ហ្គេមអ៊ូខុងខ្នាតធំត្រូវបានប្រកាសជាផ្លូវការ និងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ក្រោយពីបានបង្ហោះវីដេអូ Gameplay អំពីហ្គេមខ្នាតធំស៊េរីថ្មី ដែលមានឈ្មោះហៅថា Black Myth: WuKong និងកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Heishenhua ឬ Game Science បានធ្វើឲ្យសុបិន្តរបស់អ្នកគាំទ្រស្ដេចស្វាស៊ុនអ៊ូខុង ជិតក្លាយជាការពិតមែនទែនហើយ។ ពួកគេបានធ្វើការដាក់បង្ហាញជូននូវ ការបញ្ជាលេងហ្គេមថ្មីមួយនេះ នៅក្នុងរយៈពេលប្រមាណ 13 នាទីប៉ុណ្ណោះ ប៉ុន្ដែក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីអ្នកគាំទ្រជុំវិញពិភពលោកទៅហើយ និងស្ទើរតែរង់ចាំមិនបានឡើយ ដើម្បីសម្រេចដាក់ឲ្យជាវលេង ក្នុងពេលខាងមុខនេះ។

គួរបញ្ជាក់មុនផងថា ហេតុដោយសារតែ Heishenhua ជាក្រុមហ៊ុនបង្កើតហ្គេមទើបលេចមុខថ្មីប៉ុណ្ណោះ ដូច្នេះហើយពួកគេនឹងត្រូវការជំនួយពី ក្រុមហ៊ុនបង្កើតហ្គេមធំៗដទៃទៀត ចូលមកធ្វើការវិនិយោគជាមួយ ដើម្បីធ្វើឲ្យឆាប់ទទួលបានជោគជ័យ ហើយអាចបញ្ចេញជាសាធារណៈតែម្ដង។ ស្របនឹងពេលនេះផងដែរ យើងក៏ទទួលបានដំណឹងមកថា វីដេអូបង្ហាញពីការបញ្ជាលេងរយៈពេល 13 នាទីនេះ គឺត្រូវបានបង្កើតឡើងមក ដោយចំណាយពេលខ្ទង់ 2 ឆ្នាំកន្លងមកនេះ ហើយពួកគេក៏មានគំនិតក្នុងចិត្ត ចង់បង្កើតវាឡើងអស់ជាយូរឆ្នាំមកហើយដែរ ដោយវាកំពុងស្ថិតក្នុងដំណាក់កាល Alpha នោះទេ។ ពួកគេប្រើប្រាស់បច្ចេកវិទ្យា Unreal Engine 4 ដើម្បីអភិវឌ្ឍន៍ហ្គេមស៊ុនអ៊ូខុងមួយនេះឡើងមក ហើយបានសម្រេចនូវទីតាំងមួយចំនួន ក៏ដូចជាការបញ្ចេញយុទ្ធសិល្ប៍, ក្បាច់នៃការវាយលើសត្រូវ និងផ្លាស់ប្ដូររូបរាង ជាដើម។ អញ្ចឹង ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចទស្សនាវីដេអូដាក់បង្ហាញ Gameplay របស់ហ្គេមអ៊ូខុង Black Myth: WuKong នៅខាងក្រោមនេះបាន។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបង្កើតហ្គេម Heishenhua ឬ Game Science មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ ដែលពួកគេនឹងដាក់បញ្ចេញឲ្យ ធ្វើការជាវលេងជាផ្លូវការនៅឡើយទេ ដោយហ្គេមខ្នាតធំថ្មីមួយនេះ នៅត្រូវការពេលអភិវឌ្ឍន៍បន្ថែមទៀត ឬ ត្រូវការផលិតកម្មធំជាងនេះ ថែមទៀតផង។ ចុះអ្នកទាំងអស់គ្នាវិញនោះ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ ក្រោយពីបានទស្សនាវីដេអូខាងលើនេះហើយ?

ដោយ​ ៖ IGN
អត្ថបទទាក់ទង