មេ Amazon លោក Jeff Bezos បានក្លាយជាបុគ្គលដំបូងលើលោក រកចំណូលបានដល់ទៅខ្ទង់ 200 ពាន់លានដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់នូវផ្សារអនឡាញដ៏ធំគឺ Amazon នេះហើយ ព្រោះថានេះជាក្រុមហ៊ុនធំមួយ ដែលមានតម្លៃថ្លៃមិនធម្មតាទេនៅក្នុងលោក ពោលគឺថ្មីៗនេះ Amazon ក្លាយជាក្រុមហ៊ុនទី 2 ដែលមានតម្លៃថ្លៃបំផុតទៀតផង។ មិនត្រឹមតែក្រុមហ៊ុនទេ ជាក់ស្ដែងលោក Jeff Bezos ដែលជាស្ថាបនិក Amazon នោះក៏ជាបុគ្គលមួយ ដែលមានទ្រព្យសម្បត្តិគិតជាទឹកប្រាក់ច្រើនបំផុត លំដាប់ពិភពលោកដែរ ហើយថ្មីៗនេះ គាត់បានក្លាយជាបុគ្គលដំបូងនៅលើលោក ដែលរកចំណូលបានច្រើនជាងគេបំផុត មិនធ្លាប់មាន ពោលគឺខ្ទង់ 200 ពាន់លានដុល្លារឯណោះ។

ជាការពិតណាស់ បើតាមរបាយការណ៍ថ្មី ត្រូវបានបង្ហាញចេញកាលពីពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា លោក Jeff Bezos ដែលជានាយកប្រតិបត្តិរបស់ Amazon នោះ បានក្លាយជាមនុស្សដំបូងបំផុតនៅលើពិភពលោក ដែលរកចំណូលបានច្រើនបំផុត និយាយឲ្យចំទៅ ចំណូលដែលគាត់រកបាន គឺស្ថិតក្នុងខ្ទង់ 200 ពាន់លានដុល្លារឯណោះ ហើយបុគ្គលដែលមានចំណូលបន្ទាប់ពីគាត់នោះគឺលោក Bill Gates នេះឯង (123 ពាន់លានដុល្លារ)។ គួរបញ្ជាក់ដែរថា ចំណូលដែលលោក Jeff Bezos កើនឡើងយ៉ាងឆាប់រហ័សនេះ ក៏ដោយសារតែតម្លៃនៃភាគហ៊ុនរបស់ Amazon មានការកើនឡើងដូចគ្នា ហើយបើគិតត្រឹមពាក់កណ្ដាលថ្ងៃពុធសប្តាហ៍មុននេះ ភាគហ៊ុនរបស់ Amazon មានតម្លៃកើនឡើង 2.3% ថែមទៀត គិតទៅគឺស្មើនឹង 3,423 ដុល្លារ ដូច្នេះទើបជំរុញឲ្យមហាសេដ្ឋីខាងលើ ទទួលបានកំណត់ត្រាខ្ទង់ 200 ពាន់លានផងដែរ។

បើធៀបទៅនឹងក្រុមហ៊ុនមួយចំនួនទៀតវិញ គឺថាលោក Bezos អាចរកចំណូលបានច្រើនជាងពួកគេទៅទៀត ជាក់ស្ដែងដូចជាក្រុមហ៊ុន Nike, McDonald’s និង Pepsi ជាដើម ដែលចំណូលរបស់ក្រុមហ៊ុនទាំងនេះ គឺចន្លោះពីខ្ទង់ 139 ពាន់លានដុល្លារ ដល់ 191 ពាន់លានដុល្លារ។

សូមរំឮកដែរថា តម្លៃភាគហ៊ុនរបស់ Amazon មានការកើនឡើងយ៉ាងខ្លាំង អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ អាចនិយាយបានថា ចាប់ពី COVID-19 ចាប់ផ្តើមរាតត្បាតមក គឺមានការកើនឡើងខ្លាំងតែម្ដង ដោយសារតែមនុស្សជាច្រើន ចាំបាច់ត្រូវធ្វើការបញ្ជាទិញទំនិញផ្សេងៗ តាមអនឡាយជំនួសវិញ ព្រោះថាពួកគេត្រូវសម្ងំនៅផ្ទះ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីការពារសុវត្ថិភាព។ យ៉ាងណាក៏ដោយ បើទោះជាលោក Bezos ឈរនៅលើគេ ក្នុងនាមជាអ្នករកចំណូលបានច្រើនបំផុតមែន ប៉ុន្តែបើនិយាយពីក្រុមហ៊ុនវិញ មិនមែន Amazon នោះទេ ដែលមានតម្លៃជាងគេនោះ ពោលគឺដូចបានបញ្ជាក់នៅខាងដើមអញ្ចឹង ដោយក្រុមហ៊ុននេះឈរនៅចំណាត់ថ្នាក់លេខ 2 និងមានតម្លៃខ្ទង់ 1.72 ទ្រីលានដុល្លារ តាមពីក្រោយ Apple ដែលមានតម្លៃចូលក្នុងខ្ទង់ 2 ទ្រីលានដុល្លារទៅហើយ។

ដោយ​ ៖ Yahoo
អត្ថបទទាក់ទង