ឡានប្រណាំងអគ្គិសនីខ្នាតតូចស៊េរីថ្មីរបស់ Xiaomi ជាមួយ Lamborghini Edition ចេញផ្លូវការ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីយប់មិញនេះ ក្រុមហ៊ុនចិន Xiaomi បានធ្វើការប្រកាសចេញនូវ ផលិតផលជាច្រើនរបស់ខ្លួន ក្នុងនោះក៏មានឡានប្រណាំងអគ្គិសនីខ្នាតតូចស៊េរីថ្មីៗផងដែរ ដោយវាឈ្មោះជាផ្លូវការថា Ninebot Gokart Pro Lamborghini Edition។ ជាក់ស្ដែងជំនាន់ថ្មីៗនេះ មិនសូវមានរូបរាងប្លែកខ្លាំងពីជំនាន់មុន ក៏ពិតមែន ប៉ុន្ដែវាមានបន្ថែមនូវលក្ខណៈសម្បត្តិ គ្រាន់បើជាងមុន ដូចជាអាចបើកបរបានលឿនជាងមុន ជាដើម។

ជាការពិតណាស់ សម្រាប់ឡានប្រណាំងអគ្គិសនីខ្នាតតូច Ninebot GoKart Pro Lamborghini Edition ថ្មីនេះ វាអាចបើកបរបានល្បឿនលឿនបំផុតដល់ 40 km/h (24.85 mph) ខណៈពេលដែល Ninebot Number 9 GoKart Pro ជំនាន់មុន អាចបើកបរបានក្នុងល្បឿនត្រឹម 37 km/h ប៉ុណ្ណោះ។ សម្រាប់ រចនាបថរូបរាងរបស់វា ត្រូវបានរំលេចដោយសម្បុរពណ៌លឿងលាយខ្មៅ និងអមដោយឡូហ្គោ Lamborghini នៅពីមុខ ក៏ដូចជានៅលើកង់ យ៉ាងស្រស់ស្អាត។ លើសពីនេះទៅទៀត ចំពោះកម្លាំងម៉ាស៊ីន វាត្រូវបានបំពាក់មកជាមួយថាមពលថ្មទំហំដល់ 432Wh ដែល Xiaomi បានធ្វើការអះអាងថា នៅសាកបញ្ចូលថ្មពេញ វាអាចបើកប្រណាំងលើផ្លូវចម្ងាយ 600 ម៉ែត្រ ក្នុងល្បឿន 40 គីឡូម៉ែត្រក្នុងមួយម៉ោង បានដល់ 62 ជុំឯណោះ។ កាន់តែពិសេសជាងនេះទៅទៀត ឡានប្រណាំងអគ្គិសនីខ្នាតតូច Ninebot GoKart Pro Lamborghini Edition មួយនេះ អាចទ្រទ្រង់បានទម្ងន់ដល់ 100kg ដែលអាចជិះបានទាំងមនុស្សធំទៀតផង។

យ៉ាងណា សម្រាប់ពេលនេះ Xiaomi មិនទាន់បានធ្វើការបញ្ជាក់ប្រាប់ពីតម្លៃរបស់វានៅឡើយទេ។ ប៉ុន្តែមានប្រភពមួយបានបង្ហើបប្រាប់ថា Ninebot GoKart Pro Lamborghini Edition ថ្មីនេះ អាចមានតម្លៃក្នុងទីផ្សារចិនខ្ទង់ ៥ លាន ៧៦ ម៉ឺនរៀល ឬ ស្មើនឹង 1,440 ដុល្លារ ហើយវានឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 16 ខែសីហា ខាងមុខនេះហើយ។

ដោយ​ ៖ NoteBookCheck
អត្ថបទទាក់ទង