របាយការណ៍ថ្មីបង្ហាញថា Galaxy Note20 Ultra និង Galaxy Tab S7 Series មួយចំនួន ក៏ជួបបញ្ហាចេញពន្លឺបៃតងលើអេក្រង់ដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ខែមុន SHARE

 

កាលពីដើមខែសីហាកន្លងទៅថ្មីៗនេះ យើងបានឃើញហើយថា Samsung បានប្រកាសចេញទូរសព្ទឆ្លាត ក៏ដូចជាថេប្លេតលំដាក់កំពូលរបស់ខ្លួនជាផ្លូវការ ពោលគឺមានដូចជា Galaxy Note 20 Series និង Galaxy Tab S7 Series នេះឯង ហើយអ្វីដែលយើងឃើញមានការកែប្រែ គួរឲ្យចាប់អារម្មណ៌នោះ គឺថាក្នុងចំណោមនោះ Galaxy Note 20 Ultra និង Galaxy Tab S7+ គឺមានប្រើប្រាស់អេក្រង់ 120Hz ប្រភេទ AMOLED ថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ យើងទើបទទួលបានដំណឹងទាក់ទងនឹងបញ្ហាអេក្រង់ដដែលមួយ ដែលធ្លាប់កើតមានលើ Galaxy S20 Ultra និងម៉ូឌែលមួយចំនួនទៀតកន្លងទៅ ហើយពេលនេះ គេក៏ឃើញវាកើតឡើងនៅលើទូរសព្ទឆ្លាត និងថេប្លេតម៉ូឌែលថ្មីនោះដែរ។

ដោយផ្អែកលើរបាយការណ៍ថ្មីមួយ ដែលបានបង្ហាញដោយប្រភព SamMobile បានធ្វើការបញ្ជាក់ឲ្យដឹងថា នៅក្នុងពេលថ្មីៗនេះ អ្នកប្រើប្រាស់ Galaxy Tab S7 Series ក៏ដូចជាអ្នកប្រើប្រាស់ Galaxy Note 20 Ultra មួយចំនួន បានរាយការណ៍ថា ពួកគេបានជួបប្រទះនឹងបញ្ហាចេញពន្លឺពណ៌បៃតងលើអេក្រង់ ដូចអ្នកប្រើប្រាស់ Galaxy S20 Series មួយចំនួន កាលពីដើមឆ្នាំកន្លងទៅដែរ។ មិនខុសទេ សម្រាប់ Galaxy Note 20 Ultra ដែលឃើញមានបញ្ហាលើកនេះ គឺត្រូវបានគេដឹងថា ជាម៉ូឌែលដែលមានប្រើប្រាស់ឈីប Snapdragon មិនមែនម៉ូឌែលប្រើឈីប Exynos ដូចកាលពី Galaxy S20 Series កន្លងមកនោះទេ ហើយសម្រាប់ពេលវេលា ដែលបញ្ហានេះបានបង្ហាញចេញមក គឺមិនខុសពីមុនឡើយ ពោលគឺនៅពេលដែលអ្នកប្រើប្រាស់ បើកពន្លឺទាបហ្នឹងឯង។ ពិតណាស់ លើកនេះគេឃើញថា សូម្បីតែថេប្លេតម៉ូឌែល Galaxy Tab S7 ធម្មតា ក៏កើតមានបញ្ហានេះដែរ ទាំងដែលយើងដឹងហើយថា ម៉ូឌែលមួយនេះ មិនមានប្រើប្រាស់អេក្រង់ Super AMOLED ដូចនៅលើ Galaxy Tab S7+ ឡើយ ដូច្នេះហើយ ទើបធ្វើឲ្យគេសន្និដ្ឋានជាថ្មីថា បញ្ហាខាងលើនេះ ទំនងមិនពាក់ព័ន្ធនឹង Drivers របស់អេក្រង់ Super AMOLED ដូចការសង្ស័យកន្លងមកនោះទេ។

យ៉ាងណាក៏ដោយ ក៏សូមបញ្ជាក់ជាថ្មីថា មុនបញ្ហាចេញពន្លឺបៃតង ដែលគេឃើញមាននៅលើ Galaxy Note 20 Ultra, Galaxy Tab S7 និង Galaxy Tab S7+ នៅក្នុងពេលថ្មីៗនេះ គឺគេធ្លាប់បានជួបប្រទះបញ្ហាដដែលមួយនេះ លើទូរសព្ទឆ្លាតមួយចំនួនរបស់ Samsung រួចហើយ ប៉ុន្តែវាត្រូវបានជួសជុលឡើងវិញ តាមរយៈកំណែអាប់ដេត ដែលក្រុមហ៊ុនបានផ្តល់ឲ្យ។ មិនត្រឹមយែប៉ុណ្ណោះទេ ការចេញពន្លឺពណ៌បៃតងលើអេក្រង់ ពេលអ្នកប្រើប្រាស់បើកពន្លឺទាបនេះ ក៏ធ្លាប់ឃើញកើតមានលើទូរសព្ទឆ្លាតកំពូលៗ របស់ក្រុមហ៊ុនមួយចំនួនទៀតដែរ ជាក់ស្ដែងដូចជា iPhone 11, Google Pixel 4, OnePlus 8 Pro ក៏ដូចជា OnePlus Nord ជាដើម ហើយបញ្ហាលើម៉ូឌែលទាំងនេះ សុទ្ធតែត្រូវបានគេជួសជុលវិញ តាមរយៈកំណែអាប់ដេតទាំងអស់។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង