Samsung បានធ្លាក់មកតំណែងលេខ 2 លើការនាំចេញទូរសព្ទក្នុងតំបន់អាស៊ីអាគ្នេយ៍ នាត្រីមាសទី 2 ឆ្នាំ 2020 នេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីសប្ដាហ៍មុន ប្រិយមិត្តភាគច្រើន ប្រហែលជាបានដឹងរួចមកហើយ អំពីព័ត៌មានទាក់ទងនឹងក្រុមហ៊ុន Samsung បានក្លាយជាយីហោនាំមុខគេ លើការលក់ទូរសព្ទ បានច្រើនជាងគេនៅក្នុងទីផ្សារសលក នាត្រីមាសទី 2 ឆ្នាំ 2020 នេះ។ ដោយឡែកបើងាកមកមើល នៅទីផ្សារតំបន់អាស៊ីអាគ្នេយ៍វិញ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ មានរបាយការណ៍ថ្មីបង្ហាញថា ក្រុមហ៊ុន Samsung បានធ្លាក់មកនៅលេខរៀងទី 2 ដែលធ្វើអោយក្រុមហ៊ុនចិន OPPO បានក្លាយទៅជាយីហោនាំមុខគេ លើការនាំចេញទូរសព្ទបានច្រើនជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាការពិតណាស់ បើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញអោយដឹងថាការនាំចេញទូរសព្ទឆ្លាតរបស់ Samsung នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់មកតំណែងលេខ 2 ដោយបានគ្រប់គ្រងចំណែកទីផ្សារចំនួន 19.5 ភាគរយ ក្នុងត្រីមាសទី 2 ឆ្នាំ 2020 កន្លងផុតទៅថ្មីៗនេះ។ ខណៈពេលដែល ក្រុមហ៊ុន OPPO បានធ្វើការនាំមុខគេ ក្នុងការនាំចេញទូរសព្ទបានច្រើនជាងគេ ជាមួយការក្ដោបក្ដាប់ចំណែកទីផ្សារបានចំនួនដល់ 20.3 ភាគរយ។ រីឯក្រុមហ៊ុនចិន vivo វិញ អាចនាំចេញទូរសព្ទឆ្លាតបានច្រើនលំដាប់ទី 3 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយអាចដណ្តើមបានចំណែកទីផ្សារចំនួន 17.9 ភាគរយផងដែរ។ បន្ថែមពីនេះ សម្រាប់ក្រុមហ៊ុន Xiaomi អាចដណ្ដើមបានចំណែកទីផ្សារចំនួន 14 ភាគរយ និង realme បានគ្រប់គ្រងចំណែកទីផ្សារលើការនាំចេញទូរសព្ទចំនួន 12.8 ភាគរយ ហើយចំពោះចំណែកទីផ្សារមួយចំនួនទៀត គឺបានទៅលើក្រុមហ៊ុនផលិតទូរសព្ទដទៃទៀត ដែលប្រភពខាងលើមិនបានធ្វើការបញ្ជាក់ប្រាប់ពីឈ្មោះនោះទេ។

យ៉ាងណា នេះមិនមែនជាលើកទី 1 នោះទេ ដែលក្រុមយក្សប្រចាំប្រទេសកូរ៉េខាងត្បូងមួយនេះ បានបាត់បង់តំណែងលេខ 1 ទៅឲ្យក្រុមហ៊ុន OPPO ជាក់ស្ដែង កាលពីត្រីមាសទី 4 ឆ្នាំ 2019 កន្លងទៅនេះ Samsung ក៏ធ្លាប់ធ្លាក់មកតំណែងលេខ 2 លើការលក់ទូរសព្ទក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែ OPPO ផងដែរ។ មួយវិញទៀត ប្រភពដដែល បានបង្ហាញទៀតថា ការនាំចេញទូរសព្ទនៅតំបន់អាស៊ីអាគ្នេយ៍មានការធ្លាក់ចុះប្រមាណ 22 ភាគរយ បើធៀបជាមួយពេលវេលាដូចគ្នានឹងឆ្នាំមុន ដោយនាំចេញបានត្រឹម 24 លានគ្រឿងប៉ុណ្ណោះ ក្នុងអំឡុងត្រីមាសទី 2 ឆ្នាំ 2020 នេះ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង