Samsung នាំមុខគេលើការលក់ទូរសព្ទបានច្រើនជាងគេសម្រាប់ទីផ្សារសកល ក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ដូចដែលយើងបានដឹងហើយថា Samsung គឺជាក្រុមហ៊ុនផលិតទូរសព្ទឆ្លាតដ៏ធំមួយ ដែលទទួលបានជោគជ័យបំផុត នៅលើទីផ្សារសកលលោកនាពេលកន្លងមក ហើយបើយោងតាមទិន្នន័យទីផ្សារចុងក្រោយ បានបង្ហាញថាក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានក្លាយជាយីហោ ធំបំផុតលំដាប់លេខ 1 នៅលើទីផ្សារសកល ក្នុងការលក់ទូរសព្ទឆ្លាតបានច្រើនជាងគេ នាត្រីមាសតី 2 ឆ្នាំ 2020 នេះ។

ជាការពិតណាស់ បើយោងទៅតាមទិន្នន័យពីក្រុមហ៊ុនវិភាគទីផ្សារ Gartner បានប្រាប់ឲ្យដឹងថាក្រុមហ៊ុន Samsung បានធ្វើការលក់ទូរសព្ទឆ្លាត អស់ចំនួនជាង 54.7 លានគ្រឿងនៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ ដោយក្ដោបក្តាប់បានចំណែកទីផ្សារដល់ 18.6 ភាគរយ នៃទីផ្សារទូរសព្ទទាំងអស់នៅទូទាំងសកលលោក។ ប៉ុន្តែបើធៀបនឹងត្រីមាសទី 2 ឆ្នាំមុន ការលក់ទូរសព្ទឆ្លាតរបស់ Samsung បានធ្លាក់ចុះចំនួន 27.1 ភាគរយ ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 ផងដែរ។ ចំណែកឯទីផ្សាររបស់ក្រុមហ៊ុន Huawei បានធ្លាក់ចុះចំនួន 6.8 ភាគរយ លើការលក់ទូរសព្ទបានត្រឹមចំនួន 54.1 លានគ្រឿង ក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ បើធៀបនឹងចំនួនការលក់ ក្នុងត្រីមាសទី 2 ឆ្នាំ 2019 បានចំនួន 58 លានគ្រឿង។ 

ដោយឡែក សម្រាប់ក្រុមហ៊ុនយក្ស Apple វិញ គឺស្ថិតនៅតំណែងលេខ 3 ដោយបានលក់ទូរសព្ទឆ្លាតរបស់ខ្លួនបានចំនួនជាង 38.3 លានគ្រឿង និងគ្រប់គ្រងចំណែកទីផ្សារបាន 13 ភាគរយ នៅក្នុងត្រីមាសដូចគ្នានេះ។ ចំណែកឯ ក្រុមហ៊ុន Xiaomi គឺជាយីហោស្មាតហ្វូន លំដាប់ទី 4 ដោយលក់បានចំនួន 26 លានគ្រឿង ជាមួយចំណែកទីផ្សារ 8.9 ភាគរយ។ មិនតែប៉ុណ្ណោះ ចំណែកទីផ្សាររបស់ក្រុមហ៊ុនចិនមួយនេះ បានធ្លាក់ចុះចំនួន 21.5 ភាគរយ បើធៀបនឹងភាគរយលើការលក់នៅត្រីមាសទី 2 ឆ្នាំ 2019 កន្លងទៅ។

សម្រាប់ចំណែកទីផ្សាររបស់ក្រុមហ៊ុន OPPO បានធ្វើការលក់ទូរសព្ទរបស់ខ្លួនបានចំនួនជាង 23.6 លានគ្រឿន និងបានគ្រប់គ្រងចំណែកទីផ្សារចំនួន 8 ភាគរយ និងមានការធ្លាក់ចុះប្រមាណ 15.9 ភាគរយ ផងដែរ បើធៀបនឹងត្រីមាសទី 2 ឆ្នាំមុន។ រីឯចំណែកទីផ្សារមួយចំនួនទៀត គឺបានទៅលើក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀត ដែលប្រភពខាងលើមិនបានធ្វើការបញ្ជាក់ប្រាប់ឈ្មោះឲ្យយើងបានដឹងនោះទេ។ សរុបមក នេះគឺជាចំនួនការលក់ទូរសព្ទឆ្លាតរបស់ក្រុមហ៊ុននីមួយៗ នៅទូទាំងសកលលោក សម្រាប់ត្រីមាសទី 2 ឆ្នាំ 2020 កន្លងផុតទៅថ្មីៗនេះ។

ដោយ​ ៖ Gartner
អត្ថបទទាក់ទង