាមពលថ្មបានច្រើនជាង 1 ម៉ោងឡើងទៅ សម្រាប់លើការទស្សនាវីដេអូ ជាដើម។ ដោយសារតែក្រាហ្វិកកាតជាប់ថ្មី Intel ក៏អះអាងមកថា នឹងមានការគាំទ្រជាមួយបន្ទះអេក្រង់ 8K HDR បាន ព្រមទាំងមានសមត្ថភាពខ្ពស់ អាចដាក់បង្ហាញអេក្រង់ម៉ូនីទ័រកម្រិត 4K HDR ចំនួន 4 ក្នុងពេលតែមួយ។

លើសពីនេះទៅទៀត ស្របនឹងពេលប្រកាសចេញស៊ីភីយូថ្មី ក្រុមហ៊ុន Intel ក៏បានបង្ហាញនូវស្ដង់ដារវិញ្ញាបនប័ត្រ Intel Evo ផងដែរ ដែលមានន័យបញ្ជាក់ថា រៀងរាល់កុំព្យូទ័រណាមួយ ត្រូវបានភ្ជាប់មកជាមួយសញ្ញាវាយតម្លៃនេះ គឺសុទ្ធតែកំពុងប្រើប្រាស់ស៊ីភីយូ Intel ជំនាន់ទី 11, ចំណាយពេលមិនដល់ 1 វិនាទីផង ក៏អាចបើកពីផ្ទាំង Sleep រួចស្រេច, ទទួលបានថាមពលថ្មល្អ អាចកាន់បានយ៉ាងហោចណាស់ 9 ម៉ោងពេញលើអេក្រង់ Full HD ក៏ដូចជាគាំទ្រការសាកថ្មលឿន (សាករយៈពេល 30 នាទី ទទួលបានថាមពលថ្ម 4 ម៉ោង), មានម៉ូដឹម Wi-Fi 6 និង Thunderbolt 4 មួយឈុតតែម្ដង។

ចំពោះកុំព្យូទ័រយួរដៃ ដែលមានឱកាសទទួលបានស៊ីភីយូ Intel ជំនាន់ទី 11 យកទៅប្រើប្រាស់មុនៗគេ នោះគឺរួមមានដូចជា Galaxy Book Flex 5G របស់ Samsung, Acer Swift 5, Swift 3 និង ASUS ZenBooks ជំនាន់ក្រោយៗ ដោយសុទ្ធតែគ្រោងនឹងដាក់លក់ជាផ្លូវការ នៅចុងឆ្នាំនេះហើយ។ រីឯស្ដង់ដារវិញ្ញាបនប័ត្រ Intel Evo នឹងប្រទះឃើញមាននៅលើ កុំព្យូទ័រយួរដៃចំនួន 20 ម៉ូឌែលជាង នៅក្នុងឆ្នាំនេះតែម្ដង បើយោងតាមការអះអាងរបស់ Intel ផ្ទាល់។ បើប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍លើ ស៊ីភីយូជំនាន់ថ្មីនេះ ដូច្នេះកុំភ្លេចរង់ចាំតាមដានបន្ដទាំងអស់គ្នា នៅពេលក្រោយៗទៀត។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង